កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម មីការមី ម៉ាសារហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងសំខាន់ ដើម្បីពិភាក្សា អំពីការអញ្ជើញ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ទៅបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសជប៉ុន នាពេលខាងមុខ។
ឯកឧត្តម ឯកអគ្គរាជទូត បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលក្នុងនោះ ទំនាក់ទំនងលើវិស័យការពារជាតិ ក៏បានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏សំខាន់មួយ គឺការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ជប៉ុនមកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩២ ហើយក៏ជាការបញ្ជូនកងស្វ័យការពារជប៉ុនចេញក្រៅប្រទេសជាលើកដំបូងរបស់ជប៉ុនផងដែរ។ ក្នុងន័យនេះ ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទៅកាន់ប្រទេសជប៉ុនក្នុងឆ្នាំ២០២២ គឺចំពេលនៃការប្រារព្ធខួបទី៣០ឆ្នាំ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃប្រតិបត្តិការថែរក្សាសន្តិភាពនេះ។
ឯកឧត្តម ឯកអគ្គរាជទូត ក៏បានសម្តែងនូវការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ជាពិសេសការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ាណែត ជាមេបញ្ជាការ។ លើសពីនេះ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានបង្ហាញនូវការបេ្តជ្ញា បន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ រវាងប្រទេសទាំងពីរ ទោះបីជាមានការរំខានដោយសារកត្តាជំងឺកូវីដ-១៩ យ៉ាងណាក៍ដោយ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានសម្តែងនូវការកោតសរសើរចំពោះ សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តើមគំនិតធ្វើឱ្យមានការកែលម្អស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា និងបានបញ្ជាក់ថា ប្រទេសជប៉ុនប្តេជ្ញាជួយដល់កម្ពុជា ក្នុងការបំពេញភារកិច្ចជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ ឱ្យទទួលបានជោគជ័យ។ ទន្ទឹមនោះ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានអបអរសាទរដែល ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤៣ បោះឆ្នោត ជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។
ជាការឆ្លើយតប ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុនសម្រាប់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អតាំងពីអតីតកាលមក ជាអាទិ៍ការចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងការផ្តល់ជំនួយក្នុងការកសាង និងអភិវឌ្ឍកម្ពុជាក្នុងវិស័យសំខាន់ៗជាច្រើន ក៏ដូចជាជំនួយឧត្ថម្ភនានា ក្នុងពេលចំពោះមុខ សម្រាប់ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញនៅក្រោយទទួលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩។
ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណសម្រាប់ការអញ្ជើញ ឯកឧត្តម ទៅទស្សនកិច្ចនៅប្រទេសជប៉ុន ជាពិសេសស្របពេលនៃការប្រារព្ធខួបទី៣០ នៃប្រតិបត្តិការរក្សាសន្តិភាពជាប្រវត្តិសាស្ត្ររបស់ជប៉ុននៅកម្ពុជា។ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសសកម្មភាពក្នុងក្របខ័ណ្ឌកងទ័ពជើងគោកដែលមានដូចជា៖ ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សជាដើម ហើយសង្ឃឹមថាសកម្មភាពទាំងនេះ នឹងចាប់ផ្តើមមានសន្ទុះឡើងវិញនៅក្រោយស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល៕