FN ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ បានលើកឡើងថា ការអភិវឌ្ឍប្រទេសមួយប្រកបដោយភាពរឹងមាំ ត្រូវការជាចាំបាច់នូវការចូលរួមយ៉ាងសកម្ម និងរស់រវើកពីវិស័យឯកជន ហើយការគាំទ្រ និងលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច-វិនិយោគ គឺវិស័យឯកជននៅកម្ពុជា អាចអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស និងបានដើរតួនាទីជាឆ្អឹងខ្នង នៃខឿនសេដ្ឋកិច្ចជាតិ។
ក្នុងឱកាសអញ្ជើញសម្ពោធជាផ្លូវការរោងចក្រផលិតស្រាបៀអ៊ិនធើ-ម៉ាទ្រីដ បេវើរិច (ខេមបូឌា) នៅក្នុងភូមិស្តៅកន្លែង ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល លោក ហ៊ុន ម៉ាណែត បានអះអាងថា វិស័យឯកជនអាចចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងដោយប្រយោល តាមរយៈបង្កើនចំណូលពន្ធ និងការបង្កើនការវិនិយោគ ដែលអាចបង្កើតការងារជាបន្តបន្ទាប់ និងពង្រឹងភាពប្រកួតប្រជែង ព្រមទាំងលើកកម្ពស់ពិពិធកម្មសេដ្ឋកិច្ចជាតិ។
បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត, វិស័យឯកជន ក៏មានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមដោះស្រាយបញ្ហា សង្គមផ្សេងៗ ដូចដែលយើងទាំងអស់គ្នាបានឃើញកន្លងមករួចមកហើយ តួយ៉ាងដូចជាការចូលរួមក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាដើម។
ជាមួយគ្នានេះ លោកក៏បានសម្តែងនូវការអបអរសាទរចំពោះព្រឹត្តិការណ៍ដ៏វិសេសវិសាលរបស់ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរិច (ខេមបូឌា) ដែលជាការចូលរួមចំណែកជំរុញពិពិធកម្ម និងពង្រឹងផលិតកម្មក្នុងស្រុក ដោយអាចបង្កើតការងារបានរហូតដល់ទៅ៥៥០កន្លែងនៅក្នុងរោងចក្រផ្ទាល់ ក៏ដូចជាការចូលរួមចំណែកបង្កើនចំណូលពន្ធរបស់រដ្ឋ និងលើកស្ទួយវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងវិស័យពាក់ព័ន្ធផ្សេងទៀតនៅកម្ពុជា។
លោកអះអាងថា ព្រឹត្តិការណ៍នេះបានបង្ហាញឲ្យឃើញអំពីសក្តានុពលនៃវិស័យវិនិយោគនៅកម្ពុជា ហើយក៏ជាការគាំទ្រដល់ការបោះជំហានទៅមុខ នៃចក្ខុវិស័យក្នុងការជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពី «ឧស្សាហកម្មអតិពលកម្ម» ឈានទៅជា «ឧស្សាហកម្មផ្អែកលើជំនាញ និងបច្ចេកវិទ្យា» ដូចមានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានរំលឹកថា នៅមុនវិបត្តិកូវីដ-១៩ ក្នុងរវាង២០ឆ្នាំ ចន្លោះឆ្នាំ១៩៩៨-២០១៨ កម្ពុជាជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត ដោយរក្សាបានចីរភាព នៃកំណើនជាមធ្យម ៨%។ ដោយឡែកនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានទទួលរងនូវផលប៉ះពាល់គួរឲ្យកត់សម្គាល់ ដែលបញ្ហានេះបានបង្អាក់ដំណើរនៃការបោះជំហានឆ្ពោះទៅមុខ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរមកលើវិស័យសុខភាពសាធារណៈ។
ទោះជាយ៉ាងនេះក៏ដោយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយស្មារតីបុរេសកម្មរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាប្រមុខ រួមជាមួយនឹងការចូលរួមគាំទ្រពីសំណាក់មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជា, ធុរជន-វិនិយោគិន, អង្គការជាតិ និងអន្តរជាតិ, ដៃគូអភិវឌ្ឍន៍ ព្រមទាំងបណ្តាប្រទេសជាមិត្ត កម្ពុជាអាចគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព ទាំងលើការលើការព្យាបាល និងការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស និងបានឈានដល់ការស្តារស្ថានភាពសង្គម-សេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សផងដែរ។
ជាក់ស្តែង ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជា មានការធ្លាក់ចុះក្នុងអត្រា -៣,១% នៅក្នុងឆ្នាំ២០២០ ក៏ដោយ, ប៉ុន្តែបានងើបឡើងវិញក្នុងអត្រា ៣% នៅក្នុងឆ្នាំ២០២១ និងត្រូវបានព្យាករថានឹងបន្តកើនឡើងក្នុងអត្រាប្រមាណខ្ពស់ជាង ៥% នៅក្នុងឆ្នាំ ២០២២។ ចំណែកឯការគ្រប់គ្រងជំងឺកូវីដ-១៩ កម្ពុជាបន្តឈរលើចំណាត់ថ្នាក់ពិភពលោកលំដាប់ទី១ ក្នុងនាមជាប្រទេសដែលជោគជ័យលើការគ្រប់គ្រងការឆ្លង, ការចាក់វ៉ាក់សាំង និងការបើកដំណើរការឡើងវិញផ្នែកសង្គម-សេដ្ឋកិច្ច។
លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា ឆ្លងតាមបទពិសោធន៍ដែលជួបប្រទះនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រែក្លាយវិបត្តិឱ្យទៅជាឱកាស តាមរយៈការរៀបចំដាក់ចេញនូវយុទ្ធសាស្ត្រ និងគោលនយោបាយជាបន្តបន្ទាប់ សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែខ្លាំងជាងមុន ព្រមទាំងពង្រឹងភាពធន់ទៅនឹងវិបត្តិផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត។
ជាក់ស្តែង, រាជរដ្ឋាភិបាលបានសម្រេចដាក់ឲ្យអនុវត្តនូវ «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» ដោយឈរលើសសរស្តម្ភចំនួន៣ ដែលរួមមាន៖ ១៖ ការស្តារកំណើនសេដ្ឋកិច្ច ឡើងវិញ, ២៖ ការកែទម្រង់ ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើន, ពិពិធកម្ម និងភាពប្រកួតប្រជែង និង៣៖ ការពង្រឹងភាពធនប្រកបដោយចីរភាព និងបរិយាបន្ន៕