FN ៖ ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវាត់ព្រំដែនកម្ពុជា និងថៃ ប្រវែងជាង១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ បិទបញ្ចប់ការសាងសង់ជាស្ថាពរ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះហើយ។ ផ្លូវមួយខ្សែលើដែនដីអតីតសមប្រយុទ្ធ ក្នុងប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់កម្ពុជានេះ បានចំណាយពេលសាងសង់ជិត៤ឆ្នាំ ជាមួយថវិកាជិត១២៣លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពរួមគ្នា សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវដ៏មានសារៈសំខាន់មួយខ្សែនេះ។ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងប្រជាពលរដ្ឋរាប់ពាន់នាក់ ក៏បានអញ្ជើញចូលរួមអបអរសាទរចំពោះសមិទ្ធផល ជាប្រវត្តិសាស្ត្រលើដីជាយដែននេះផងដែរ។
នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានសុន្ទរកថាសំណេះសំណាលជាមួយខ្លឹមសារសំខាន់ៗដូចខាងក្រោម៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យគាំទ្រសម្តេច គាំទ្រគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ បានចូលរួមជាមួយប្រជាពលរដ្ឋក្នុងកិច្ចដំណើរការរបស់ជាតិទាំងឡាយ ជាពិសេសដំណើរស្វែងរកសុខសន្តិភាព និងបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនបញ្ចប់តំណែងត្រឹមឆ្នាំ២០២៣នោះទេ គឺនឹងបន្តគ្រប់គ្រងតំណែងនាយករដ្ឋមន្ត្រី រហូតដល់ឆ្នាំ២០២៨ និងឆ្នាំបន្តបន្ទាប់ទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រសម្តេចឱ្យបន្តដឹកនាំប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៥៨ បានធ្វើឱ្យសម្តេចសម្រេចគោលដៅសំខាន់ពីរក្នុងពេលតែមួយ។ គោលដៅទាំងពីរនោះ គឺការប្រែក្លាយតំបន់អតីតសមភូមិទៅជាតំបន់អភិវឌ្ឍន៍ និងការប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការដោះដូរទំនិញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានមោទនភាព ដែលរួមចំណែកជាមួយប្រជាពលរដ្ឋគ្រប់ភាគីពាក់ព័ន្ធ ក្នុងការបិទបញ្ចប់សង្គ្រាម និងការរួបរួមគ្នាឡើងវិញ បន្ទាប់ពីបែកបាក់នៅក្នុងអតីតកាល។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ខេត្តបន្ទាយមានជ័យកាលពីអតីតកាល ត្រូវបានគ្រប់គ្រងដោយខ្មែរ៤ភាគី តែដោយសារបារមីនយោបាយឈ្នះ-ឈ្នះ ធ្វើឱ្យទឹកដីនេះក្លាយជាតំបន់គ្រប់គ្រងដោយខ្មែរតែមួយ ក្រោមរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធតែមួយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្រួបបង្រួមខ្មែរពីច្រើនភាគីមកភាគីតែមួយជារឿងមិនធម្មតានោះឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា មេរៀនបង្រួបបង្រួមជាតិមួយនេះ មិនអាចបង្រៀនដល់ជាតិសាសន៍ដទៃទេ តែជាមោទនភាពសម្រាប់ជាតិខ្មែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវជាតិលេខ៥៨ បានបញ្ចេញថវិកាជាង ៤លានដុល្លារ សម្រាប់បោសសំអាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានផ្លូវជាតិលេខ៥៨នេះ បង្ហាញពីចំណងទំនាក់ទំនងដ៏ស្អិតល្មួតរវាងកម្ពុជា និងចិន។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា បើគ្មានការផ្តល់ជំនួយពីចិន តើកម្ពុជាមានវត្តផ្លូវជាតិលេខ៥៨ និងផ្លូវដទៃទៀតដែរទេ?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលអត្ថាធិប្បាយដោយទស្សនៈអវិជ្ជមានចំពោះទំនាក់ទំនងជាមួយប្រទេសចិន គឺជាការគិតដ៏ខុសឆ្គងមួយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ជាថ្មីថា ការអញ្ជើញទៅកាន់ប្រទេសចិនរបស់សម្តេចកាលពីដើមខែកុម្ភៈ ចំពេលចិនវាយលុកដោយជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «COVID19» គឺជាការសម្រេចចិត្តដ៏មហាត្រឹមត្រូវសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងចិន។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យរង់ចាំមើលថា នឹងមានសមិទ្ធផលអ្វីខ្លះកើតចេញពីទំនាក់ទំនងរវាងកម្ពុជា និងចិន?
* សម្តេចតេជោ ហ៊ុន សែន បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលចិន បើទោះបីជួបបញ្ហាតែមិនលុបគម្រោងសាងសង់ផ្លូវនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ប្រាប់ឯកអគ្គរដ្ឋទូតចិនចង់ឱ្យមានការដឹកជញ្ជូនក្រណាត់ដែលជាវត្ថុធាតុដើមសម្រាប់ផលិតសម្លៀកបំពាក់ពីចិន មកកម្ពុជា តាមរយៈយន្តហោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាន់តែចិនជួបបញ្ហា Covid-19 មិនអាចដំណើរច្រវាក់ផលិតកម្ម នាំឱ្យរង្គើដល់ពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លេងថា កុំចង់ឱ្យចិនជួបការលំបាក ព្រោះបើចិនជួបការលំបាក ប្រទេសដទៃនឹងជួបការលំបាកដូចគ្នា។
* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ភ្ញៀវទេសចរចិននៅកម្ពុជានឹងកើនឡើងវិញ ក្រោយបញ្ចប់វិបត្តិបណ្តាលមកពីជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «COVID19»។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសដទៃរើសអើងចំពោះប្រជាជនចិន តែកម្ពុជាមិនមានរើសអើងនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា ជាប្រទេសមិនរើសអើងចំពោះចិន បែរជាមិនមានឆ្លងជំងឺបង្កដោយមេរោគ «COVID19» តែប្រទេសមានចរិតរើសអើងចំពោះចិន បែររងការឆ្លងជំងឺបង្កដោយមេរោគ «COVID19»។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាជារឿងអយុត្តិធម៌ណាស់ នៅពេលមានបញ្ហារត់រកចិន តែពេលចិនមានបញ្ហា បែរនាំគ្នារត់ចោលចិនទៅវិញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រី បើកច្រកអូនាង ដើម្បីតភ្ជាប់តំបន់សេដ្ឋកិច្ចនៅកម្ពុជាជាមួយថៃ។
* សម្តេចតេជោ ហ៊ុន សែន រំលឹកពលរដ្ឋលើដែនដីអតីតសមរភូមិក្នុងខេត្តបន្ទាយមានជ័យថា សន្តិភាពមានតម្លៃខ្លាំង ត្រូវរួមគ្នាថែរក្សាឱ្យបាន។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែដឹកនាំរាជរដ្ឋាភិបាល គឺមិនយកពន្ធលើដីស្រែនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ចោទជាសំណួរថា ព្រះសង្ឃទេសនាបែបកំប្លែង និងច្រៀងចម្រៀងជារឿងត្រឹមត្រូវឬអត់?
* សម្តេចតេជោ ហ៊ុន សែន អរគុណចិន ដែលបានជួយសាងសង់ផ្លូវ និងស្ពានឆ្លងកាត់ទន្លេ។ បច្ចុប្បន្នផ្លូវធ្វើរួច និងកំពុងធ្វើមានប្រវែងជាង ៣ពាន់គីឡូម៉ែត្រ និងសង់ស្ពានឆ្លងកាត់ទន្លេជាច្រើនខ្សែទៀត។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា ផ្លូវ និងស្ពានទាំងនេះ បើចិនមិនជួយ តើនរណាជួយសាងសង់?
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាត្រូវការជួយពីគ្រប់ប្រទេសជាមិត្តទាំងអស់ ហើយបើមានប្រទេសច្រើនជួយកម្ពុជា ចិនក៏អរផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ឆ្ងល់ថាហេតុអ្វីក្រុមអ្នកវិភាគមើលឃើញពីគុណសម្បត្តិរបស់ចិនជួយកម្ពុជា ហើយវិភាគវាយប្រហារតែរឿងកម្ពុជាធ្វើទំនាក់ទំនងជាមួយចិន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាធ្វើនយោបាយអន្តរជាតិជាមួយគ្រប់ប្រទេសទាំងអស់ មិនមានចាប់យកប្រទេសមួយ ហើយបោះបង់ប្រទេសដទៃដូចក្រុមអ្នកវិភាគបែបអវិជ្ជមានមួយចំនួននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពេលធ្វើដំណើរតាមខេត្តកាលពីឆ្នាំ២០១៦ សម្តេចបានជួយសាងសង់សាលានៅក្នុងខេត្តបន្ទាយមានជ័យមានតម្លៃជិត ៣០លានដុល្លារអាមេរិក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខុនដូតម្លៃក្រោម៧ម៉ឺនដុល្លារ ក៏មិនតម្រូវឱ្យបង់ពន្ធប្រថាប់ត្រា ដូចទិញផ្ទះល្វែងផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងដំឡើងតួនាទីលោក សុខ ភាព ពីអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ទៅជារដ្ឋលេខាធិការ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លោក សុខ ភាព និងលោក អ៉ី ឈាន បានដើរតួនាទីសំខាន់ណាស់ក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម។
* សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ខ្មែរជាច្រើនភាគី ដែលបែកបាក់ពីអតីតកាលបាននិងកំពុងធ្វើការជាមួយគ្នា។
* សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅក្រុមអ្នកនយោបាយមួយចំនួនថា ចង់បំបែកបំបាក់ជាតិអីទៀត?
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនលើកលែងដល់ជនដែលធ្វើសកម្មភាពបំបែកបំបាក់ជាតិនោះឡើយ ហើយក៏មិនផ្តល់ឱកាសឱ្យបរទេសជ្រាតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច ក្រសួងសាធារណការ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដែលបានរួមគ្នាសម្រេចបាននូវសមិទ្ធផលផ្លូវជាតិលេខ៥៨។
* មុនបញ្ចប់សុន្ទរកថា សម្តេចតេជោ សូមឱ្យចំណងទំនាក់ទំនងកម្ពុជា-ចិន ស្ថិតនៅជាអមតៈ។