នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបន្តនាំយកអំណោយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ធជនពិការ ដោយសារសង្គ្រាម និងគ្រួសារអតីតយុទ្ធជនពលី ចំនួន ១២ គ្រួសារ រស់នៅស្រុកសន្ទក ខេត្តកំពង់ធំ ។ ដែលពិធីនេះប្រព្រឹត្តទៅនៅផ្នែកសឹករងសន្ទុក នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង កំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីរួមចំណែកធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពនៅថ្ងៃនេះ និងសូមជូនពរដល់បងប្អូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជនពលីទាំងអស់ សូមមានសុខភាពល្អ កម្លាំងមាំមួន ជៀសផុតពីជំងឺកូវីដ-១៩ នឹងទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់បងប្អូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជនពលីទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ដែលជាដូសជំរុញ ដោយគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រៀបចំចាក់ជូនបងប្អូននៅទីបញ្ជការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសូមសំណូមពរដល់បងប្អូនទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន ឲ្យបានត្រឹមត្រូវ ព្រោះបច្ចុប្បន្ននេះ មេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង កំពុងរាតត្បាតចូលក្នុងសហគមន៍គួរឲ្យព្រួយបារម្ភ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដែលត្រូវឧបត្ថម្ភជូនបងប្អូនអតីតយុទ្ធជនពិការនៅពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លោកជំទាវ ពេជ ចន្ទ មុន្នី ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ៣០ គីឡូក្រាម មីជាតិចំនួនមួយកេស ឃីដចំនួន ១ កញ្ចប់ ដែលក្នុងឃីដនេះមានប៊ីចេង ប្រេងឆា ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅស៊ុបរ៉ូឌី ស្ករស និងទឹកដោះគោខាប់ផងដែរ ។
អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលីទាំង ១២ គ្រួសារ មានចិត្តរំភើបរីករាយ ដែលទទួលបាននូវស្បៀងអាហារនិង គ្រឿងឧបភោគបរិភោគនៅពេលនេះ និងសូមគោរពជូនពរសម្តេចទាំងទ្វេរ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ព្រមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមទទួល បាននូវសេចកីសុខសេចក្តីចម្រើន នឹងពុទ្ធពរទាំងឡាយ ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕