FN ៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋសភាជាតិបើកសម័យប្រជុំ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា។ កិច្ចប្រជុំពេញអង្គនៃរដ្ឋសភានេះក៏មានវត្តមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។
បន្ទាប់ពីរដ្ឋសភាជាតិបិទសម័យប្រជុំ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន បានធ្វើសន្និសីទសារព័ត៌មានពិសេសមួយដោយថ្លែងសារជូនជនរួមជាតិ។
ខាងក្រោមជាសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទកាស៊ីណូទាំងអស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សហរដ្ឋអាមេរិក បានស្ថិតនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេ ខណៈអ៉ីតាលីលេខ២ និងចិនលេខ៣
* សម្តេចតេជោ ហ៊ុន សែន បានព្យាករណ៍ថា នៅថ្ងៃស្អែក ឬខានស្អែក អេស្បាញអាចនឹងឡើងមកលេខ៣ នៃប្រទេសដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេ
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យប្រជាពលរដ្ឋជឿការឃោសនានៅក្នុងប្រទេសកម្ពុជា ដែលថាមានថ្នាំព្យាបាលជំងឺកូវីដ១៩ ជាសះស្បើយ
* សម្តេចតេជោ ហ៊ុន សែន ហាមឃាត់ការនាំចេញអង្ករស និងស្រូវ ដើម្បីធានានូវការផ្គត់ផ្គង់ក្នុងស្រុក ចាប់អនុវត្តន៍ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០រហូតមានការជូនដំណឹងថ្មី
* សម្តេចតេជោ ហ៊ុន សែន បានព្រមានចាប់ខ្លួន លោក អំ សំអាត ដែលគាំទ្រដល់ដំណើរការខុសច្បាប់ លក់ផលិតផលក្លែងក្លាយ ពាក់ព័ន្ធនឹងកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យសមត្ថកិច្ច សហការជាមួយព្រះរាជអាជ្ញា តាមចាប់ខ្លួន និងរឹបអូសឧបករណ៍ធ្វើតេស្តកូវីដ១៩ ដល់ផ្ទះអ្នកលក់ និងផ្សព្វផ្សាយតែម្តង
* សម្តេចតេជោ ហ៊ុន សែន រិះគន់អ្នកដែលឃោសនាថា ហូបពងទាអាចព្យាបាលជំងឺកូវីដ១៩បាន
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋបង្វែរការភ័យខ្លាច ទៅជាការការពារខ្លួន ដោយអនុវត្តតាមវិធានការក្រសួងសុខាភិបាល
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកចម្រៀង អ្នកនិពន្ធទាំងឡាយ ដែលជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ និងអប់រំប្រជាពលរដ្ឋ
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់ពលករខ្មែរមកពីប្រទេសថៃជាង៥ម៉ឺននាក់ ឱ្យដាក់ខ្លួននៅដាច់ដោយឡែកពីគេ១៤ថ្ងៃ ហើយគ្រួសារត្រូវជូនដំណឹងនៅខាងមុខផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ ដែលរកឃើញនៅកម្ពុជា កន្លងមកគឺជាជំងឺដែលនាំចូល
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បងប្អូនដែលមកពីប្រទេសថៃទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នដោយខ្លួនឯង កុំឱ្យក្លាយខ្លួនជាអ្នកចម្លងមេរោគកូវីដ១៩ ដល់គ្រួសារ និងសហគមន៍
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសិនជាពលករណា ដែលសង្ស័យថា ខ្លួនមានមេរោគកូវីដ១៩ ត្រូវតែប្រញ៉ាប់ស្វែងរកគ្រូពេទ្យពិនិត្យភ្លាម
* សម្តេចតេជោ ហ៊ុន សែន ព្រមានមិនអត់ឱនឱ្យជនដែលប្រមាថដល់វិញ្ញាបនបត្រគ្រូពេទ្យខ្មែរ
* សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យគ្រប់កន្លែងលក់ដូរមានទឹកអាល់កុលលាងដៃ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ធ្វើតេស្តថ្នាំនោះទេ
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជន រកស៊ីមានការយោគយល់គ្នា
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់ទីតាំង ដែលជួលឱ្យអ្នកដទៃរកស៊ី ត្រូវមានការយោគយល់ ដែលអាចពន្យារពេលបង់លុយ ឬទម្លាក់តម្លៃ ក្នុងពេលកំពុងមានកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋកំពុងពិនិត្យ ក្នុងការបញ្ចេញថវិកា៥០០ ទៅ៦០០លានដុល្លារ ដើម្បីឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្ចី ដោយអត្រាការប្រាក់ទាប
* សម្តេចតេជោ ហ៊ុន សែន៖ រហូតដល់ពេលនេះ សប្បុរសជនចូលរួមឧបត្ថម្ភដល់យុទ្ធនាការប្រយុទ្ធកូវីដ១៩នៅកម្ពុជា មានជាង១០លានដុល្លារអាមេរិក
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានបញ្ជាទិញម៉ាសប្រមាណ៣លានម៉ាស់ពីក្រៅប្រទេស ដោយសារតែយើងមានការខ្វះខាត
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋមន្រ្តីដែលផ្លាស់ប្តូរចេញនាពេលនេះ គឺសុទ្ធតែមានសមត្ថភាព ប៉ុន្តែដោយសារវ័យរបស់ពួកគាត់កាន់តែចាស់ ទើបត្រូវផ្លាស់
* សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា រាជរដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់រួចហើយ ពាក់ព័ន្ធនឹងការដាក់ប្រទេសស្ថិតនៅក្នុងភាពអាសន្ន
* សម្តេចបានបង្ហើបថា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មី លោក កើត រិទ្ធ គឺជាអ្នករៀបចំសេចក្តីព្រាងច្បាប់ ក្នុងការដាក់ប្រទេសឱ្យស្ថិតនៅក្នុងភាពអាសន្ន
* សម្តេចតេជោ ហ៊ុន សែន នឹងស្នើឱ្យឧត្តមក្រុមប្រឹក្សាធម្មនុញ្ញ បកស្រាយមាត្រា៨៦ និងមាត្រា១០២ នៃរដ្ឋធម្មនុញ្ញ ពាក់ព័ន្ធនឹងសិទ្ធិអំណាចរដ្ឋសភា និងព្រឹទ្ធសភា ក្នុងប្រទេសស្ថិតក្នុងភាពអាសន្ន
* សម្តេចតេជោ ហ៊ុន សែន៖ ប្រទេសខ្សោយ ឬខ្លាំង សុខាភិបាលពេលនេះ គឺវាស់វែងទៅលើមនុស្សដែលបានស្លាប់ដោយសារកូវីដច្រើនជាងគេ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានប្រកាន់យកវិធានការកណ្តាល ដោយមិនបិទប្រទេសទេ ប៉ុន្តែដាក់វិធានការផ្សេងៗ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណូលគយធ្លាក់ចុះ តែចំណូលពន្ធកើនឡើង ដែលចំណូលនេះបានប្រមាណ៧០០លានដុល្លារដែរ