FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន»។ ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅវិមានសន្តិភាព។
«មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលដៅជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់។ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» មានលោក គី តិច ជាប្រធាន និងមានសមាជិកសរុប ១៣៨រូប នៅគ្រប់រាជធានី-ខេត្ត។
នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សំណេះសំណាលប្រមាណ៣ម៉ោង ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរលោក លី ចាន់តុលា ដែលបានជាប់ឆ្នោតជាប្រធានគណៈមេធាវី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍ ៣វិច្ឆិកា នៅមណ្ឌលគិរី និងព្រះវិហារ បានបិទបញ្ចប់ដែរហើយ។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យគោរពវិធានការការពារជំងឺកូវីដ១៩ និងត្រូវរស់តាមគន្លងកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងមានប្រសាសន៍ថា សម្តេចទទួលដោយស្ម័គ្រចិត្ត ចំពោះការរិះគន់សម្តេចរឿងមិនពាក់ម៉ាស់។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវសុំកុំឱ្យមានការស្តីបន្ទោសរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ព្រោះគាត់ជាមិត្តដ៏ល្អរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាមោទនភាពមួយក្នុងការគ្រប់គ្រង និងបិទបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា ដោយជោគជ័យ តាមរយៈការឆ្លើយតបបន្ទាន់ និងមានប្រសិទ្ធភាព។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រែងក្នុងការបិទបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលកម្ពុជាមិនរីករាលដាលជំងឺកូវីដ១៩ មិនមែនដោយសារខ្មែរមានឈាមជាខ្មែរអង្គរ ឬគ្រាប់ឈាមក្រហម ឬអាកាសធាតុក្តៅនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មិនពឹងអាស្រ័យទាំងស្រុងលើប្រទេសរីកចម្រើន ឬប្រទេសមានប្រព័ន្ធសុខាភិបាលខ្លាំងនោះទេ តែសំខាន់ពឹងផ្អែកលើការចាត់ចែង និងគ្រប់គ្រងលើសភាពការណ៍កូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កត់សម្គាល់ថា ពលរដ្ឋលែងចាប់អារម្មណ៍លើការពាក់ម៉ាស់ទៀតហើយ ក្រោយសម្តេចប្រកាសបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រើយន្តហោះ ៣គ្រឿង ដឹកម៉ាស់ និងសម្ភារបរិក្ខារពេទ្យ ទៅជូនប្រទេសមីយ៉ាន់ម៉ា នាថ្ងៃស្អែកនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនខ្វល់ការរិះគន់សម្តេចផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ឡាវ និងមីយ៉ាន់ម៉ានោះទេ។ សម្តេចតេជោ បានថ្លែងថា នេះជាការចូលរួមជួយដល់មនុស្សជាតិ និងប្រទេសជាមិត្ត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចក៏ត្រៀមលក្ខណៈផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសទីម័រខាងកើតផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនមែនធ្វើមនុស្សធម៌ត្រឹមម៉ាស់ និងបរិក្ខារពេទ្យនោះទេ តែកម្ពុជាបានធ្វើសកម្មភាពមនុស្សធម៌ទាំងសាច់ និងឈាម តាមរយៈបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាប្រទេសក្រ តូចល្អិត តែមានបេះដូងមនុស្សធម៌ធំ មិនតូចនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីកាយវិការមនុស្សធម៌របស់សម្តេចក្នុងការអនុញ្ញាតឱ្យនាវាវើស្ទើដាម កាលពីខែកុម្ភៈ។ សម្តេចតេជោ បានច្រានចោលការលើកឡើងថា សម្តេចធ្វើដើម្បីយកចិត្តអាមេរិក ព្រោះសម្តេចមិនដឹងថានាវានេះរបស់អាមេរិកនោះទេ។
* សម្តេចតេជោ ហ៊ុន សែន គោរពថ្លែងអំណរព្រះគុណសម្តេចម៉ែ ដែលបានផ្ញើសារព្រះរាជបន្ទូលសួរសុខទុក្ខសម្តេចពេលធ្វើចត្តាឡីស័ក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំនេះកម្ពុជា ប្រយុទ្ធទិសពីរក្នុងពេលតែមួយ គឺរឿងកូវីដ១៩ និងទឹកជំនន់ ដែលទាមទារឱ្យសម្តេចអន្តរាគមន៍ដោយផ្ទាល់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អន្តរាគមន៍ដោះស្រាយគ្រោះទឹកជំនន់ចំណាយជាង ១០លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួយរបស់សប្បុរសជនសម្រាប់ទឹកជំនន់ជាង ៨លានចំណាយសង្គ្រោះទឹកជំនន់ហើយនៅសល់ជាង ១លាន ៦សែន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានបញ្ជាឱ្យទេសរដ្ឋមន្ត្រី គន់ គីម ដើរពិនិត្យមើលតម្រូវការរបស់ប្រជាពលរដ្ឋក្រោយគ្រោះទឹកជំនន់ ដូចជាការខូចខាតផ្ទះជាដើម ហើយជួយអន្តរាគមន៍ដោយប្រើថវិកាសប្បុរសជនដែលនៅសល់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញការពេញចិត្តជាខ្លាំង ចំពោះការរួមគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងចាត់ចែងក្នុងការទិញស្បៀង និងសម្ភារប្រើប្រាស់ផ្សេងៗចូលស្តុករបស់រាជរដ្ឋាភិបាលវិញ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរចំពោះមេធាវីរបស់រាជរដ្ឋាភិបាល ដែលខិតខំបំពេញការងារ និងឯកភាពទទួលសំណើរឿងបង្កើតឱ្យមានលិខិតបទដ្ឋានចាត់តាំងឱ្យបានត្រឹមត្រូវចំពោះមេធាវីរាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាសម្រាប់ដំណើរការរបស់មេធាវីរាជរដ្ឋាភិបាល ប្រើថវិកាជាតិ ក្រោមទីស្តីការគណៈរដ្ឋមន្ត្រី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងស្រាវជ្រាវថា តើមាន «តេជោដំដិន» ពិតមែនឬអត់ ឬមានតែក្នុងរឿង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមាន «តេជោដំដិន» សម្តេចជាជនទី៤ ដែលទទួលបានគោរមងារជាតេជោ។ តែបើមិនមាន «តេជោដំដិន» ទេ សម្តេចជាជនទី៣ បានទទួលគោរមងារជាតេជោ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដែលបានខិតខំបំពេញការងារជួយការពារក្តីជូនស្ត្រីទីទ័លក្រ និងខ្វះលទ្ធភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងតាមដានភាពយន្តថ្មីមួយរបស់ចិន គឺរឿង «ទីប្រឹក្សាសឺម៉ាអ៉ី»។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» មិនត្រឹមតែជួយការពារក្តីនោះទេ តែក៏បានប្រើថវិកាផ្ទាល់ខ្លួនសម្រាប់បេសកកម្មរបស់ខ្លួនថែមទៀតផង។
* សម្តេចតេជោ ហ៊ុន សែន បានណែនាំលោក លី ចាន់តុលា ប្រធានគណៈមេធាវី ឱ្យធ្វើរបាយការណ៍ច្បាស់លាស់រឿងថវិកាបេសកកម្ម និងរបាយការណ៍ការងារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការយល់ដឹងពីច្បាប់ឱ្យបានច្បាស់លាស់ និងប្រើប្រាស់សិទ្ធិឱ្យបានត្រឹមត្រូវ គឺជារឿងចាំបាច់សម្រាប់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារតែភាពស៉ាំញ៉ាំនៃប្រព័ន្ធច្បាប់ធ្វើឱ្យពលរដ្ឋលំបាកស្វែងយល់ ហើយតម្រូវឱ្យមានវិជ្ជាជីវៈមេធាវី ក្នុងប្រទេសប្រជាធិបតេយ្យ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យក្រុមមេធាវីជួយបង្កើនការយល់ដឹងផ្នែកច្បាប់ដល់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតក្រុមមេធាវីនេះ អាចចាត់ទុកជាការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីសម្តេចឈប់ធ្វើនាយករដ្ឋមន្ត្រី តែក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេច គឺអាចនៅតែរក្សាដដែល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានស្បថចូលប្រកបរបរវិជ្ជាជីវៈមេធាវីកាលពីអំឡុងឆ្នាំ១៩៩៧។ សម្តេចតេជោ បានថ្លែងសម្តេចមានមរតកឈាមមេធាវីពីជីដូន ហើយសម្តេចកំពុងសម្លឹងមើលចៅថា នរណាមានឈាមស្នងមរតកជាមេធាវី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បណ្តឹងបរិហារកេរ្តិ៍របស់សម្តេចនៅប្រទេសបារាំង ត្រូវបានកំណត់ថ្ងៃសវនាការរហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។ ពាក្យបណ្តឹងរបស់សម្តេចប្រើប្រាស់ពេលវេលាជាង៣ឆ្នាំឯណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សំណុំរឿងរបស់សម្តេចនៅតុលាការបារាំង ក៏ត្រូវការពេលរាប់ឆ្នាំ ដូច្នេះមិនគួរមិនគួរមានការលើកឡើងថា សំណុំរឿងនៅកម្ពុជាយូរបែបនេះ ឬបែបនោះទេ? សម្តេចតេជោ បានបន្ថែមថា គ្មាននរណាមិនសិទ្ធិទៅបង្ខំតុលាការនោះឡើយ។ បើតុលាការនៅបារាំងគេមិនអាចបង្ខំបាន នៅកម្ពុជា ក៏គ្មាននរណាទៅបង្ខំតុលាការបាននោះដែរ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចបានឈ្នះក្តីពីកាសែតហ្វីការ៉ូ នៅទីក្រុងប៉ារីស កាលពីឆ្នាំ១៩៩៧ ដោយទទួលបានថវិកាសំណង ៥ម៉ឺនហ្វ្រង់ តែចំណាយ ១សែន ២ម៉ឺនហ្វ្រង់។
* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបំពេញបន្ថែមថវិកាសម្រាប់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ឱ្យគ្រប់ ៥០០លានរៀល សម្រាប់ឆ្នាំ២០២១។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលបានបញ្ជូនមេធាវីជួយការពារក្តីជូនប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន ក៏បង្ហាញការខកចិត្តចំពោះអង្គការសង្គមស៊ីវិលមួយចំនួន ឆ្លៀតធ្វើសកម្មភាពញុះញង់ប្រជាពលរដ្ឋឱ្យធ្វើបាតុកម្ម តាមរយៈមេធាវី។
* សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់យោបល់ឱ្យមានការពិចារណាថា ការផ្តល់មេធាវីការពារក្តី មិនគួរមានសម្រាប់តែពលរដ្ឋក្រីក្រនោះទេ គួរពិចារណាផ្តល់ឱ្យអ្នកមានផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានដាក់មេធាវីកាតព្វកិច្ច៦៨រូប នៅតាមរាជធានី-ខេត្ត ដើម្បីការពារក្តីដោយមិនគិតសេវា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាកំហុសឆ្គងដ៏ធ្ងន់របស់ក្រុមមេធាវី ដែលបានពហិការដើរចេញពីបន្ទប់សវនាការ ហើយនាំឱ្យការជំនុំជម្រះក្តីត្រូវពន្យារ ខណៈខ្លួនចង់ឱ្យដំណើរការក្តីលឿន។ សម្តេចមិនចុចចំក្រុមមេធាវីដែលពហិការនេះទេ។ តែកន្លងទៅគេធ្លាប់ឃើញ ក្រុមមេធាវីការពារក្តីឱ្យលោក កឹម សុខា ធ្វើពហិការដើរចេញពីបន្ទប់សវនាការ។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំដល់មេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន កុំធ្វើពហិការដើរចេញពីបន្ទប់ពេលកំពុងបើកសវនាការ។
* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា មានអ្នកព័ត៌មានសុំចូលគណបក្សប្រជាជន ដើម្បីរួចពីការចោទប្រកាន់។
* សម្តេចតេជោ បានថ្លែងថា រឿងក្តីក្តាំមិនអាចយកមកដោះដូរជាមួយការចូលជាមួយគណបក្សប្រជាជនកម្ពុជានោះទេ ហើយមន្ត្រីគណបក្សប្រជាជនជាច្រើន ក៏បានជាប់ពន្ធនាគារផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេធាវីរបស់សម្តេចការពារតែអ្នកព័ត៌មានធ្វើត្រូវតាមវិជ្ជាជីវៈ តែអ្នកជេរគេអត់ការពារទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចង់ដោះស្រាយក្តីក្តាំ និងវិវាទក្រៅប្រព័ន្ធតុលាការ មិនត្រូវជាប់ពាក់ព័ន្ធផលប្រយោជន៍ ទើបអាចដោះស្រាយចេញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយឈ្នះ-ឈ្នះ ទាល់តែឈ្នះទាំងអស់គ្នា ទើបទទួលបានជោគជ័យ។ តែបើដាក់គោលដៅកម្ចាត់ គឺមិនអាចទៅរួចឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្រួបបង្រួមខ្មែរ «អូខេ» តែបើដាក់គោលដៅកម្ចាត់ «ត្រកូលហ៊ុន» គឺមិនអាចទៅរួចទេ។
* សម្តេចតេជោ ហ៊ុន សែន បានជូនសារថា ដំណើរការផ្លូវច្បាប់នៅតែបន្ត មិនអាចនិយាយគ្នាផ្នែកនយោបាយនោះឡើយ។ ចង់និយាយផ្នែកនយោបាយ ត្រូវតែអនុវត្តន៍ច្បាប់ឱ្យរួចរាល់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា អត់មានជម្លោះនយោបាយទេ គឺមានតែអ្នកមានជម្លោះជាមួយផ្លូវច្បាប់ ហើយកម្ពុជា ក៏គ្មានអ្នកទោសនយោបាយដែរ គឺមានតែអ្នកនយោបាយប្រព្រឹត្តទោស។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា ហេតុអ្វីបក្សប្រជាធិបតេយ្យអាមេរិក ជ្រើសរើសលោក ចូ បៃដិន វ័យជិត ៨០ឆ្នាំធ្វើជាប្រធានាធិបតីអាមេរិក ពីព្រោះគេរកបេក្ខភាពវ័យក្មេងមិនបាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា សម្តីមួយមាត់ថា «រដ្ឋមន្ត្រីមិនទាន់បាត់ក្លិនទឹកដោះគោ» នាឆ្នាំ១៩៧៩ ធ្វើឱ្យសម្តេចប្រឹងប្រែងរៀនបណ្តើរ និងធ្វើការបណ្តើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយសម្តេចឮសារកម្ចាត់ «ត្រកូលហ៊ុន» ធ្វើឱ្យសម្តេចមានការប្តេជ្ញាដឹកនាំប្រទេសរហូតដល់អ្នកចេញសារនេះបាត់វត្តមាន។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនថា ក្តាប់ឱ្យជាប់នូវអង្គហេតុពីកូនក្តី ទើបពិនិត្យទៅដល់អង្គច្បាប់។
* សម្តេចតេជោ ហ៊ុន សែន សម្តែងការហួសចិត្តចំពោះមេធាវីមួយរូប ដែលលើកឡើងថា ការទម្លាយសំឡេងលោក ហូរ វ៉ាន់ រឿងបញ្ជាការធ្វើបាតុកម្ម ជារឿងខុសរដ្ឋធម្មនុញ្ញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងមិនដែលផ្តល់តម្លៃ និងអបអរសាទរចំពោះជោគជ័យ និងសមិទ្ធផល ដែលរាជរដ្ឋាភិបាលសម្រេចបាននោះឡើយ។ សម្តេចតេជោ បានថ្លែងថា សម្តេចមិនខ្វល់ឡើយ ព្រោះមានពលរដ្ឋរាប់លាននាក់ បានមើលឃើញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមមេធាវីរបស់សម្តេច ពេលចុះការពារក្តីក៏មិនបានគិតពីបក្សនេះ ឬបក្សនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំហំនាំចេញរបស់កម្ពុជា មានទឹកប្រមាណ ២២ពាន់លានដុល្លារ កើន ១៨ភាគរយ។
* សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់មន្ត្រី និងកងកម្លាំងប្រដាប់អាវុធ ដែលមិនអាចដំឡើងប្រាក់បៀវត្សរ៍នៅឆ្នាំ២០២១។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនការចាត់ចែងចាយវាយច្បាស់លាស់ មិនមែនចេះតែខ្ជះខ្ជាយនោះទេ។ សម្តេចតេជោ បានបន្ថែមថា អគ្គមេបញ្ជាការមួយ មានសេនាធិការមួយ ធ្វើឱ្យមានភាពងាយស្រួលក្នុងការធ្វើកំណែទម្រង់ថវិកា។
* សម្តេចតេជោ បានថ្លែងថា កូវីដ១៩ មិនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាស្លាប់នោះឡើយ ហើយ EBA ២០ភាគរយ ក៏មិនអាចសម្លាប់សេដ្ឋកិច្ចកម្ពុជានោះដែរ។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា សេដ្ឋកិច្ចកម្ពុជា នឹងមានសន្ទុះឡើងវិញនៅឆ្នាំ២០២១។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះ កម្ពុជាទទួលបានចំណូលប្រមាណ ៤,៥០០លានដុល្លារ។ ក្នុងនោះបានពីពន្ធដារលើសពី ២,៥០០លានដុល្លារ និងគយ ២,១០០លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះមហាក្សត្រខ្មែរ ជាព្រះមហាក្សត្រក្រជាងគេលើពិភពលោក តែជាព្រះមហាក្សត្រ ដែលមានទឹកព្រះទ័យមនុស្សធម៌មហាសាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកប្រាក់ជាព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចម៉ែ មន្ត្រីរាជការ និងសប្បុរសជននានា សម្រាប់ដោះស្រាយបញ្ហាកូវីដ១៩ បានចំនួនសរុប ៤០ពាន់លានរៀល ស្មើនឹងប្រមាណ ១០លានដុល្លារ។ ថវិកាទាំងនេះ មិនទាន់បានចំណាយនៅឡើយទេ។