FN៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសទទួលស្គាល់យុវជន ជាសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានស្វាគមន៍ និងអបអរសាទរចំពោះការចូលរួមរបស់យុវជន យុវនារី ជាសមាជិកថ្មីនៅក្នុងមហាគ្រួសារដ៏កក់ក្តៅ នៃគណបក្សប្រជាជនកម្ពុជា។ លោកថា នៅក្នុងសង្គមប្រជាធិបតេយ្យកម្ពុជា យើងមានគណបក្សនយោបាយច្រើន ដោយក្នុងនេះមហាគ្រួសារគណបក្សប្រជាជនកម្ពុជា គឺជាគ្រួសារធំជាងគេ ដែលមានសមាជិកជាយុវជនជាង ៣លាននាក់នៅទូទាំងប្រទេស។
លោកបានបន្ដថា សំខាន់ជាងនេះ គឺយើងជាគ្រួសារ ដែលមានគុណបំណាច់ និងស្នាដៃយ៉ាងធំធេងនៅក្នុងការបម្រើ និងការពារជាតិ និងប្រជាជន ដោយស្មោះត្រង់ និងដោយគ្មានការបែងចែករើសអើង។ ជាក់ស្តែង ថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រួសារមួយនេះ បានចូលរួមនៅក្នុងបុព្វហេតុជាតិជាច្រើនទៅតាមដំណាក់កាលផ្សេងៗនៃប្រវត្តិសាស្ត្រ ជាអាទិ៍ ការរំដោះប្រជាពលរដ្ឋចេញពីរបបប៉ុលពត, ការសម្រេចបាននូវសុខសន្តិភាពពេញលេញជូនជាតិតាមរយៈនយោបាយឈ្នះឈ្នះ ហើយក្នុងរយៈពេលជាង ០២ឆ្នាំចុងក្រោយនេះ គឺអាយុជីវិតប្រជាជនខ្មែររាប់លាននាក់ ត្រូវបានសង្គ្រោះ និងការពារឱ្យរួចផុតពីជ្រោះមរណៈនៃជំងឺកូវីដ-១៩។
បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត បានប្រាប់ឲ្យសមាជិក សមាជិកាបក្សទាំងអស់ មានមោទនភាពចំពោះមហាគ្រួសារមួយនេះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងសូមបន្តចូលរួមជួយសង្គម ជួយសហគមន៍ ជួយគ្រួសារ ទោះជាក្នុងលក្ខណៈបុគ្គលក្តី ឬជាក្រុមក្តី ជាពិសេស សមាជិក សមាជិកាបក្សទាំងអស់ ក៏ត្រូវដើរតួនាទីផងដែរនៅក្នុងការជំរុញផ្សព្វផ្សាយសមិទ្ធផលរបស់បក្ស និងការពារកិត្តិយស និងសច្ចភាពរបស់បក្ស។
ក្នុងរយៈពេលជាង៤០ឆ្នាំ កន្លងមកនេះ នៅក្រោមការខិតខំប្រឹងប្រែង និងបូជាលះបង់របស់មន្ត្រីបក្សជាច្រើនជំនាន់ គឺគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យ និងសមិទ្ធផលយ៉ាងធំធេងលើការដឹកនាំនាវាកម្ពុជាមកដល់ចំណុចនេះ។ តទៅមុខទៀត គណបក្សមួយនេះ នឹងកាន់តែរឹមាំ និងមានសមាជិកកាន់តែច្រើនបន្ថែមទៀត ដែលទាំងនេះគឺជាកម្លាំងចិត្តដ៏មានថាមពលសម្រាប់ការបន្តបំពេញតួនាទី និងភារកិច្ចរបស់យើង។
លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការចាត់តាំងបក្សគ្រប់ជាន់ថ្នាក់នៅក្នុងមូលដ្ឋានស្រុកជើងព្រៃ ដែលបានខិតខំប្រឹងប្រែងរួមគ្នាបម្រើប្រជាពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ ស្របតាមគោលការណ៍របស់គណបក្សថ្នាក់លើ។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សកាន់អំណាច ដែលសំដៅដល់ការទទួលនូវអម្រែកភារកិច្ចបម្រើប្រជាពលរដ្ឋ។
ដូច្នេះសូមគណបក្សមូលដ្ឋាន បន្តសហការជាមួយក្រុមការងារគណបក្សគ្រប់យន្តការក្នុងនាមជាកម្លាំងសរុបរបស់បក្ស ខិតខំបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អជាប់ជាប្រចាំ និងអស់លទ្ធភាព ដោយកំណត់អាយុជីវិត និងជីវភាពរបស់ប្រជាជនជាកត្តាអាទិភាពចម្បង, បន្តចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន, បន្តលើកតម្កើងសិទ្ធិសេរីភាពប្រជាជន, និងបន្តថែរក្សាសុខសន្តិភាព និងស្ថិរភាពដើម្បីនិន្តរភាពជាតិ៕