FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តដល់អ្នកវិនិយោគរបស់បង់ក្លាដេស មកវិនិយោគលើការកែច្នៃស្រូវ ដូចជាធ្វើឃ្លាំងស្តុក និងបង្កើនរោងម៉ាស៊ីនកិនស្រូវជាដើម ហើយនាំអង្ករទៅកាន់ប្រទេសបង់ក្លាដេស។
ការលើកទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអញ្ជើញទទួលការចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក មហាម៉ាត់ ហ្វារុកខាន់ (Mohammad Faruk khan) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកកិច្ចការបរទេស នៃសភាបង់ក្លាដែស នៅវិមានសន្តិភាពនារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោកមហាម៉ាត បានជម្រាបសម្តេចតេជោ ពីលទ្ធផលនៃជំនួបពិភាក្សា ការងារជាមួយសភាកម្ពុជា ដែលជំរុញនូវទំនាក់ទំនងរវាងទាំងពីរឱ្យកាន់តែល្អប្រសើរ និងលទ្ធផលល្អមួយចំនួនទៀត។
ក្នុងជំនួបនេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានសំដែងការរីករាយយ៉ាងខ្លាំងអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ ជាពិសេសការលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសកម្ពុជា និងប្រទេសបង់ក្លាដេស។
សម្ដេចតេជោ មានប្រសាសន៍បន្តថា កម្ពុជា និងបង់ក្លាដេស គប្បីជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណា ឱ្យមានការយល់ដឹងគ្នាកាន់តែខ្លាំងឡើងខ្ពស់ និងទំនាក់ទំនងកាន់តែជិតស្និទ្ធឡើង ក្នុងន័យស្វែងរកនូវកិច្ចសហប្រតិបត្តិការផ្សេងៗ រួមទាំងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា នាពេលកន្លងទៅសម្ដេចបានស្វែងយល់ពីតម្រូវការអង្កររបស់បង់ក្លាដេស ហើយមានបំណងទិញអង្ករពីកម្ពុជា។ ក្នុងន័យនេះសម្តេចតេជោលើកទឹកចិត្ត ឱ្យអ្នកវិនិយោគបង់ក្លាដេសគប្បីស្វែងរកវិធីសាស្ត្រ ដើម្បីអាចទិញអង្ករពីកម្ពុជាក្នុងតម្លៃសមស្របមួយ។
ដើម្បីទិញបានអង្ករក្នុងតម្លៃសមរម្យសម្តេចតេជោ ហ៊ុន សែន បានបង្ហាញផ្លូវឱ្យអ្នកវិនិយោគបង់ក្លាដេស មកវិនិយោគសង់ឃ្លាំង និងសង់រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ហើយកែច្នៃជាអង្ករនាំចេញទៅបង់ក្លាដេសតែម្តង។ សម្តេចតេជោ បានគូសបញ្ជាក់ថា ការធ្វើបែបនេះ ប្រជាជនបង់ក្លាដេសអាចទិញបានអង្ករក្នុងតម្លៃសមរម្យ ហើយអាចធានាបាននូវសុវត្ថិភាពចំណីអាហារ និងជួយជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ៕