FN៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយ រចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តសៀមរាប។ ក្នុងនោះ ក៏មានការចូលរួមពី លោក ទៀ សីហា ប្រធានគណបក្សខេត្តសៀមរាប និងជាប្រធានគណៈចលនាមហាជនខេត្តសៀមរាប រួមជាមួយសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប។
តាមរបាយការណ៍ លោក ទៀ សីហា បានលើកឡើងពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មាធិការកណ្ដាលគណបក្សខេត្តសៀមរាប គ្រប់ជាន់ថ្នាក់ដែលបានអនុវត្តការងារកន្លងមក ស្របតាមទិសដៅការងាររបស់គណបក្សប្រជាជនកម្ពុជា ដែលសកម្មភាពទាំងអស់នេះបានបង្ហាញពីទំនួលខុសត្រូវខ្ពស់របស់មន្ត្រីថ្នាក់មូលដ្ឋានទាំងអស់ចំពោះការគិតគូរ យកចិត្តទុកដាក់ និងនៅជាប់ជាមួយប្រជាពលរដ្ឋពេលដែលប្រជាពលរដ្ឋមានតម្រូវការណាមួយ។
ផ្សាភ្ជាប់ជាមួយគ្នានេះ លោកបានថ្លែងថា ការបំពេញការងារ និងកិច្ចសហការល្អជាមួយអាជ្ញាធរពាក់ព័ន្ធ ដោយផ្អែកលើការរួមកម្លាំងគ្នាជំនះគ្រប់ឧបសគ្គ និងអនុវត្តការងារតាមជំហានគឺជាការសម្រេចបានភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា។ សកម្មភាពទាំងអស់បានស្ដែងឲ្យឃើញពីសមត្ថភាពរបស់មន្ត្រីថ្នាក់មូលដ្ឋាន ដែលធ្វើឲ្យប្រជាពលរដ្ឋទាំងអស់មានជំនឿទុកចិត្តលើថ្នាក់ដឹកនាំ និងមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា។
ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោក ហ៊ុន ម៉ានី បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធទៅនឹងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ និងការគាំពារផ្នែកសុខមាលភាពរបស់ប្រជាជន។
លោកបានបន្ថែមថា កម្ពុជាបានចំណាយធនធានសន្សំរបស់ជាតិយ៉ាងច្រើន ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ក្នុងនោះកម្ពុជា នៅតែបន្តបញ្ជាទិញវ៉ាក់សាំង បើទោះបីជាយើងមិនទាន់ចាក់អស់ ក៏កម្ពុជាមិនអាចប្រថុយឲ្យគ្មានវ៉ាក់សាំងរក្សាទុកបានទេ ជាងនេះទៅទៀតកម្ពុជា បានយកចិត្តទុកដាក់លើសម្ភារៈបរិក្ខារសុខាភិបាល ការព្យាបាលដោយឥតគិតថ្លៃ។
អ្វីដែលគួរឲ្យកត់សម្គាល់បន្ថែមទៀតនោះគឺ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តបើកប្រាក់បៀរវត្សជូនមន្ត្រីរាជការជាបន្តបន្ទាប់។ ទាំងនេះជាសមត្ថភាព និងភាពបត់បែននៃការដឹកនាំដើម្បីប្រជាជនកម្ពុជា។
គួរបញ្ជាក់ដែរថាថ្មីៗនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ នៃគណបក្សខេត្តសៀមរាប បានធ្វើការកែសម្រួលរៀបចំរចនាសម្ព័ន្ធក្នុងគណបក្សខេត្ត ដែលក្នុងនោះរួមមាន៖ គណៈចលនាមហាជនខេត្ត គណៈចលនាយុវជន ក្រុមចលនាស្រ្តី គណៈចលនាសហជីព គណៈចលនាអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍។ ក្រៅពីរចនាសម្ព័ន្ធរបស់គណបក្សខេត្តដែលមានស្រាប់ ខេត្តសៀមរាបបានបង្កើតបន្ថែមនូវគណៈចលនាសាសនិកឥស្លាមផងដែរ៕