FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញធ្វើជាអធិបតីភាពរួមគ្នាសម្ពោធដាក់ឱ្យប្រើប្រាស់ «វិមានកីឡដ្ឋាន» ដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោ។ វិមានកីឡដ្ឋាន គឺជាសំណង់ប្រវត្តិសាស្ត្រមួយទៀតសម្រាប់កម្ពុជា និងជាប្រវត្តិសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន។
វិមានកីឡដ្ឋាន គឺជាសំណង់ធំជាងគេក្នុងចំណោមសំណង់នានា នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ វិមានកីឡដ្ឋានត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។ វិមានកីឡដ្ឋាន ទទួលបានថវិកាជាជំនួយឥតសំណង់សម្រាប់ការសាងសង់ពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ១៦០លានដុល្លា។
វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបាន រហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។ ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «វិមានកីឡដ្ឋាន»៖
* សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្ដល់ជំនួយឥតសំណងដល់ច្រើន សន្ធឹកសន្ធាប់មកដល់កម្ពុជា
* សម្ដេចតេជោហ៊ុន សែន បានថ្លែងអំណរព្រះគុណដល់ព្រះបរមរតនកោដ្ឋ ដែលបានផ្ដើមកសាងទំនាក់ទំនងជាមួយចិន ហើយបន្សល់ទុកនូវកេរមរតកទំនាក់ទំនង រវាងប្រទេសទាំងពីរ ដល់កូនចៅជំនាន់ក្រោយ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលពហុកីឡាកជាតិមរតកតេជោ ដែលកម្ពុជាទទួលបាន មិនធំធេងដល់ជម្រៅចិត្តរដ្ឋាភិបាល និងប្រជាជនចិនផ្ដល់ជូនកម្ពុជាទេ
* សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថានឹងមិនមានសម្ពាធណាមួយថែមទៀត ដោយសារតែទំនាក់ទំនងស្អិតរមួតរវាងកម្ពុជា-ចិននោះទេ
* សម្ដេចតេជោ ហ៊ុន សែន សម្ដែងនូវការកោតសរសើរ និងអរគុណសម្ដេចពិជ័យសេនា ទៀ បាញ់ និងលោករដ្ឋមន្ត្រី ថោង ខុន ដែលបានខិតខំក្នុងការសាងសង់ពហុកីឡាដ្ឋានមរតកតេជោ
* សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើតាមរយៈលោកអគ្គរដ្ឋទូតចិន ដើម្បីថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន សម្រាប់ទឹកចិត្តដ៏ធំធេងក្នុងការផ្ដល់ជំនួយដល់កម្ពុជា
* ទាក់ទងជាមួយនឹងការកសាងពហុកីឡដ្ឋានជាតិមរតកតេជោ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរមិត្តចិន ដែលតែងគោរពដល់កម្ពុជា ទោះបីខ្លួនជាអ្នកផ្ដល់ជំនួយ និងផ្ដល់លទ្ធភាពកម្ពុជាជាអ្នកជ្រើសរើសម៉ូតពហុកីឡដ្ឋាន
* សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍៥ចណុច ដើម្បីបើកយុទ្ធនាការជាតិផ្សព្វផ្សាយ អំពីព្រឹត្តិការណ៍ប្រកួត SEA Game & Asean PARA Game ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣
* សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យបន្តចាក់វ៉ាក់សាំងដល់ការជាពលរដ្ឋកម្ពុជា ជាពិសេសមនុស្សចាស់ និងកុមារ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ មិនទាន់ចប់ទេប៉ុន្តែយើងមិនអាចបិទដំណើរការរហូតទេ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះស្ថានភាពរីករាលដាលជំងឺកូវីដ១៩ នៅក្នុងតំបន់អាស៊ានមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់
* សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរកុំមានការភ័យស្លន់ស្លោជាមួយនឹងមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើឲ្យចេញជារូបរាងជារឿងលំបាកទៅហើយ ប៉ុន្តែអ្វីដែលលំបាកថែមទៀតទៀត គឺត្រូវធ្វើឱ្យពហុកីឡដ្ឋានជាតិមរតកតេជោ ដំណើរការប្រកបដោយនិរន្តរភាព៕