FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តផ្គត់ផ្គង់ទឹកសុទ្ធចំនួន ២ម៉ឺនកេស និងមីចំនួន ១ម៉ឺនកេស ទៅកាន់ខេត្តទាំង៧ជាប់ព្រំដែនថៃ ដើម្បីជួយដល់ពលករត្រឡប់មកពីប្រទេសថៃ និងត្រូវដាក់ឱ្យធ្វើចត្តាឡីស័ក។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១នេះថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចេញមី និងទឹកសុទ្ធទៅកាន់ខេត្តទាំង៧ជាប់ព្រំដែនថៃ ដើម្បីចែកជូនដល់ពលករខ្មែរត្រឡប់មកពីប្រទេសថៃ និងដាក់ឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ។
បើតាមលោកស្រី យក់ សម្បត្តិ មី និងទឹកសុទ្ធ ត្រូវបានបែងចែកដូចខាងក្រោម៖
* ខេត្តបន្ទាយមានជ័យ៖ ទឹកសុទ្ធ ៦,០០០កេស មីកញ្ចប់ ៣,០០០កេស
* ខេត្តបាត់ដំបង៖ ទឹកសុទ្ធ ៤,០០០កេស មីកញ្ចប់ ២,០០០កេស
* ខេត្តប៉ៃលិន៖ ទឹកសុទ្ធ ៤,០០០កេស មីកញ្ចប់ ២,០០០កេស
* ខេត្តឧត្តរមានជ័យ៖ ទឹកសុទ្ធ ៣,០០០កេស មីកញ្ចប់ ១៥០០កេស
* ខេត្តព្រះវិហារ៖ ទឹកសុទ្ធ ១,០០០កេស មីកញ្ចប់ ៥០០កេស
* ខេត្តកោះកុង៖ ទឹកសុទ្ធ ១,០០០កេស មីកញ្ចប់ ៥០០កេស
* ខេត្តពោធិ៍សាត់៖ ទឹកសុទ្ធ ១,០០០កេស មីកញ្ចប់ ៥០០កេស
ដើម្បីតម្រូវការស្បៀងអាហារដល់ពលករខ្មែរត្រឡប់មកពីប្រទេសថៃ ហើយតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃនោះ សម្តេចតេជោ ហ៊ុន សែន បានផ្គត់ផ្គង់ថវិកា និងស្បៀងអាហារជាបន្តបន្ទាប់ទៅកាន់ខេត្តជាប់ព្រំដែនថៃ។
នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ បានសម្រេចបន្ថែមថវិកាសរុប ៧០០លានរៀល ដល់ខេត្តជាប់ព្រំដែនចំនួន៤ ដើម្បីរៀបចំធ្វើចត្តាឡីស័ក សម្រាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ ក្នុងនោះខេត្តប៉ៃលិនទទួលបានថវិកាបន្ថែម ២០០លានរៀល, ខេត្តបាត់ដំបងទទួលបាន ២០០លានរៀល, ខេត្តបន្ទាយមានជ័យទទួលបាន២០០លានរៀល និងខេត្តឧត្តរមានជ័យទទួលបានថវិកាបន្ថែម១០០លានរៀល។
ក្រៅពីបន្ថែមថវិកានេះ សម្តេចតេជោ ក៏បានផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ចំនួន៨ពាន់ឃីត ជូនខេត្តទាំង៤ផងដែរ ដោយក្នុងមួយខេត្តៗ ទទួលបានឃីតចំនួន២ពាន់។
កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចផ្តល់ថវិកាបន្ថែមសរុបចំនួន ៦៥០លានរៀល និងសម្ភារមួយចំនួន ដល់ខេត្តជាប់ព្រំដែនចំនួន៤ខាងលើនេះផងដែរ ដើម្បីរៀបចំធ្វើចត្តាឡីស័ក។
ខេត្តទាំង ៤ជាខេត្តដែលទទួលបន្ទុករៀបចំធ្វើចត្តាឡីស័កជូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ គ្រាដែលប្រទេសថៃ មានការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅខេត្តសាមុតសាខន កាន់តែធ្ងន់ធ្ងរឡើង។
របាយការណ៍បានបង្ហាញថា មានពលករខ្មែរជាង ៦ពាន់នាក់ហើយ បានត្រឡប់ពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក។ ជាមួយគ្នាមានពលករខ្មែរសរុប ២២នាក់ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩៕