FN ៖ ឆ្លើយតបជាមួយសារព័ត៌មានមួយចំនួន ដែលបង្ហោះលើបណ្តាញសង្គម Facebook បង្កឲ្យមានការយល់ច្រឡំថា សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបិទសាលារៀនទូទាំងខេត្តសៀបរាប ក្រោយមានការរកឃើញជំងឺ Covid-19 លើបុរសជនជាតិខ្មែរម្នាក់នោះ, សម្តេចតេជោបានចេញបញ្ជាក់ឲ្យច្បាស់ថា «ការបិទសាលារៀន គឺបិទតែក្នុងក្រុងសៀមរាបមួយប៉ុណ្ណោះ មិនមែនបិទទូទាំងខេត្តសៀបរាបឡើយ»។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់បន្ថែមតាមរយៈការ Comments នៅលើ Facebook នារីម្នាក់ដែលបានស៊ែរព័ត៌មានមិនត្រឹមត្រូវ ពាក់ព័ន្ធការបិទសាលារៀនយ៉ាងដូច្នេះថា «សូមបញ្ជាក់ឡើងវិញឲ្យច្បាស់ ការបិទសាលារៀន គឺបិទតែក្រុងសៀមរាបមួយទេ មិនមែនទូរទាំងខេត្តសៀមរាបនោះឡើយ។ គោលដៅនៃការបិទ គឺដើម្បីការពារកុមារ ដែលមិនចេះវិធីការពារខ្លួន។ សង្ឃឹមថាមាតាបិតា អាណាព្យបាលខិតខំឲ្យកូនចៅ ខិតខំរៀននៅផ្ទះក្នុងរយៈពេលនេះការបិទសាលាបណ្តោះអាសន្ននេះ»។
សូមជម្រាបថា ក្រោយទទួលបានបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី០៧ ខែមីនានេះ ក្រសួងអប់រំបានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ស្តីពីការសម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ពីថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ឧត្តមសិក្សា នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្រោយរកឃើញជំងឺ Covid-19 លើបុរសជនជាតិខ្មែរម្នាក់។
ក្រសួងបញ្ជាក់ថា គ្រឹះស្ថានសិក្សាទាំងអស់ នៅក្នុងក្រុងសៀមរាប ត្រូវបិទទ្វារផ្អាកការសិក្សា ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដែលនេះ គឺជាវិធានការ ក្នុងការចូលរួមទប់ស្កាក់ ការរីករាលដាល់នៃជំងឺ Covid-19 បន្ទាប់ពីរកឃើញកើតមានលើបុរសជនជាតិខ្មែរម្នាក់ នៅក្រុងសៀមរាបនេះ៕