FN៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំ គឺជាតម្រូវការជាមូលដ្ឋានចម្បងបំផុតរបស់ប្រជាពលរដ្ឋទាំងនៅទីក្រុង និងជនបទ ដែលតែងទន្ទឹងចង់ឱ្យកូនៗបានទៅរៀនសូត្រនៅសាលា ហើយទោះបីជាមានកម្រិត ជីវភាពបែបណា ក៏ត្រូវខិតខំតស៊ូដើម្បីឱកាសសិក្សារបស់កូនៗ ខណៈរាជរដ្ឋាភិបាលនៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គ្រប់អាណត្តិតែងបានផ្តល់សារៈសំខាន់ និងអាទិភាពលើវិស័យអប់រំ។
ការថ្លែងបែបនេះរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអគារសិក្សា និងបណ្ណាល័យ នៃគ្រឹះស្ថានសិក្សាចំនួន៣ រួមមាន៖ វិទ្យាល័យជាស៊ីមឈូកវ៉ា ខណ្ឌព្រែកព្នៅ វិទ្យាល័យជាស៊ីមសាមគ្គី ខណ្ឌទួលគោក និងសាលាបឋមសិក្សាក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ។
នាឱកាសនោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានពាំនាំនូវការផ្តាំផ្ញើការអបអរសាទរពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលជាច្រើនក្នុងថ្ងៃនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងពីរសម្រាប់ក្មួយៗសិស្សានុសិស្សនៅក្នុងរាជធានីភ្នំពេញ និងសូមគោរពថ្លែងអំណរគុណចំពោះសម្តេចទាំងពីរ ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់គិតគូរអំពីការអភិវឌ្ឍវិស័យអប់រំ និងការបណ្តុះធនធានមនុស្ស។
លោកបណ្ឌិត បានបន្តថា ក្នុងក្របខ័ណ្ឌទូទាំងប្រទេស អគារសិក្សាដែលជាអំណោយរបស់សម្តេចទាំងពីរមានប្រមាណជិត ៥,០០០ខ្នង ហើយក្នុងនាមនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ក៏តែងបានផ្តល់អាទិភាពលើកត្តាមនុស្ស ដោយបានណែនាំឱ្យមានការយកចិត្តទុកដាក់លើការពង្រឹងប្រព័ន្ធអប់រំនៅគ្រប់ទីកន្លែងទាំងអស់ទាំងទីក្រុង និងជនបទ ជាពិសេសតំបន់ដាច់ស្រយាល និងតំបន់ជាប់ព្រំដែន។
បន្ថែមពីនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការសម្ពោធ គឺជានិមិត្តរូបនៃការអបអរសាទរ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺជាផលជាក់ស្តែងនៃការប្រើប្រាស់សមិទ្ធផលទាំងនេះ ដើម្បីបម្រើដល់វិស័យអប់រំ ដែលជាវិស័យអាទិភាពសំខាន់ រួមចំណែកក្នុងធានានិរន្តភាពនៃការអភិវឌ្ឍ និងឯករាជ្យម្ចាស់ការរបស់ប្រទេសយើង ដែលកំពុងបន្តវិវឌ្ឍរីកចម្រើនទៅមុខទាំងផ្នែកសង្គម-សេដ្ឋកិច្ច ជាពិសេសភាពជឿនលឿននៃបច្ចេកវិទ្យា។ ឯករាជ្យម្ចាស់ការក្នុងន័យនេះ សំដៅដល់សមត្ថភាពរបស់កូនខ្មែរក្នុងការដឹកនាំគ្រប់គ្រង លើគ្រប់វិស័យទាំងអស់ទាំងផ្នែករដ្ឋ និងឯកជន ព្រោះចំណេះវិជ្ជា ជាសិទ្ធិអំណាច ជាឥទ្ធិពល និងជាលទ្ធភាពនៃជម្រើសក្នុងការគ្រប់គ្រងដំណើរជីវិតរបស់យើង។
ទន្ទឹមគ្នានេះ ការទទួលបានឱកាសនៃការអប់រំស្មើគ្នាសម្រាប់បុរស-ស្ត្រី ក៏បាននាំមកនូវសង្គមមួយដែលមានសមភាព ការប្រកួតប្រជែង និងភាពច្នៃប្រឌិតខ្ពស់ ដែលជាចលករនៃការអភិវឌ្ឍរីកចម្រើនជឿនលឿន ដូចដែលកើតមានឡើងក្នុងពេលបច្ចុប្បន្ន។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «ការអប់រំ គឺជាតម្រូវការជាមូលដ្ឋានចម្បងបំផុតរបស់ប្រជាពលរដ្ឋទាំងនៅទីក្រុង និងជនបទ ដែលតែងទន្ទឹងចង់ឱ្យកូនៗ បានទៅរៀនសូត្រនៅសាលា ហើយទោះបីជាមានកម្រិតជីវភាពបែបណា ក៏ត្រូវខិតខំតស៊ូដើម្បីឱកាសសិក្សារបស់កូនៗ។ រាជរដ្ឋាភិបាលនៅក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គ្រប់អាណត្តិកន្លងមក តែងបានផ្តល់សារៈសំខាន់ និងអាទិភាពលើវិស័យអប់រំ ដោយអនុវត្តសម្រេចបានសមិទ្ធផលជាច្រើន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនេះ គឺមិនមែនមានតែនៅក្នុងអត្ថបទគោលនយោបាយនោះទេ»។
បន្ថែមពីនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មកដល់ពេលនេះ វិស័យអប់រំមានការរីកចម្រើនទាំងផ្អែកទាំងផ្នែកបរិមាណ និងគុណភាព ដោយមានសាលាគ្រប់ភូមិសិក្សានៅទូទាំងប្រទេស លោកគ្រូ-អ្នកគ្រូក៏ច្រើន និងសិស្សក៏ច្រើន ព្រមទាំងមានកម្មវិធីសិក្សា, ហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍សម្ភារល្អទំនើប។
«ពិតណាស់ ការពង្រឹងសាលារៀនទាំងផ្នែកទន់ និងផ្នែករឹង គឺជាកិច្ចការសំខាន់មួយនៅក្នុងការងារកែទម្រង់វិស័យអប់រំ ប៉ុន្តែអ្វីដែលសំខាន់ផងដែរនោះ គឺការយកចិត្តទុកដាក់លើការពង្រឹងឆន្ទៈ គុណធម៌ សីលធម៌ ស្មារតីគោរពច្បាប់ ព្រមទាំងការយល់ដឹងអំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជាតិ ឱ្យដល់ក្មួយៗសិស្សានុសិស្ស ដើម្បីឱ្យពួកគេក្លាយជាមិត្តល្អ កូនល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ ជាពិសេសក្នុងបរិការណ៍នៃការរីកចម្រើនជឿនលឿនផ្នែកបច្ចេកវិទ្យា ដូចពេលបច្ចុប្បន្ន ដែលទន្ទឹមនឹងការផ្តល់នូវចំណុចវិជ្ជមានជាច្រើន ប៉ុន្តែក៏បាននាំមកនូវចំណុចអវិជ្ជមានមួយចំនួនផងដែរ ដូចជា បញ្ហាព័ត៌មានមិនពិត និងអំពើល្មើសផ្សេងៗក្នុងបណ្តាញអ៉ីនធើណេតជាដើម»។ នេះជាគូសបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានឱ្យដឹងថា ជាទិសដៅទៅមុខ រាជរដ្ឋាភិបាលនឹងបន្តការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យអប់រំតាមគ្រប់លទ្ធភាព និងក៏បានបើកចំហរឱ្យមានការចូលរួមរបស់វិស័យឯកជនផងដែរសំដៅបង្កើនការប្រកួតប្រជែងនៅក្នុងវិស័យនេះ ក្នុងគោលបំណង ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី មានចំណេះដឹង និងផលិតភាពខ្ពស់ សម្រាប់ទីផ្សារការងារដ៏សម្បូរបែប ស្របពេលដែលកម្ពុជាកំពុងខិតខំពង្រឹង និងពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន ឈានឆ្ពោះទៅរកសេដ្ឋកិច្ចបែបឧស្សាហកម្ម និងបច្ចេកវិទ្យា ដែលមានតម្រូវការខ្ពស់នូវធនធានមនុស្សជំនាញបច្ចេកទេស៕