FN ៖ ក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា ដៃម្ខាងទប់ស្កាត់ការឆ្លងរីករាលដាល និងដៃម្ខាងប្រឹងតោងប្រជាពលរដ្ឋមិនឲ្យធ្លាក់ខ្លួន ប៉ះពាល់ជីវភាពធ្ងន់ធ្ងរ រហូតអត់អាហារ ដើម្បីទទួលទានប្រចាំថ្ងៃនោះឡើយ។
ការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា លើជីវភាពរបស់នៅប្រចាំថ្ងៃ សម្រាប់អ្នកដែលប៉ះពាល់ធ្ងន់ធ្ងរ ឬយើងអាចនិយាយបានថា សម្រាប់ប្រជាពលរដ្ឋក្រីក្រនោះ គឺរាជរដ្ឋាភិបាលបានផ្ដល់ នូវជំនួយសង្គមជាបន្ដបន្ទាប់ ដែលរួមមានការឧបត្ថម្ភថវិកា ប្រចាំខែជាដើម។
គិតចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចិញ្ចឹមប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងជួបផលប៉ះពាល់ដោយសារវិបត្តិជំងឺរីករាលដាលជាសកលនេះ ប្រមាណជាង៧០ម៉ឺនគ្រួសារ ស្មើនឹងមនុស្សជិត២.៨លាននាក់។
លោក ថេង បញ្ញាធន អគ្គនាយកផែនការ នៃក្រសួងផែនការ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពីសមិទ្ធផលរយៈពេល៥ឆ្នាំរបស់ក្រសួងផែនការ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានថ្លែងបែបនេះថា «ចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជានេះ គឺមកទល់ពេលនេះគ្រួសារក្រីក្ររង្វង់ ៧០ម៉ឺនគ្រួសារ ដែលបានទទួលការឧបត្ថម្ភនេះ បើយើងគិតជាប្រជាជនប្រហែល២.៨លាននាក់»។
មន្ដ្រីជាន់ខ្ពស់រូបនេះ បានអះអាងទៀតថា ឆ្លងកាត់តាមការសម្ភាសផ្ទាល់ជាមួយប្រជាពលរដ្ឋ ពួកគាត់ពិតជាមានការរំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះគិតគូរពីសំណាក់រាជរដ្ឋាភិបាល ដោយពួកគាត់មិននឹកស្មានថា នៅពេលដែលរងគ្រោះដោយសារជំងឺកូវីដ១៩ រាជរដ្ឋាភិបាលមិនត្រឹមតែទប់ស្កាត់ និងសម្រួលដល់ផលប៉ះពាល់សេដ្ឋកិច្ចជាតិនោះទេ ពោលមានចំណែកថវិកា ជួយសម្រួលជីវភាពរបស់ពួកគាត់ថែមទៀតផង។
បើតាមលោក ថេង បញ្ញាធន កាលពីថ្ងៃទី២៧ ខែកក្កដាកន្លងទៅនេះ ក្រោមការសម្របសម្រួលរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម សហការជាមួយ UNDP បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់លើកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងបានមើលឃើញជាក់ស្ដែងថា ពិតជាបានជួយដល់ប្រជាពលរដ្ឋប្រាកដមែន ហើយក៏បានប្រកាសផ្សព្វផ្សាយជាសាធារណៈជុំវិញការវាយតម្លៃនេះផងដែរ។
សូមជម្រាបថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានដាក់ឲ្យដំណើរការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
កម្មវិធីនេះ មានគោលបំណងផ្តល់ការគាំទ្រ និងសម្រួលជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានបណ្ណសមធម៌ប្រមាណជាង ៦៨ម៉ឺនគ្រួសារ ដោយបានអនុវត្តបានរយៈពេលចំនួន ២៥ខែកន្លងមក និងចំណាយថវិកាសរុបប្រមាណ ៧៤៤ លានដុល្លារ ដោយទទួលបានការសាទរពីអ្នកទទួលផល, ដៃគូអភិវឌ្ឍន៍, អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋទូទៅ។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នឹងត្រូវអនុវត្តត្រឹមខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ប៉ុន្តែរាជរដ្ឋាភិបាលនឹងពិនិត្យមើលលទ្ធភាព ក្នុងការបន្តកម្មវិធីនេះរហូតដល់ដាច់ឆ្នាំ២០២២ ដោយសារតែបញ្ហារីករាលដាលនៃជំងឺកូវីដ១៩ នៅតែបន្តដែលបាននឹងកំពុងជះឥទ្ធិពលទៅលើសង្គម និងសេដ្ឋកិច្ច។ បន្ថែមពីលើនេះ កម្ពុជាក៏រងនូវសម្ពាធសេដ្ឋកិច្ចពីសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ដែលបង្កផលប៉ះពាល់ដល់ការរស់នៅ របស់ពលរដ្ឋនៅកម្ពុជាផងដែរ៕