FN ៖ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ក្នុងរយៈពេល៧ខែ ចាប់ពីខែមេសា ដល់ ខែតុលា ឆ្នាំ២០២២ កម្ពុជាបានប្រមូលចំណូលពន្ធ លើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ពីក្រុមហ៊ុនអន្តរជាតិ បានចំនួនជាង៣០លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ។
សេចក្តីប្រកាសព័ត៌មាន នៃកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា និងសម្រាប់រយៈពេល១០ខែ ឆ្នាំ២០២២ បានបញ្ជាក់ថា «ក្នុងខែតុលា ឆ្នាំ២០២២ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ប្រមូលបានចំនួន ២២.២២ ប៊ីលានរៀល (ប្រមាណ ៥.៤៩លានដុល្លារ) និងសម្រាប់ខែមេសា-តុលា ឆ្នាំ២០២២ រយៈពេល១០ខែ ឆ្នាំ២០២២ សរុបចំនួន ១២៩.៨០ ប៊ីលានរៀល (ប្រមាណ ៣២.០៥លានដុល្លារ)»។
សូមជម្រាបថា បន្ទាប់ពីត្រូវបានពន្យារពេលជាបន្តបន្ទាប់ ការអនុវត្តអាករលើតម្លៃបន្ថែម (VAT) ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) បានចាប់ផ្តើមអនុវត្តជាផ្លូវការ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ និងមានក្រុមហ៊ុនអនិវាសនជនធំៗចំនួន៤១ បានមកចុះបញ្ជីអាករលើតម្លៃបន្ថែម ហើយបានប្រកាសបង់ពន្ធ ដែលទទួលបានលទ្ធផលប្រមូលចំណូលពន្ធជាវិជ្ជមាន គួរឱ្យកត់សម្គាល់។ ក្រុមហ៊ុនធំៗទាំងនោះមានដូចជា Facebook, Google, Netflix, Microsoft, Tik Tok ជាដើម។
ការអនុវត្តអាករលើតម្លៃបន្ថែម (VAT) ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មិនមែនជាការបង្កើតពន្ធថ្មីនោះទេ។
អាករលើតម្លៃបន្ថែម (VAT) គឺជាពន្ធត្រូវបានប្រមូលលើផលិតផល ឬសេវាគ្រប់ភេទរួចហើយ ក្នុងច្បាប់សារពើពន្ធ ប៉ុន្តែកន្លងទៅការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកអត់ទាន់មានច្បាប់ តែនៅឆ្នាំ២០១៩ ច្បាប់ ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកច ត្រូវបានអនុម័ត ដូច្នេះតាមរយៈច្បាប់នេះ មានការកំណត់និយមន័យ ពីសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ទើបធ្វើការសម្រួលពន្ធ VAT ដែលយើងបានអនុវត្តរួចនោះ លើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនេះដែរ ទើបមានការយល់ច្រឡំថា រាជរដ្ឋាភិបាលបង្កើតពន្ធថ្មី ប៉ុន្តែមិនមែនទេ គឺជាពន្ធដែលយើងមានស្រាប់។
អនុក្រឹត្យ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ មានវិសាលភាពគ្របដណ្តប់ ក្រុមហ៊ុនបរទេស ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍ (ទីតាំងស្នាក់ការ) នៅក្នុងប្រទេសកម្ពុជា។ ឧទាហរណ៍ដូចជាក្រុមហ៊ុនណាមួយ ដែលមិនមានទីតាំងក្រុមហ៊ុនរបស់ខ្លួននៅកម្ពុជា ប៉ុន្តែក្រុមហ៊ុននោះមានអតិថិជនរបស់ខ្លួននៅកម្ពុជា ដូច្នេះអនុក្រឹត្យថ្មីនេះ មានវិសាលភាពគ្របដណ្តប់ ទៅលើយក្រុមហ៊ុនប្រភេទនេះ។ នៅពេលអតិថិជនក្នុងស្រុកទិញសេវា ឬផលិតឌីជីថល ពីក្រុមហ៊ុនដែលមិនមានទីតាំងក្នុងស្រុកខ្មែរ ក្រុមហ៊ុននោះត្រូវកាត់ទុក VAT ចំនួន១០%៕
Share this post