FN ៖ គិតត្រឹមរយៈពេល ១០ខែដើមឆ្នាំ២០២២នេះ ជំងឺគ្រុនចាញ់មានចំនួន ៣,៣៣២ករណី បានធ្លាក់ចុះបើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ មានចំនួន ៣,៥១០ករណី។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ (ម.គ.ច)។
លោកវេជ្ជបណ្ឌិតបានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងសិក្ខាសាលាពិនិត្យបញ្ចប់ និងផ្សព្វផ្សាយការអនុវត្តយុទ្ធសាស្រ្តអភិកក្រមការងារលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០២១-២០២៥ ក្រោមអធិបតីភាពលោកសាស្ដ្រាចារ្យ ហុក គឹមចេង អគ្គនាយកបច្ចេកទេស ក្រសួងសុខាភិបាល នាសណ្ឋាគារភ្នំពេញថា ជំងឺគ្រុនចាញ់គ្រប់ទម្រង់ក្នុងអំឡុងទស្សនវត្សរ៍មុនឆ្នាំ២០១១ (មុនមានផែនការយុទ្ធសាស្រ្តជាតិ) គឺប្រចាំឆ្នាំមានចំនួនចន្លោះពី ៥៨,៧០០-១៧០,៣៨៧ករណីឈឺ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បន្ដថា «ប៉ុន្តែបន្ទាប់ពីប្រត្តិបត្តិតាមផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១-២០២៥មក គឺជំងឺគ្រុនចាញ់គ្រប់ទម្រង់ក្នុងអំឡុងទស្សវត្សរ៍ក្រោយឆ្នាំ២០១១ ត្រូវបានកាត់បន្ថយប្រចាំឆ្នាំពី ៦៥,១១៤ករណី មកនៅតែ ៤,២៧៩ករណី ក្នុងឆ្នាំ២០២១ និងមកនៅត្រឹម ៣,៣៣២ករណី ក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២២»។
ដូច្នេះសម្រាប់សិក្ខាសាលានាថ្ងៃនេះ គឺដើម្បីពិនិត្យ ពិគ្រោះយោបល់ និងប្រមូលយកនូវអនុសាសន៍ ពីសំណាក់អ្នកជំនាញ និងសុំមតិគាំទ្រ ពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងសុខាភិបាល លើរបាយការណ៍ការវាយតម្លៃពាក់កណ្តាលអណត្តិ លើការអនុវត្តអភិក្រមការងារលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០២១-២០២៥ និងធ្វើការផ្សព្វផ្សាយជាផ្លូវការ នូវរបាយការណ៍ការវាយតម្លៃពាក់កណ្តាលអណត្តិនេះ ដើម្បីធ្វើជាឯកសារមូលដ្ឋាន ក្នុងការរៀបចំធ្វើគំរោងស្នើសុំបន្ត ពីមូលនិធិសកល (RAI4E)។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានគូសបញ្ជាក់ថា អភិក្រមសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០២១-២០២៥ ដែលក្រសួងសុខាភិបាល បានអនុម័តឱ្យប្រើប្រាស់ចាប់ពីឆ្នាំ២០២១ ត្រូវបានយកមកអនុវត្តអស់រយៈពេល ២ឆ្នាំហើយ ដែលកំឡុងពេលនៃការអនុវត្តនេះ មជ្ឈមណ្ឌលជាតិ ក្រសួង-មន្ទីរពាក់ព័ន្ធ ដៃគូវិនិយោគ ដៃគូអនុវត្តន៍ ជាតិនិងអន្តរជាតិ និងមន្ត្រីពាក់ព័ន្ធគ្រប់ថ្នាក់ រហូតដល់ថ្នាក់មូលដ្ឋាន បានសម្រេចបាននូវលទ្ធផលជាផ្លែផ្កាជាច្រើន គួរឲ្យកោតសរសើរ ពិសេសការធានាបាននូវការបញ្ឈប់ការសាយភាញភាពស៊ាំថ្នាំគ្រុនចាញ់ ប្រភេទថ្នាំអាតេស៊ុយណាតម៉េហ្លូគីន (ASMQ) ដែលបានកំពុងដំណើរការប្រើប្រាស់តាំងពីឆ្នាំ២០១៥ រហូតមកដល់សព្វថ្ងៃនេះគឺកំពុងមានប្រសិទ្ធភាព១០០% និងធានាបាននូវការបញ្ឈប់លែងឲ្យមានអ្នកស្លាប់ដោយជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨ ដែលជាសមិទ្ធិផលគោលដៅគន្លឹះ បានសម្រេចជោគជ័យ២ឆ្នាំមុនគោលដៅកំនត់ឆ្នាំ២០២០។
លោកវេជ្ជបណ្ឌិតបន្ដថា «ទន្ទឹមគ្នានៃលទ្ធផលទាំងនេះ យើងក៏បានជួបនូវឧបសគ្គ និងបញ្ហាប្រឈមមួយចំនួនដែរ ដែលទាមទារឲ្យយើងទាំងអស់គ្នា ពិនិត្យ វាយតម្លៃ និងរុករកវិធីសាស្រ្តដោះស្រាយរួមគ្នា ដើម្បីពន្លឿននិងសម្រេចឲ្យបាននូវការលុបបំបាត់ជំងឺគ្រុនចាញ់នាឆ្នាំ២០២៥ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា»។
ហេតុនេះចាប់តាំងតែពីដើមខែកញ្ញាឆ្នាំ២០២២កន្លងមកថ្មីៗនេះ មជ្ឈមណ្ឌលជាតិ ក្រសួង-មន្ទីរពាក់ព័ន្ធ ដៃគូវិនិយោគ ដៃគូអនុវត្តន៍ជាតិនិងអន្តរជាតិ បានជួបជុំគ្នាធ្វើការពិភាក្សា ពិគ្រោះយោបល់ និងចែករំលែកនូវបទពិសោធន៍នៃការងារ ដែលបានអនុវត្តកន្លងមករបស់ខ្លួន ជាច្រើនលើកច្រើនសារ ក្នុងគោលបំណង ពិនិត្យ កែសម្រួល និងរុករកដំណោះស្រាយ លើការអនុវត្តអភិក្រមាកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០២១-២០២៥ នាពេលកន្លងមក ថាតើត្រូវធ្វើយ៉ាងណា ទើបអាចធានាសម្រេចឲ្យបាននូវការលុបបំបាត់ជំងឺគ្រុនចាញ់ នាឆ្នាំ២០២៥ ខាងមុខនេះ។
ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យ ហុក គឹមចេងបានថ្លែងថា «ខ្ញុំស្នើសុំឲ្យដៃគូវិនិយោគទាំងអស់ ចូលរួមសហការ និងប្រតិបត្តគោលការណ៍មានភាពបត់បែនតាមស្ថានភាព ដើម្បីធានាធ្វើយ៉ាងណារួមគ្នាសម្រេចឲ្យបាននូវយុទ្ធសាស្រ្តលុបបំបាត់ជំងឺគ្រុនចាញ់ ពិសេសផ្តើមចេញពីក្នុងស្រុកប្រតិបត្តិនិមួយៗរបស់ខ្លួន (Local Transmission) លើគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូមនៅឆ្នាំ២០២៣ និងគ្រប់ទម្រង់ទាំងអស់នៅឆ្នាំ២០២៥»។
លោកសាស្ដ្រាចារ្យក៏បានស្នើសុំឲ្យសមាជិក សមាជិការនៃអង្គសិក្ខាសាលា ក៏ដូចជា អ្នករៀបចំផែនសកម្មភាពជាតិ អ្នកជំនាញការ អ្នកអនុវត្ត ដៃគូវិនិយោគ និងដៃគូសម្របសម្រួលនានា ដែលសុទ្ធតែមានបទពិសោធន៍អនុវត្តការងារលុបបំបាត់ជំងឺគ្រុនចាញ់នេះ សូមចូលរួមផ្តល់មតិយោបល់ ជជែកពិភាក្សាគ្នាឲ្យបានផុលផុស ដើម្បីឲ្យលទ្ធផលនៃសិក្ខាសាលានេះ ប្រកបទៅដោយផ្លែផ្កាតាមការរំពឹងទុក ហើយមានតម្លៃគ្រប់ជ្រុងជ្រោយដែលអាចយកទៅអនុវត្តបាននៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងមានលក្ខណៈផ្លូវការ៕
Share this post