FN ៖ ឆ្នាំ២០២១ បានបិទបញ្ចប់ទំព័ររបស់ខ្លួនទៅហើយ តែការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា ដែលជាក្តីស្រេកឃ្លានរបស់ប្រជាពលរដ្ឋនោះ គ្មានពេលបិទបញ្ចប់នោះឡើយ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ស្វាគមន៍ទំព័រថ្មីនៃឆ្នាំ២០២២ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង។
នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថារយៈពេលប្រមាណ១ម៉ោង៤០នាទី ដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖
* សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយចំពោះការជួបជុំរៀបចំប្រារព្ធពិធីសាងសង់សមិទ្ធផលជាតិ ក្រោមម្លប់សុខសន្តិភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវជាតិលេខ៤៨ ត្រូវរង់ចាំពេលសាងសង់យឺតបន្តិច ព្រោះត្រូវស្វះស្វែងរកថវិកា។ តែទោះជាយ៉ាងណា យឺត ក៏នៅប្រសើរជាមិនបានសាងសង់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលខាងមុខខេត្តកោះកុង នឹងមានតំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃ ដោយមិនចាញ់ខេត្តព្រះសីហនុនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អតីតកាលរបស់កម្ពុជា ការតភ្ជាប់រវាងខេត្តព្រះសីហនុ និងកោះកុង គឺត្រូវធ្វើដំណើរតាមកាណូតប្រកបដោយភាពគ្រោះថ្នាក់។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចមានអនុស្សាវរីយ៍មួយជាមួយពលរដ្ឋខេត្តកោះកុង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០០៨ ដែលជាថ្ងៃដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិលេខ៤៨ ដោយប្រជាពលរដ្ឋរូបនោះ បានរត់មកឱបសម្តេច ហើយស្រក់ទឹកភ្នែក ដោយសារតែនឹកឃើញភាពកម្សត់ពេលខេត្តកោះកុងអត់មានផ្លូវកាលពីអតីតកាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញនូវមោទនភាពចំពោះកិច្ចប្រឹងប្រែងរបស់សម្តេច និងសហការី ក្នុងការកសាង និងអភិវឌ្ឍន៍ខេត្តកោះកុងពីស្ថានភាពដ៏លំបាក។ សម្តេចតេជោ បានថ្លែងថា សុខសន្តិភាព គឺជាកត្តាដ៏សំខាន់នាំឱ្យសម្តេចបានកសាង និងអភិវឌ្ឍន៍ខេត្តនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកពីអតីតថា មានសមាជិកបក្សប្រជាជនកម្ពុជា ខ្លះបានណែនាំសម្តេចឱ្យកាត់ផ្តាច់ការធ្វើពាណិជ្ជកម្មរវាងខេត្តកោះកុង និងប្រទេសថៃ។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចបានប្រឆាំងដាច់ខាតចំពោះសំណើនេះ។ សម្តេចតេជោ បានចាត់ទុកនេះ គឺជានយោបាយប្រជាធិបតេយ្យមួយនៅក្នុងបក្សប្រជាជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវការពេលមិនតិចជាង ២០០ម៉ោងនោះទេ ដើម្បីបរិយាលំអិតលើដំណើរជីវិតរបស់សម្តេចក្នុងកិច្ចកសាង និងអភិវឌ្ឍន៍ជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៤៨ ជារបៀមាត់សមុទ្រ ដែលមិនត្រឹមបម្រើនៅក្នុងស្រុកទេ តែក៏បម្រើដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ថៃ និងវៀតណាមផងដែរ ខណៈបច្ចុប្បន្នកំពុងក្លាយជាប៉ូលទេសចរណ៍ដ៏សំខាន់ផងនោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៤៨ ក៏បានតភ្ជាប់យ៉ាងសំខាន់ជាមួយខេត្តបាត់ដំបង ពោធិ៍សាត់ ទៅខាងប៉ៃលិន បន្ទាយមានជ័យ…តាមរយៈផ្លូវជាតិលេខ១០ ដែលកំពុងសាងសង់ដែរនោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំសង្ឃឹមដល់ការរីកចម្រើន បើគ្មានការតភ្ជាប់ផ្ទៃក្នុង និងប្រទេសជិតខាង តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានទេនោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលខ្លះធុញទ្រាន់នឹងនីតិវិធីនៃការស្វែងរកកម្ចីបរទេសមកសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៤ ជាផ្លូវដែលសាងសង់ដោយអាមេរិក ជាហេតុនាំឱ្យពិបាកនឹងរកប្រទេសដទៃមកសាងសង់ផ្លូវមួយខ្សែនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាជំនួយរបស់បរទេសប្រទេសដែលខ្ចីបានរង្វង់២០ភាគរយ ខណៈ៨០ភាគរយ បានវិលចូលទៅប្រទេសផ្តល់កម្ចីវិញ។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចធ្លាប់លើកបញ្ហានេះនៅមុខអង្គការសហប្រជាជាតិថែមទៀតផង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូង ដែលបានផ្តល់ថវិកាសម្រាប់សាងសង់ផ្លូវជាតិលេខ៤៨ ក៏ដូចជាផ្លូវជាតិផ្សេងៗទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានសម្រេចជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេតភ្ជាប់ភ្នំពេញ ទៅកាន់អរិយក្សត្រ។
* សម្តេចតេជោ បានថ្លែងថា ស្ពានមួយខ្សែនេះ នឹងធ្វើឱ្យមានការរីកចម្រើនតំបន់អរិយក្សត្រ និងស្រុកល្វាឯម ដែលជាទីក្រុងរណបមួយរបស់រាជធានីភ្នំពេញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ទំនាក់ទំនងដែលសម្តេចតេជោប្តូរផ្តាច់បង្កើតឡើងនេះ កំពុងហុចផលប្រយោជន៍ជូនកម្ពុជាទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងផ្តល់ការងារជាច្រើនជូនពលរដ្ឋកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើកម្ពុជា មិនបានភ្ជាប់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូងទេ អាចនឹងមានការលំបាកពេលប្រជុំរវាងអាស៊ាន និងកូរ៉េខាងត្បូង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍បុណ្យឆ្លងឆ្នាំសកល គឺជាការសាកល្បងដ៏ធំមួយរបស់កម្ពុជា ចំពោះស្ថានភាពជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការភ្ញាក់ផ្អើលដែលមានកន្លែងសម្រាកលំហែខ្លះនៅកម្ពុជា មានតម្លៃរហូតដល់ ៣ពាន់ដុល្លារមួយយប់ ហើយមានពលរដ្ឋខ្មែរចូលទៅសម្រាក។
* សម្តេចតេជោ បានលើកឡើងថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំនេះ មានប្រជាពលរដ្ឋខ្មែរជាច្រើនកម្សាន្តនៅក្នុងស្រុក ហើយមិនបានចេញទៅក្រៅស្រុក ដែលជាការរួមចំណែកជំរុញសេដ្ឋកិច្ច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរង់ចាំមើលស្ថានភាពជំងឺកូវីដ១៩ ក្រោយបុណ្យឆ្លងឆ្នាំសកល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីស្ថានភាពរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា មានភាពប្រសើរ តែត្រូវបន្តយកចិត្តទុកដាក់ទប់ស្កាត់ការរាតត្បាតជំងឺនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានភាពរីករាយណាស់ នៅពេលបានឃើញប្រជាពលរដ្ឋរាំកម្សាន្តរីករាយក្នុងឱកាសបុណ្យចូលឆ្នាំសកល។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យរួមគ្នាជំរុញការចាក់ដូសជំរុញ ឬដូសទី៣។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចគ្រោងចាក់ដូសទី៤ តែគ្រូពេទ្យមិនទាន់អនុញ្ញាត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាពចំពោះប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមអនុវត្តន៍វិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចសប្បាយចិត្តបំផុត ដែលបេក្ខជនប្រឡងបាក់ឌុបជាង ១១ម៉ឺននាក់ មានអ្នកកើតកូវីដ១៩ តែ៣នាក់។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យពិនិត្យឡើងចំពោះប្រជាពលរដ្ឋជាង ៧ម៉ឺននាក់ ដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំង ព្រោះបញ្ហាសុខភាព។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបង្កើតគ្រុបតេឡេក្រាមផ្នែកចរាចរណ៍ ដើម្បីឱ្យពលរដ្ឋរាយការណ៍រឿងចរាចរណ៍។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចយកឆ្នាំ២០២២ ជាការធ្វើកំណែទម្រង់គ្រប់គ្រងថវិកាសាធារណៈ។ សម្តេចតេជោ បានណែនាំឱ្យក្រសួងស្ថាប័នទាំងអស់ យកចិត្តទុកដាក់លើការគ្រប់គ្រងថវិកា។
* សម្តេចតេជោ ហ៊ុន សែន ភ្ញាក់ផ្អើលចំពោះបំណុលរបស់ស្ថាប័នរដ្ឋចំពោះក្រុមហ៊ុន លី ឈួង។
* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិ ឱ្យបញ្ឈប់គម្រោងនានាជាមួយក្រុមហ៊ុន លី ឈួង ហើយបំណុលដែលមានត្រូវសងក្នុងរយៈពេល២០ឆ្នាំ។
* សម្តេចតេជោ ហ៊ុន សែន ព្រមានដកតំណែងអភិបាលខេត្តរូបណា ដែលបន្តធ្វើគម្រោងនានាជាក្រុមហ៊ុន លី ឈួង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងរបស់រដ្ឋ ដែលភាគច្រើនរបស់ខេត្ត ជាមួយក្រុមហ៊ុនលីឈួង គឺជាទង្វើពុករលួយ។
* សម្តេចតេជោ ហ៊ុន សែន គ្រោងធ្វើសវនកម្មលើគម្រោងនានារបស់ខេត្ត ជាមួយក្រុមហ៊ុនសាងសង់លីឈួង បើរកឃើញមិនប្រក្រតីនៅខេត្តណាមួយ អភិបាលខេត្តអាចអស់តំណែង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណូលសេដ្ឋកិច្ចជាតិនៅចុងឆ្នាំ២០២១ មានស្ថានភាពល្អ។ ចំណូលពន្ធដារលើសផែនការ ១២៤ភាគរយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណូលរដ្ឋឆ្នាំ២០២១ ផ្នែកពន្ធគយ និងរដ្ឋាករ បាន ២,២៩៤លានដុល្លារ និងពន្ធដារ ២,២៤៣លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃស្អែកសម្តេចនឹងមានការជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី មុនពេលសម្តេចអញ្ជើញទៅមីយ៉ាន់ម៉ា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតែការខិតខំ និងការប្រឹងប្រែងទាំងអស់គ្នាប៉ុណ្ណោះ ទើបសម្រេចការកសាងសង្គមកម្ពុជា ហើយមានតែសុខសន្តិភាពប៉ុណ្ណោះ ទើបមានការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា។ គ្មានការអភិវឌ្ឍណាមួយធ្វើឡើងក្រោមភ្លើងសង្គ្រាមនោះឡើយ។