FN ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា «ឯករាជ្យភាពរបស់ប្រទេសជាតិមួយ គឺត្រូវពឹងលើសមត្ថភាពរបស់ប្រជាជាតិនោះជាកត្តាចាំបាច់»។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា ក្នុងរយៈកាលជាង៤០ឆ្នាំមកនេះ បានសម្រេចស្នាដៃ និងសមិទ្ធផលយ៉ាងធំធេងនៅក្នុងការបណ្តុះបណ្តាលកសាងធនធានមនុស្ស បម្រើឱ្យសេចក្តីត្រូវការរបស់សង្គមជាតិទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។
លោកបន្តថា «ពិតណាស់ មានកត្តា២យ៉ាងសំខាន់ៗ ដែលនាំឱ្យសម្រេចបានជោគជ័យនេះ ហើយតទៅអនាគតទៀត។ កត្តាទាំង២នេះ ក៏នឹងបន្តឋិតនៅដោយឥតប្រួលប្រែ៖ ទី១៖ រាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ និងត្រឹមត្រូវ ដោយបានចាត់វិស័យអប់រំជាវិស័យអាទិភាពខ្ពស់ជាងគេ ហើយបានចាត់តាំងអនុវត្តគោលនយោបាយនេះប្រកបដោយប្រសិទ្ធភាព និងទី២៖ ការគាំទ្រជឿជាក់ និងការចូលរួមចំណែកពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក៏ដូចជាការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងវិស័យឯកជន និងសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេស ដែលបានរួបរួមគ្នាសាមគ្គីគ្នាជាធ្លុងមួយក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងសមិទ្ធផលនានា ដែលបម្រើឱ្យសេចក្តីត្រូវការក្នុងកិច្ចការបណ្តុះបណ្តាលធនធានមនុស្ស»។
ការថ្លែងបែបនេះរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា អគាររដ្ឋបាល និងពិធីប្រគេន-ប្រគល់សញ្ញាបត្របរិញ្ញាបត្រ នៃពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ខេត្តកំពង់ចាម នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២។
នៅក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមសម្តែងនូវមោទនភាពចំពោះការរីកចម្រើនជាលំដាប់របស់ពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានចាប់ផ្តើមបើកដំណើរការនៅក្នុងឆ្នាំ២០០៨ ដើម្បីបណ្តុះបណ្តាលធនធានសមណនិស្សិត និងនិស្សិត ទាំងកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ដោយមកទល់ពេលនេះ មានការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការក្នុងការបណ្តុះបណ្តាល សមណនិស្សិត និងនិសិ្សត ដែលបន្តកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីស្ថិតក្នុងបរិការណ៍នៃបញ្ហាប្រឈមបង្កឡើងដោយជំងឺកូវីដ-១៩ ក៏ដោយ។
ជាមួយគ្នានេះ លោកក៏សូមចូលរួមអបអរសាទរចំពោះសមនិស្សិត និងនិស្សិតជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងរៀនសូត្រ រហូតបានបញ្ចប់ការសិក្សាដោយជោគជ័យ និងដែលត្រូវទទួលសញ្ញាបត្រ នាពេលនេះ ព្រមជាមួយនឹងក្តីសង្ឃឹមយ៉ាងមុតមាំថា ជ័យលាភីទាំងអស់នឹងប្រើប្រាស់ចំណេះដឹង និងចំណេះធ្វើដែលទទួលបានពីការសិក្សាសម្រាប់ចូលរួមកសាង និងអភិវឌ្ឍប្រទេសយើងឱ្យបានកាន់តែរីកចម្រើន រុងរឿងទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ ស័ក្តិសមជាសាវ័កល្អរបស់ព្រះពុទ្ធ និងជាពលរដ្ឋល្អរបស់សង្គមជាតិ។
លោកបានបន្តថា «ការបំពេញឱ្យគ្នាទៅវិញទៅមករវាងខាងអាណាចក្រ និងខាងពុទ្ធចក្រ គឺជាកត្តាមិនអាចខ្វះបាន ដោយប្រៀបបានទៅនឹងមនុស្សដែលមានតែជីវិត និងកាយសម្បទា គឺមិនទាន់គ្រប់គ្រាន់ពេញលក្ខណៈនៅឡើយទេ ហើយជាការចាំបាច់ណាស់ដែលត្រូវបំពេញដោយចំណេះវិជ្ជា និងកត្តាគុណធម៌ សីលធម៌បន្ថែមទៀត។ ក្នុងន័យនេះ សាសនាក៏បានចូលរួមចំណែកយ៉ាងសកម្មផុសផុលនៅក្នុងការអប់រំបណ្តុះគំនិត និងការសាបព្រួសចំណេះដឹង ព្រមទាំងការអប់រំកាយ វាចា ចិត្ត ដើម្បីលើកកម្ពស់គុណធម៌ និងសីលធម៌សង្គម ដែលជាផ្នែកមួយដ៏សារៈសំខាន់សម្រាប់ភាពសុខដុមរមនារបស់សង្គមជាតិកម្ពុជា»។
សច្ចភាពប្រវត្តិសាស្ត្ររបស់កម្ពុជាក្រោយឆ្នាំ១៩៧៩ ដែលបង្ហាញចេញតាមរយៈការរស់រានឡើងវិញលើគ្រប់វិស័យ ដោយជាក់ស្តែង គឺនៅក្នុងវិស័យពុទ្ធិកសិក្សានេះផ្ទាល់ ដែលត្រូវបានធ្លាក់ចុះដល់ចំណុចសូន្យ ហើយរហូតមកទល់ ពេលនេះ មានសាលាពុទ្ធិកសិក្សាសរុបនៅទូទាំងប្រទេសប្រមាណជិត១.៥០០សាលា គឺពិតជាបានផ្តល់នូវយុត្តិធម៌សម្រាប់គណបក្សប្រជាជនកម្ពុជានៅក្នុងគ្រប់ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ដោយគណបក្សប្រជាជន តែងបានទទួលនូវជ័យជម្នះដោយមានការគាំទ្រពីប្រជាពលរដ្ឋភាគច្រើនបំផុត ដែលនៅតែស្រឡាញ់ ជឿជាក់ និងផ្តល់ទំនុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយទស្សនវិស័យរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហ៊ុន ម៉ាណែត៕