FN ៖ នៅថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី។
ពិធីស្រោចស្រពព្រះសុគន្ធវារី ត្រូវប្រារព្ធធ្វើឡើងនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក។ សម្តេចព្រះសង្ឃនាយករងទាំង៣ព្រះអង្គ ដែលនឹងត្រូវនឹងស្រោចស្រពព្រះសុគន្ធវារី នៅថ្ងៃនេះរួមមាន៖ សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១, សម្តេចព្រះវ័នរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ និងសម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣។
សូមបញ្ជាក់ថា សម្តេចព្រះសង្ឃទាំង៣ព្រះអង្គ ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តម្លើង និងតែងតាំងជាសម្តេចព្រះសង្ឃនាយករងទី១, ទី២ និងទី៣ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរថាសំណេះសំណាលក្នុងឱកាសអញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះសង្ឃនាយករង៣ព្រះអង្គ នៅវត្តចំពុះក្អែក នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការតែងតាំងតំណែងមិនមែនលំបាកតែផ្នែកអាណាចក្រនោះទេ ខាងវិស័យពុទ្ធចក្រក៏លំបាកផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា លោកទេសរដ្ឋមន្ត្រី ហឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា កំពុងធ្លាក់ខ្លួនឈឺចូលមន្ទីរពេទ្យ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះមានជម្លោះផ្នែកសាសនាច្រើនណាស់។ ដូច្នេះការគ្រប់គ្រងរដ្ឋមួយទាមទារឱ្យមានការធ្វើសុខដុមនីយកម្ម លើផ្នែកសាសនាជាសំខាន់ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ព្រះសង្ឃទាំងផ្នែកមហានិកាយ និងធម្មយុទ្ធ មានភាពសុខដុមនឹងគ្នានាពេលបច្ចុប្បន្ន ខណៈពីអតីតកាលមានភាពរកាំរកូសខ្លះ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា គ្រប់សាសនានៅកម្ពុជាត្រូវបានបំផ្លិចបំផ្លាញក្នុងរបបប្រល័យពូជសាសន៍។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះសង្ឃមានតួនាទីភារកិច្ចសំខាន់ក្នុងជួយពន្យល់ប្រជាពុទ្ធបរិស័ទឱ្យចូលរួមថែរក្សាសុខសន្តិភាព។
* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើផ្នែកអាណាចក្រត្រូវដួលរលំ ផ្នែកពុទ្ធចក្រក៏មិនអាចឈរជើងបាននោះដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពស្ថិតស្ថេររបស់សាសនា គឺពឹងអាស្រ័យលើជំនឿរបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យពិនិត្យមើលថា តើការទេសនាបែបកំប្លែងជារឿងត្រឹមត្រូវឬអត់? សម្តេចតេជោ ស្នើឱ្យមានការដាក់ចេញវិធានការទប់ស្កាត់ពេលមានកិច្ចប្រជុំប្រចាំឆ្នាំរបស់សង្ឃ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះសង្ឃអាចដាច់ចង្ហាន់ ប្រសិនបើប្រជាពុទ្ធបរិស័ទមានការខ្វះខាតក្នុងជីវភាព។
* សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ក្នុងវិស័យព្រះពុទ្ធសាសនាបច្ចុប្បន្នមានការរីកចម្រើនខ្លាំង ដែលជាការបង្ហាញឱ្យឃើញថាជីវភាពប្រជាពុទ្ធបរិស័ទក៏មានធូរធាផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលអាណាចក្រដើរខុសផ្លូវ ផ្នែកពុទ្ធចក្រក៏អន្តរាយផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាណាចក្រនិងពុទ្ធចក្រ ត្រូវដើរទន្ទឹមគ្នាពោលអាណាចក្ររីកចម្រើន ពុទ្ធចក្រក៏រីកចម្រើន។ ក្នុងន័យនេះសម្តេចតេជោ បានបញ្ជាក់ថា ពុទ្ធចក្រមានតួនាទីសំខាន់ណាស់ក្នុងការជួយរក្សាអាណាចក្រ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកដីខេត្តកណ្តាលមានអរិយក្សត្រ ល្វាឯមជាដើម នឹងត្រូវកាត់ចូលរាជធានីភ្នំពេញនាពេលខាងមុខ។