FN ៖ រយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញទៅកាន់ប្រទេសថៃ មានទឹកប្រាក់ប្រមាណ៥៦៩លានដុល្លារ ធ្លាក់ចុះ៣២ភាគរយ ខណៈការនាំចូលពីថៃ មានទឹកប្រាក់រហូតដល់៤.០៥ប៊ីលានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ។
ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ សម្រេចបានសរុបប្រមាណ៤.៦១ប៊ីលានដុល្លារ កើនឡើង១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ មានចំនួន៤.៥៦ប៊ីលានដុល្លារ។
ផលិតផលភាគច្រើន ដែលកម្ពុជាបាននាំទៅកាន់ថៃ គឺជាប្រភេទកសិផល (ត្រី សាច់ បន្លែ គ្រាប់ធុញ្ញជាតិ ថ្នាំជក់) សំណល់រោងចក្រ ឱសថ សម្លៀកបំពាក់ និងវាយនភណ្ឌ ក្រណាត់សូត្រ ត្បូងថ្មមានតម្លៃ ឈើ និងគ្រឿងសង្ហារឹម។
ដោយឡែក ចំពោះទំទិញនាំចូលវិញរួមមាន៖ ថាមពល ប្រេងឥន្ធនៈ ត្រី សាច់ បន្លែ និងផលិតផលសម្រេច ដូចជា រថយន្ត ជីសរីរាង្គ ស៊ីម៉ង់គ្រឿងឧបភោគ-បរិភោគ គ្រឿងសំអាង និងសម្ភារៈសំណង់។
គូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ឆ្នាំ២០២០ សម្រេចបានទឹកប្រាក់ ៧.២៥ពាន់លានដុល្លារ ធ្លាក់ចុះ២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលាមានទឹកប្រាក់ ៩.៤ពាន់លានដុល្លារអាមេរិក។
ក្នុងទំហំពាណិជ្ជកម្មនេះ ការនាំចេញរបស់កម្ពុជាទៅថៃ មានតម្លៃ១.១៥ពាន់លានដុល្លារ ធ្លាក់ចុះ ៤៩% ធៀបនឹងឆ្នាំ២០១៩ មានតម្លៃ ២.២៧ពាន់លានដុល្លារ។ ចំណែកការនាំចូលពីថៃមានតម្លៃ ៦.១ពាន់លានដុល្លារ ធ្លាក់ចុះ ១៥% ធៀបនឹងឆ្នាំ២០១៩ មានតម្លៃ ៧.១៥ពាន់លានដុល្លារ៕