FN ៖ លោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការកែលំអរបរិយាកាសវិនិយោគនៅកម្ពុជា។ តាមរយៈការយកចិត្តទុកដាក់ និងធ្វើឱ្យប្រសើរលើបរិយាកាសវិនិយោគនេះ បានទាក់ទាញអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាកាន់តែច្រើន។
លោកឯកអគ្គរដ្ឋទូតជប៉ុន បញ្ជាក់បែបនេះក្នុងពេលអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនេះ មីកាមិ ម៉ាសាហ៉ីរ៉ូ បានបង្ហាញពីកត់សម្គាល់របស់លោកចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការរីកចម្រើននៃសង្គមកម្ពុជា។ លោកក៏បានបង្ហាញក្តីរីករាយ និងមោទនភាពដែលជប៉ុនបានរួមចំណែកជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។
ពាក់ព័ន្ធលើការវិនិយោគលោក មីកាមិ ម៉ាសាហ៉ីរ៉ូ បានលើកឡើងថា អ្នកវិនិយោគជប៉ុន បានធ្វើការជាច្រើនជាមួយស្ថានប័នរបស់កម្ពុជា ជាពិសេសជាមួយក្រមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយទទួលបានលទ្ធផលល្អប្រសើរ។ ក្នុងនោះអ្នកវិនិយោគជប៉ុនកាន់តែច្រើនកំពុងរកស៊ីនៅកម្ពុជា។
នៅចំពោះមុខឯកអគ្គរដ្ឋទូតជប៉ុន, សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តសម្របសម្រួលធ្វើឱ្យអ្នកវិនិយោគជប៉ុន មកវិនិយោគនៅកម្ពុជាទទួលបានជោគជ័យ។ ដើម្បីសម្រួលដល់ការវិនិយោគនេះ សម្តេចតេជោ បានបញ្ជាក់ថា នៅខែកុម្ភៈ នេះ រាជរដ្ឋាភិបាលនឹងបញ្ចុះថ្លៃអគ្គិសនីមួយសេន ក្នុងមួយគីឡូវ៉ាត់ ហើយនឹងបន្តធ្វើឱ្យកាន់តែល្អប្រសើរលើការដឹកជញ្ជូន៕