FN ៖ ជាមួយការបើកទំព័រឆ្នាំថ្មី ២០២៣ នាព្រឹកថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសាកសួរសុខទុក្ខកុមារី និងយុវតី ដែលរងគ្រោះដោយការរំលោភបំពាន និងជួញដូរផ្លូវភេទ នៅអង្គការអាហ្វេស៊ីបកម្ពុជា ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រៅតែពីសាកសួរសុខទុក្ខសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមួយខ្នង កម្ពស់៣ជាន់ ស្មើនឹង៤០បន្ទប់ ដែលជាជំនួយរបស់សម្តេចទាំងទ្វេនៅក្នុងអង្គការនេះផងដែរ។
ខាងក្រោ មជាខ្លឹមសារនៃប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរីករាយដែលបានអញ្ជើញមកជួបជាមួយកុមារី និងយុវតី ប្រកបដោយក្តីក្តុកក្តួល ចំពោះបញ្ហាដែលពួកគេជួបប្រទះ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានមោទនភាពចំពោះការជួយជ្រោមជ្រែង ដើម្បីជាប្រយោជន៍សម្រាប់កុមារី និងយុវតីរងគ្រោះនៅអង្គការអាហ្វេស៊ីប។
- សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បុរសៗទាំងឡាយ បញ្ឈប់ធ្វើសកម្មភាពមិនមែនជាសីលធម៌របស់មនុស្ស។
- សម្តេចតេជោ ហ៊ុន សែន រំពឹងថា អង្គការអាហ្វេស៊ីប នឹងមិនទទួលបានកុមារី និងយុវតី ដែលរងគ្រោះដោយការរំលោភបំពាន ឬជួញដូរផ្លូវភេទកាន់តែច្រើននោះទេ។
- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការសាងសង់អគារកន្លែងស្នាក់នៅ នៅអង្គការអាហ្វេស៊ីបឡើង មិនមែនដើម្បីទទួលកុមារី និងយុវតីរងគ្រោះកាន់តែច្រើននោះទេ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យរួមគ្នាប្រយុទ្ធប្រឆាំងការរំលោភបំពាន និងការជួញដូរផ្លូវភេទសម្រាប់ក្មេងស្រី។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានផ្តល់ការឧបត្ថម្ភនៅអង្គការអាហ្វេស៊ីប។ សម្តេចតេជោ បានចាត់ទុកការឧបត្ថម្ភនេះ គឺជាការឧបត្ថម្ភចំកន្លែងដែលគួរឧបត្ថម្ភ។
- សម្តេចតេជោ ហ៊ុន សែន បានបង្ហាញមោទនភាព និងក្តីរីករាយ ដែលកុមារី និងក្មេងស្រីរងគ្រោះនៅអង្គការអាហ្វេស៊ីក្រោកឈរជម្នះបញ្ហារបស់ខ្លួន ទទួលការអប់រំបានខ្ពស់។
- សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យផ្តល់អាទិភាពអាហារូបករណ៍សម្រាប់ក្មេងស្រីនៅអង្គការអាហ្វេស៊ីប។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញគោលការណ៍ឱ្យកុមារីនៅអង្គការអាហ្វេស៊ីប ត្រូវតែបានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សា។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសធានាដល់ការសិក្សារបស់ក្មេងស្រីរងគ្រោះនៅអង្គការអាហ្វេស៊ីប។
- សម្តេចតេជោ ហ៊ុន សែន មានមោទនភាពចំពោះកុមារីរងគ្រោះនៅអាហ្វេស៊ីប ដែលបានប្រលងជាប់ចូលក្របខណ្ឌនគរបាល និងយោធា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានសង្គមណាដែលស្ពង់ខ្ពើមចំពោះក្មេងស្រីរងគ្រោះការរំលោភបំបៀននោះទេ គឺមានតែការលើកទឹកចិត្ត និងក្តីអាណិតអាសូរ។
- សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើនការឧបត្ថម្ភថវិកាដល់អង្គការអាហ្វេស៊ីបពី ១០លានរៀល ទៅ ២០លានរៀល (សម្រាប់ការហូបចុក)។ ការដំឡើងនេះចាប់ផ្តើមពីខែមករា ឆ្នាំ២០២៣តទៅ និងបន្តផ្តល់ប្រាក់១០ម៉ឺនរៀលដល់ក្មេងស្រីនៅអង្គការអាហ្វេស៊ីប។
- សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចឧបត្ថម្ភដល់អង្គការអាហ្វេស៊ីប ចំនួន៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដើម្បីដោះស្រាយបញ្ហាផ្សេងៗក្នុងអង្គការ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឧបត្ថម្ភនេះ នឹងធ្វើឡើងក្នុងរយៈពេលវែង។ ប៉ុន្តែការធ្វើនេះមិនមែនដើម្បីគាំទ្រ ឱ្យមានការរំលោភបំពានលើក្មេងស្រីនោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន រំពឹងថា ការសម្រេចឧបត្ថម្ភនាពេលនេះ នឹងធ្វើឱ្យការទ្រទ្រងដំណើរការអង្គការ និងការហូបចុកនៅអង្គការអាហ្វេស៊ីប បានល្អប្រសើរ។
- សម្តេចតេជោ ហ៊ុន សែន ទទួលសំណើរ កុំឱ្យនាំយកុមារីរងគ្រោះដោយការរំលោភបំពានអាយុក្រោម៥ឆ្នាំឡើងតុលាការ។ សំណើនេះ ធ្វើឡើងតាមការស្នើរបស់លោកស្រី ម៉ម សុម៉ាលី នាយកអង្គការអាហ្វេស៊ីប។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជានាំគ្នាឆ្លងឆ្នាំ ដោយក្តីរីករាយ និងគ្មានការភ័យខ្លាច។ សម្តេចតេជោ បានថ្លែងថា នេះហើយជាសមិទ្ធផលសន្តិភាព ដែលរកមកបានដោយលំបាក។