FN៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានបន្តដំណើរចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សម្រាប់ការសួរសុខទុក្ខ និងចែកអំណោយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ក៏ធ្វើឡើងនៅពីរទីតាំង។ ទីតាំងទី១ ធ្វើនៅស្រុកអូរជ្រៅចម្ងាយ១៧គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ និងទីតាំងទី២ ធ្វើឡើងនៅស្រុកម៉ាឡៃ ចម្ងាយពីទីតាំងទី១ប្រមាណជា៤០គីឡូម៉ែត្រ។
នៅក្នុងឱកាសចែកអំណោយនៅស្រុកម៉ាឡៃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលរយៈពេលប្រមាណ៥០នាទី៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគាំទ្រដល់ការដឹកនាំរបស់សម្តេច
* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នៅឆ្នាំ២០២២ និង២០២៣ ខាងមុខនេះ ប្រជាជននឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនបន្តទៀត ដើម្បីរួមសុខរួមទុក្ខជាមួយគ្នា
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ម្តងទៀតថា ទីណាដែលប្រជាជនបានសុខ មិនសូវឃើញមុខសម្តេចទេ ប៉ុន្តែនៅពេលណាដែលប្រជាជនមានទុក្ខ នឹងមានវត្តមានសម្តេចហើយ
* សម្តេចតេជោ ហ៊ុន សែន រំលឹកថា បើគ្មានតួអង្គមេខ្មែរក្រហម អ៉ី ឈាន និងសុខ ភាព ទេក៏នយោបាយឈ្នះឈ្នះ មិនបានទទួលជោគជ័យដែរ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថាបនិកសន្តិភាព មិនមែនមានតែខ្ញុំតែឯងទេ គឺប្រតិបត្តិករទាំងអស់ សុទ្ធតែមានចំណែកទាំងអស់
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគិតពីសមាហរណកម្ម ឆ្នាំ១៩៩៦ មកដល់ពេលនេះ មានអាយុ២៤ឆ្នាំ ដែលកែប្រែស្រុកម៉ាឡៃ ដែលជាតំបន់សង្គ្រាម ក្លាយទៅជាតំបន់អភិវឌ្ឍមួយ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសដទៃនៅមានជម្លោះមិនទាន់បញ្ចប់ទេ តែកម្ពុជាបានបញ្ចប់ជម្លោះប្រដាប់អាវុធទាំងស្រុង នៅតំបន់មួយចំនួន នៅឆ្នាំ១៩៩៦ និងទាំងស្រុងនៅឆ្នាំ១៩៩៨
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមានសមត្ថភាពតែ ពន្លត់ភ្លើងសង្គ្រាម តែសម្តេចមិនអាចធ្វើគ្រូអាចារ្យចំពោះជនមួយក្រុម ដែលប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នោះទេ
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្រុមប្រឆាំងទាំងនោះបានជេរអ្នកគាំទ្រគណបក្សប្រជាជនសុទ្ធតែយួន និងដាក់ចេញនយោបាយមានឯងអត់អញ មានអញអត់ឯង ដែលធ្វើឱ្យសម្តេចមិនអាចអត់ឱនឱ្យបាន
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា អ៊ុនតាក់បានចាយលុយអស់ ២ពាន់លាន ប៉ុន្តែនៅតែមិនអាចចូលប៉ៃលិន និងម៉ាឡៃបាន
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលដែលមានសង្គ្រាមសម្តេចទើបតែមានអាយុ១៨ឆ្នាំ សម្តេចមិនមែនជាអ្នកបង្កើតសង្គ្រាមទេ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពូជសម្តេចមានអាយុមិនក្រោមអាយុ៩០ឆ្នាំនោះទេ អ្នកដែលប្រមាថ ប្រយុទ្ធស្លាប់មុនសម្តេច
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋប្រឹងងើបឈរឡើង ដើម្បីស្តារជីវភាព ដែលរងការខូចខាត។ សម្តេចជឿជាក់ថា ពលរដ្ឋខ្មែរនឹងអាចធ្វើបាន
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចែកអំណោយ គឺគ្រាន់តែសម្រាលទុក្ខលំបាកមួយពេលទេ ប៉ុន្តែអ្វីដែលសំខាន់ គឺត្រូវគិតគូរក្នុងការស្តារកសិកម្មឡើងវិញ
* ទោះបីជាមិនទាន់មានពលរដ្ឋស្លាប់ដោយសរកូវីដ និងមិនទាន់មានការឆ្លងដល់សហគមន៍កម្ពុជា ដូចប្រទេសដទៃ សម្តេចតេជោ ហ៊ុន សែន នៅតែអំពាវនាវឱ្យប្រជាពលរដ្ឋការពារខ្លួន
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រហូតដល់ពេលនេះ កម្ពុជារកឃើញអ្នកឆ្លង២៨៧នាក់ ដែលជាករណីនាំចូល
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងអាចភ្លេចកូវីដ តែកូវីដមិនភ្លេចយើងទេ
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីអ្នកលេងហ្វេសបុកម្នាក់ ដែល Comment នៅក្នុងផេកសម្តេចថាខ្លួនក្រណាស់ តែសម្តេចបានតបវិញថា ក្រក្មួយនេះលំដាប់ VIP ព្រោះមាន Smart Phone ប្រើ តែក្រជំនាន់សម្តេចរកតែបាយទទួលទានមិនបានផង
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំមានសមត្ថភាពរកសន្តិភាពជូនពលរដ្ឋបានប៉ុណ្ណឹង តែខ្ញុំអត់មានសមត្ថភាព រកសន្តិភាពឱ្យក្រុមមួយ ដែលតែងតែទាមទារឱ្យសម្តេចចុះចេញពីតំណែងទេ
* សម្តេចតេជោ ហ៊ុន សែន បន្តរំលឹកអំពីរឿងព្រះសង្ឃ «ខន្តីញោម» ដល់ក្រុមប្រឆាំងជ្រុលនិយម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខន្តីបានខន្តី បើខន្តីមិនបាន ទៅដេកនៅក្នុងពន្ធនាគារទៅ
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនត្រូវការចរចានយោបាយជាមួយអ្នកណាទាំងអស់ អ្នកដែលធ្វើខុសច្បាប់ត្រូវស្ថិតនៅតុលាការ អ្នកដែលកាត់ទោសហើយ ត្រូវមកជាប់ពន្ធនាគារនៅកម្ពុជាសិន
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយរំដោះពីប៉ុលពត ប្រជាជនខ្មែរមានតែ៥លាននាក់ទេ ប៉ុន្តែពេលនេះមានជាង១៦លាននាក់ហើយ ដែលរយៈពេល៤១ឆ្នាំ កើនដល់ជាង១០លាននាក់។