ថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារស្នាក់ការគណៈកម្មាធិការគណបក្សសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ និងអមដំណើរដោយឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកាក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលជាច្រើនរូបផងដែរ។
នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទ ចំពោះសមិទ្ធផលអគាររឹងមាំនេះ ដែលត្រូវបានកសាងនៅលើទីតាំងដែលធ្លាប់ជាតំបន់ប្រយុទ្ធគ្នា ហើយបានបន្តអភិវឌ្ឍរីកចម្រើនជាលំដាប់ ដោយមានការចូលរួមចំណែករបស់សមាជិក សមាជិកាក្រោមស្មារតីសាមគ្គីភាពជាធ្លុងមួយ ហើយនេះក៏ជានិមិត្តរូបមួយ នៃដំណើរការសា្តរប្រទេសឡើងវិញដោយគណបក្សប្រជាជនកម្ពុជា ដែលកាលដើមទ្បើយនៅក្រោយថ្ងៃជ័យជម្នះលើរបប ប៉ុល ពត គឺបានចាប់ផ្តើមកសាងប្រទេសពីបាតដៃទទេ រហូតមានការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងរយៈកាលដឹកនាំប្រទេសជាង ៤០ ឆ្នាំមកនេះ ហើយក៏នៅតែបន្តខិតខំអភិវឌ្ឍជាមួយនឹងការបោះជំហានទៅមុខឥតឈប់ឈរ ដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដើម្បីវឌ្ឍនភាពកាន់តែប្រសើរទ្បើងថែមទៀត។
ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជាមានស្នាដៃ និងបទពិសោធន៍ដ៏លើសលប់ ក្នុងការដឹកនាំប្រទេស ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ធានាបាននូវសន្តិភាព សុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍជូនប្រជាជន និងមាតុភូមិកម្ពុជា ដោយប្រកាន់យកគោលការណ៍គុណធម៌ សច្ចធម៌ និងការសង្គ្រោះជីវិតប្រជាពលរដ្ឋជាកត្តាអាទិភាពចម្បង និងចាំបាច់បំផុត។ សក្ខីភាពនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈជោគជ័យ នៃយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយសម្តេចតេជោ ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស បានសម្រេចស្រោចស្រពវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីធ្វើជាខែល និងជាអាវក្រោះដ៏រឹងមាំ សម្រាប់ការពារអាយុជីវិតពីជំងឺដ៏កាចសាហាវនេះ។ គួរឈ្វេងយល់ផងដែរថា ប្រសិនបើ សម្តេចតេជោ មិនបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ប្រកបដោយការទទួលខុសត្រូវ តាមរយៈការវាយតម្លៃលើស្ថានការណ៍ និងពិចារណាវិនិច្ឆ័យក្នុងការអារកាត់បានរហ័សទាន់ពេលវេលាទេនោះ គឺវិនាសកម្មនឹងមានសភាពធំធេង និងច្រើនលើសលប់ពីអ្វីដែលបានកើតទ្បើង។ អ្វីដែលគួរឱ្យកត់សម្គាល់ផងដែរនោះ គឺខណៈពេលដែលគណបក្សប្រជាជនកម្ពុជា កំពុងតែមមាញឹកក្នុងការសង្រ្គោះជីវិតប្រជាពលរដ្ឋពីមាត់មច្ចុរាជកូវីដ-១៩ ផ្ទុយទៅវិញគណបក្សមួយចំនួនទៀត បានយកឱកាសធ្វើការឃោសនាអុចអាល ព្យាយាមរកលេសក្នុងការចោទរាជរដ្ឋាភិបាលកម្ពុជាតាមគ្រប់រូបភាព ហើយគ្រប់ទង្វើរបស់ពួកគេ គឺគ្មានសកម្មភាពណាមួយ ដែលជួយដល់ប្រជាជន និងប្រទេសជាតិឡើយ ក្រៅតែពីការទទូចសុំឱ្យមានការដាក់ទណ្ឌកម្មមកលើប្រទេសជាតិ ដើម្បីតែនឹងបង្កទុក្ខវេទនា និងការលំបាកដល់ប្រជាជនដោយឥតស្រាកស្រាន្ត។
ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋឱ្យអញ្ជើញចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូន សម្តេចតេជោ ប្រមុខដឹកនាំគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ បន្តកិច្ចការបម្រើជាតិ និងប្រជាជន ហើយសូមជឿទុកចិត្ត និងគាំទ្រសមិទ្ធផល និងគោលនយោបាយរបស់គណបក្សក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេស ក្រោមបរិយាកាសប្រកបដោយនិរន្តរ៍ភាព នៃសន្តិភាព ស្ថិរភាព និងកិត្យានុភាពជាតិ ក្នុងនាមជាប្រទេសអធិបតេយ្យសើ្មមុខស្មើមាត់ជាមួយគ្រប់បណ្តាប្រទេសលើឆាកអន្តរជាតិ៕