FN ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសប្រាប់ប្រជាពលរដ្ឋខ្មែរ ឱ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះរាល់ការផ្សព្វផ្សាយជ្រើសរើស និងបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសអូស្ត្រាលី ដោយទីភ្នាក់ងារជ្រើសរើស ឬអង្គភាពណាមួយ។
ក្រសួងអះអាងថា ថ្មីៗនេះ រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសអំពីការបង្កើតទិដ្ឋាការកសិកម្មអូស្ត្រាលី (Australian Agriculture Visa) ដើម្បីឆ្លើយតបទៅនឹងកង្វះខាតកម្លាំងពលកម្មក្នុងវិស័យកសិកម្មនៅប្រទេសអូស្ត្រាលី។ បច្ចុប្បន្ននេះ រដ្ឋាភិបាលអូស្ត្រាលីបាននឹងកំពុង ពិភាក្សាទ្វេភាគីអំពីការផ្តល់ទិដ្ឋាការកសិកម្មអូស្ត្រាលី ជាមួយបណ្តាប្រទេសជាដៃគូនានា រួមទាំងកម្ពុជាផងដែរ។
ក្រសួងការងារបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៧មក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទំនាក់ទំនងជាមួយរដ្ឋាភិបាលអូស្ត្រាលី ទាំងកម្រិតរដ្ឋ និង រដ្ឋាភិបាលសហព័ន្ធ ដោយក្រសួងបានផ្ញើជូនរដ្ឋមន្ត្រីក្រសួងមុខរបរ ក្រសួងកិច្ចការនារី និងជារដ្ឋមន្ត្រីទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើវិស័យសេវាសាធារណៈអូស្ត្រាលី តាមរយៈលិខិតលេខ 029/17M.L.V.T ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ជាពិសេសបានពិភាក្សាការងារនេះជាមួយស្ថានឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងសមាគមកសិកម្ម និងសហគ្រាស ធុនតូចអូស្ត្រាលីជាបន្តបន្ទាប់ផងដែរ។
ក្នុងដំណើរការចរចានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលីផងដែរ។ ដូច្នេះ ក្នុងដំណាក់កាលដែលរដ្ឋាភិបាលអូស្ត្រាលីពុំទាន់សម្រេចថា នឹងផ្តល់ទិដ្ឋាការនេះជូនកម្ពុជានៅឡើយ សូមសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះរាល់ការផ្សព្វផ្សាយអំពីការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសអូស្ត្រាលី ដោយទីភ្នាក់ងារជ្រើសរើស ឬអង្គភាពណាមួយ។
ឆ្លៀតឱកាសនេះ ក្រសួងសូមបញ្ជាក់ថា អនុក្រឹត្យលេខ១៩០ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១១ ស្ដីពីការគ្រប់គ្រងលើការបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេសតាមរយៈទីភ្នាក់ងារជ្រើសរើសឯកជន បានកំណត់ថាពលករសំដៅដល់ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលស្ថិតនៅគ្រប់ដំណាក់កាលទេសន្តរប្រវេសន៍ការងារ ចាប់ពីពេលចុះកិច្ចសន្យាសេវារកការងារឱ្យធ្វើជាមួយទីភ្នាក់ងារជ្រើសរើស រហូតដល់ពេលធ្វើមាតុភូមិនិវត្តន៍។
ទន្ទឹមនឹងនេះ ក៏រាប់បញ្ចូលប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលទៅធ្វើកម្មសិក្សាផង និងធ្វើការងារផងនៅបរទេស ហើយមាន កិច្ចសន្យាត្រឹមត្រូវ ដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាមួយគ្នានេះ អនុក្រឹត្យក៏បានចែងថា «ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាក្រសួងមានសមត្ថកិច្ចក្នុងការគ្រប់គ្រងលើការបញ្ជូនពលករខ្មែរទៅ ធ្វើការនៅបរទេស ដោយធ្វើកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ»។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការចរចាជាមួយរដ្ឋាភិបាលអូស្ត្រាលី ដើម្បីឱ្យមានការទទួលយកពលករទេសន្តរប្រវេសន៍ពីកម្ពុជា ក្រោមទិដ្ឋាការកសិកម្មអូស្ត្រាលី។ ក្រសួងនឹងជម្រាបជូនព័ត៌មានបន្ថែមអំពីលក្ខខណ្ឌ និងនីតិវិធីលម្អិត បន្ទាប់ពីបានពិភាក្សាជាមួយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីរួចរាល់៕