FN ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកឡើងថា ស.ស.យ.ក. គឺជាវេទិកាទូលំទូលាយ និងជាអង្គការយុវជនដ៏ធំមួយដែលអនុញ្ញាតឱ្យគ្រប់កោសិកានៃសង្គមកម្ពុជា អាចចូលរួមដោយមិនប្រកាន់និន្នាការក្នុងកិច្ចការងារស្ម័គ្រចិត្ត ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមសម្រាប់កម្ពុជា។
ក្នុងឱកាសអញ្ជើញបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ ស.ស.យ.ក នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ស.ស.យ.ក ក៏បានផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយក្នុងការកសាងសមត្ថភាព តាមរយៈការចូលរួមធ្វើការងារជាក្រុមទាំងក្នុងវិស័យ នយោបាយ វប្បធម៌ មនុស្សធម៌ ដោយបានផ្សាភ្ជាប់កាន់តែជិតស្និទ្ធ ជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។
លោក ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តក្នុងការបន្តស្មារតី ឆន្ទៈ និងសកម្មភាពដ៏ថ្លៃថ្លានេះ ដែលជាមូលដ្ឋានប្រកបដោយឥទ្ធិពលជាវិជ្ជមាន ក្នុងការអប់រំផ្នត់គំនិត និងឥរិយាបទរបស់យុវជន ដើម្បីឲ្យក្លាយជាប្រជាពលរដ្ឋល្អក្នុងសង្គម និងមានសមត្ថភាពស័ក្តិសមជាធនធានបន្តវេនយ៉ាងសំខាន់ សម្រាប់ជាតិទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ក្រោមបាវចនា «ខែ្មរតែមួយ អនាគតតែមួយ» និង «ខ្មែរធ្វើបាន»។
ក្នុងឱកាសនោះ លោកក៏បានរំលឹកដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃដែលរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានចាប់ផ្ដើមបង្កើតឡើង ហើយពេលនោះយុវជនយើងជំនាន់មុនដែលជាថ្នាក់ដឹកនាំនាពេលបច្ចុប្បន្ននេះ បានជម្នះរាល់ឧបសគ្គដើម្បីរៀបចំនូវមហាសន្និបាតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដោយជោគជ័យ និងបានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការរៀបចំរចនាសម្ព័ន្ធអង្គការចាត់តាំង ដើម្បីដឹកនាំអនុវត្តឈានទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងដឹកនាំស្តារ កសាង និងអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យរហូតសព្វថ្ងៃ។
លោកបន្ដថា ស្មារតីអមតៈ ២ធ្នូ គឺជាស្មារតីនៃការលះបង់ប្រយោជន៍ផ្ទាល់ខ្លួន មករួបរួមគ្នា ដើម្បីសម្រេចនូវបុព្វហេតុរួម ជូនមាតុភូមិ និងប្រជាជន។ គំរូពលិកម្មដ៏ឧត្តុងឧត្តមទាំងនេះ គឺជាមរតកមិនអាចកាត់ថ្លៃ សម្រាប់យុវជនជំនាន់បច្ចុប្បន្នក្នុងនាមជាយុវជនបន្តវេន ដូច្នេះយើងត្រូវបន្តថែរក្សានូវសមិទ្ធផលដែលយុវជនជំនាន់មុនសម្រេចបាន ហើយបង្កើនសមិទ្ធផល និងស្នាដៃវិជ្ជមានថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាបម្រើប្រជាជន ថែរក្សាសុខសន្តិភាព និងចូលរួមចំណែកទាំងអស់គ្នាបន្តដឹកនាំនាវាកម្ពុជាទៅកាន់វឌ្ឍនភាព និងសុភមង្គលជានិច្ចនិរន្តរ៍។
បន្ថែមពីនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំឲ្យបន្តយកចិត្តទុកដាក់លើទិសដៅលើការងារសំខាន់ៗ ជាអាទិភាពមួយចំនួន រួមមានជាអាទិ៍៖ ការពង្រឹង និងពង្រីកខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែទូលំទូលាយ, ការកសាងចលនាយុវជន ឲ្យចូលរួមអភិវឌ្ឍសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថានរស់នៅល្អប្រសើរ ប្រកបដោយគុណធម៌ សីលធម៌ មនសិការស្នេហាជាតិ ស្មារតីទទួលខុសត្រូវ និងសុខភាពកាយសម្បទារឹងមាំ, ការបន្តការពារ និងថែរក្សាកេរតំណែលរបស់រៀមច្បងជំនាន់មុន ដែលជាថ្នាក់ដឹកនាំបច្ចុប្បន្ន ទាំងការរំដោះប្រជាជនចេញពីរបបកាប់សម្លាប់ប៉ុល ពត និងការបញ្ចប់សង្រ្គាមជាង៥០០ឆ្នាំ ដោយបានកសាងសន្តិភាពតាមរយៈការនាំមកនូវឯកភាពជាតិ និងឯកភាពទឹកដីពេញលេញ, ការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងកម្រិតជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងការលើកកម្ពស់កិត្តិយស កិត្យានុភាពជាតិលើឆាកអន្តរជាតិ។ល។
ជាមួយគ្នានេះ សូមបន្តជំរុញស្មារតីសេ្នហាជាតិមាតុភូមិរបស់យុវជន ឲ្យមានភាពប្រាកដនិយម មានទឹកចិត្តទូលំទូលាយ ស្វាហាប់ ហ្មត់ចត់ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំដោយប្រកាន់យកអភិក្រម «ការសិក្សាពេញមួយជីវិត» ដើម្បីអាចបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងចូលរួមបំផុសទឹកចិត្តស្មារតីដល់យុវជនដទៃទៀត ក៏ដូចជាសាធារណជន ឱ្យស្រលាញ់ជាតិមាតុភូមិ វប្បធម៌សន្តិភាព ការផ្សព្វផ្សាយអំពីអត្តសញ្ញាណជាតិ គុណតម្លៃជាតិ ការលើកស្ទួយសម្រស់កម្ពុជា និងកិត្យានុភាពជាតិ។ លើសពីនេះ ក៏សូមបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងល្អជាមួយអង្គការយុវជន និងយុវជនបណ្តាប្រទេសនានាលើសកលលោកផងដែរ ដើម្បីលើកកម្ពស់សន្តិភាព និងវិបុលភាពសាកល៕