FN ៖ គិតត្រឹមខែកក្កដា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនជប៉ុន ធ្វើការវិនិយោគសរុបចំនួន២១១គម្រោង ក្រោមទុនវិនិយោគសរុប ៣,១៤០លានដុល្លារអាមេរិក។
តួលេខនៃការវិនិយោគនេះ ត្រូវបានបង្ហាញក្នុងសេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៣០ ខែសីហានេះ។
សេចក្តីប្រកាសព័ត៌មានបានដកស្រង់ទិន្នន័យយ៉ាងដូច្នេះថា «គិតត្រឹមខែកក្កដា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនជប៉ុន ធ្វើការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសចំនួន១៤៥គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណ២.៨ប៊ីលានដុល្លារអាមេរិក និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៦៦គម្រោង ដែលមានទុនវិនិយោគសរុប ប្រមាណ៣៤០លានដុល្លារអាមេរិក»។
កិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការចម្រុះ កម្ពុជា-ជប៉ុន តាមប្រព័ន្ធវីដេអូនេះ ដឹកនាំដោយលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កិច្ចប្រជុំនេះក៏មានការចូលរួម ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA), អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO), សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC), និងតំណាងក្រុមហ៊ុនជប៉ុន ដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជា មានចំនួនប្រមាណ១៣០រូប។
កិច្ចប្រជុំទ្វេភាគីនេះ ជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដែលត្រូវបានរៀបចំឡើង ចាប់តាំងពីឆ្នាំ២០០៩មក ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង រវាងកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយសម្តេចតេជោនាយករដ្ឋមន្រ្តី និងលោក ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្រ្តីជប៉ុន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧។
ក្នុងឱកាសកិច្ចប្រជុំលើកទី២២នេះ ភាគីទាំងពីរ បានបន្តពិភាក្សាលើរបៀបវារៈអាទិភាពមួយចំនួន រួមមាន ១៖ ប្រាក់ឈ្នួលគោលអប្បបរមា និងការទូទាត់ប្រាក់ បំណាច់អតីតភាពការងារ, ២៖ កាតព្វកិច្ចពន្ធដារ, ៣៖ ឡូជីស្ទិក, ៤៖ ការផ្គត់ផ្គង់ និងតម្លៃអគ្គិសនី, ៥៖ ការនាំចូលរថយន្ត, ៦៖ គម្រោងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍធនធានមនុស្ស និង៧៖ ការរៀបចំសិក្ខាសាលាស្វែងយល់ពីរបៀបប្រើប្រាស់ ប្រព័ន្ធទិន្នន័យស្ដីពី (សន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់)។
លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់វិនិយោគិនជប៉ុនដែល ជានិច្ចកាលតែងផ្តល់ទំនុកចិត្ដខ្ពស់ មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការធានានូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាកត្តាចាំបាច់ ដើម្បីបង្កើតបរិស្ថានវិនិយោគ ដែលមានភាពអំណោយផល។
លើសពីនេះ លោករដ្ឋមន្រ្តីប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគ របស់វិនិយោគិនជប៉ុនទាំងអស់ ជាពិសេសការវិនិយោគ ក្នុងវិស័យកម្មន្តសាល មិនមែនវាយនភ័ណ្ឌដែលបានកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក ដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមការចង្អុលបង្ហាញ នៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលជាចក្ខុវិស័យកែប្រែរចនាសម្ព័ន្ធ ឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញឱ្យបានត្រឹមឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោករដ្ឋមន្រ្តីប្រតិភូក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់ការឧបត្ថម្ភសម្ភារបរិក្ខារវេជ្ជសាស្រ្ត ឡានសង្គ្រោះបន្ទាន់ ព្រមទាំងវ៉ាក់សាំង AstraZeneca ចំនួន១លានដូសដល់កម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ជាមួយគ្នានេះដែរ លោកបានសម្ដែងនូវក្ដីសង្ឃឹមថា ក្រុមហ៊ុនអាកាសចរ ANA នឹងចាប់ផ្ដើមការហោះហើរផ្ទាល់រវាងប្រទេសជប៉ុន និងកម្ពុជាឡើងវិញ នាពេលឆាប់ៗខាងមុខ ដែលនឹងជួយជំរុញឲ្យទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ មានការកើនឡើង។
លោក ម៉ាសាហ៊ីរ៉ុ មីខាមី បានសាទរ និងវាយតម្លៃខ្ពស់ ចំពោះចំណាត់ការយ៉ាងឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំផ្ទាល់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ដែលកម្ពុជា គឺជាប្រទេសទី២ ក្នុងអាស៊ាន ដែលមានអត្រាប្រជាជន បានចាក់វ៉ាក់សាំងខ្ពស់ជាងគេ ហើយជាលទ្ធផលបានធ្វើឲ្យសភាពការណ៍ នៃការរីករាលដាលស្ថិតក្នុងកម្រិតមួយ ដែលអាចគ្រប់គ្រងបាន។
ជាងនេះទៅទៀត លោកបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលកន្លងមកបានខិតខំ ប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតប ប្រកបដោយភាពទន់ភ្លន់ ចំពោះបញ្ហាប្រឈម និងសំណូមពរ របស់វិនិយោគិនជប៉ុន ដែលប្រការនេះ បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែទាំ និងផ្ដល់ភាពកក់ក្ដៅ ដល់វិនិយោគិនគ្រប់រូប។
ដោយឡែក លោកប្រធាន JBAC បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងជម្នះ រាល់បញ្ហាប្រឈមនានា ដើម្បីផ្តល់នូវបរិយាកាស វិនិយោគដ៏ល្អប្រសើរលើគ្រប់វិស័យ និងបានជម្រាបជូនអង្គប្រជុំពីការប្តេជ្ញាចិត្តរបស់វិនិយោគិនជប៉ុន ក្នុងការចូលរួមចំណែកស្តារសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩៕