FN ៖ ផ្សារដោះដូរទំនិញកម្ពុជា និងវៀតណាមជាលើកដំបូងនៅព្រំដែនកម្ពុជា-វៀតណាម សម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ។
ពិធីសម្ពោធផ្សារដែលមានឈ្មោះថា «ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ)» នេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ជីញ ឌិញ ស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រីវៀតណាម។
«ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ)» មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ ភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើផ្ទៃដីទំហំជិត២ហិកតា ចម្ងាយប្រមាណជា ៣០០ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម។ ទីតាំងផ្សារគំរូនេះ ជាដែនដីអតីតសមរភូមិដែលសម្តេចតេជោ ហ៊ុន សែន បានប្រយុទ្ធគ្នាចំនួន២០លើក ក្នុងអំឡុងឆ្នាំ១៩៧១។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយដែលបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្សារគំរូព្រំដែនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយបានមកកាន់តំបន់អតីតសមរភូមិដ៏ក្តៅកគុកនាអំឡុងទសវត្សរ៍ឆ្នាំ៧០។ ជាពិសេសចន្លោះឆ្នាំ១៩៧០ និងឆ្នាំ១៩៧២ មុនកងទ័ពអាមេរិក និងវៀតណាមខាងត្បូងដកចេញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្សារគំរូព្រំដែនកម្ពុជា នឹងផ្តល់លក្ខណៈងាយស្រួលដល់ការរកស៊ីរបស់ប្រជាពលរដ្ឋនៅតាមព្រំដែនប្រទេសទាំងពីរដោយស្របច្បាប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានជាង ៤៨០០លានដុល្លារអាមេរិក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋដែលមានជិត១០០លាននាក់ ជាទីផ្សារមួយសម្រាប់ផលិតផលរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយចំពោះវឌ្ឍនភាពសេដ្ឋកិច្ចរបស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចប្រាប់ភាគីវៀតណាមថា សម្តេចបារម្ភចំពោះស្ថានភាពសេដ្ឋកិច្ចរបស់វៀតណាម និងថៃ។ សម្តេចតេជោ លើកឡើងថា បើសេដ្ឋកិច្ចវៀតណាម និងថៃធ្លាក់ចុះ ក៏នឹងប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្សារគំរូព្រំដែនកម្ពុជានេះ នឹងក្លាយទៅជាផ្សារគំរូសម្រាប់ការជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតផ្សារគំរូព្រំដែនកម្ពុជានេះ គឺឆ្លើយតបទៅនឹងគោលដៅពីររបស់សម្តេច គឺប្រែក្លាយអតីតសមរភូមិទៅជាទីផ្សារ និងមានការអភិវឌ្ឍ និងប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ទៅជាតំបន់ព្រំដែនមិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា តំបន់ព្រំដែនដូង៧ដើមក្នុងឃុំដារ ស្រុកមេមត់ គឺជាអតីតសមរភូមិប្រយុទ្ធដ៏ស្រួចស្រាវជាមួយកងទ័ពវៀតណាមខាងត្បូង និងអាមេរិក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងអនិកជនវៀតណាមនៅកម្ពុជាមិនមែនជារឿងថ្មីនោះឡើយ គឺមានតាំងពីយូរលង់ណាស់មកហើយ ពោលតាំងពីសម័យអាណានិគមបារាំងមកម្ល៉េះ។ បារាំង បាននាំវៀតណាម មកធ្វើចំការកៅស៊ូនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា តំបន់ព្រំដែនដារនេះ គឺជាសមរភូមិក្តៅណាស់ ហើយការប្រយុទ្ធមិនមែនប្រយុទ្ធជាមួយខ្មែរ គឺប្រយុទ្ធជាមួយវៀតណាមខាងត្បូង និងអាមេរិក ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៧០ ដែលជាថ្ងៃកងទ័ពអាមេរិក និងវៀតណាមខាងត្បូងចូលមកកាន់ផ្លូវជាតិលេខ៧ ពីស្រុកស្នួល រហូតដល់ទន្លេបិទ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកំពុងប្រែក្លាយតំបន់ព្រំដែនទាំងអស់ទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រិបត្តិការ និងអភិវឌ្ឍន៍។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋនៅតំបន់ព្រំដែនគ្មានការភ័យខ្លាចទៀតទេ ដូច្នេះត្រូវជំរុញល្បឿននៃការអភិវឌ្ឍ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រជាពលរដ្ឋត្រូវការទីផ្សារ ហើយយើងត្រូវជំរុញការកែច្នៃផលិតផល ដើម្បីនាំចេញ។
* សម្តេចតេជោ ហ៊ុន សែន ស្នើវៀតណាមដោយទទូចបង្កើនការទិញទំនិញពីកម្ពុជា ព្រោះបច្ចុប្បន្នជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមខុសគ្នាឆ្ងាយណាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីអតីតកាលកម្ពុជា និងវៀតណាមផ្លោងគ្រាប់ដាក់គ្នា តែបច្ចុប្បន្នផ្លោងទំនិញដាក់គ្នាទៅវិញទៅមក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការនាំមកនូវទីផ្សារដោះដូរទំនិញរវាងកម្ពុជា និងវៀតណាម គឺជាជោគជ័យមួយនៃនយោបាយរបស់សម្តេចក្រោយការអនុវត្តន៍ដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំហំពាណិជ្ជកម្មផ្លូវការរវាងកម្ពុជា និងវៀតណាមមានជាង ៤៦០០លានដុល្លារ ប៉ុន្តែទំហំពាណិជ្ជកម្មក្រៅផ្លូវការអាចកើនដល់៥០០០លានដុល្លារទៅហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីគយ និងអន្តោប្រវេសន៍ មិនត្រូវធ្វើការរំខានណាមួយដល់ប្រជាពលរដ្ឋ ដែលរកស៊ីនៅផ្សារគំរូព្រំដែនកម្ពុជានោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើរំខានដល់ការរកស៊ីរបស់ប្រជាពលរដ្ឋ នឹងនាំឱ្យមានការរកស៊ីនៅតាមច្រករបៀងដែលនាំដល់ការជួញដូរខុសច្បាប់ រួមទាំងគ្រឿងញៀនជាដើម។
* សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅអភិបាលខេត្តត្បូងឃ្មុំថា បើផ្សាគំរូព្រំដែនដួលរលំ តំណែងរបស់អភិបាលខេត្តក៏នឹងត្រូវដកផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល៤១ឆ្នាំចុងក្រោយនេះ ខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម បានក្លាយជាខ្សែបន្ទាត់ព្រំដែនមានសន្តិភាព ខណៈដែលអតីតមានជម្លោះដោយសារការឈ្លានពានរបស់វៀតណាមខាងត្បូងគាំទ្រដោយអាមេរិក។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា តំបន់ព្រំដែនស្រុកមេមត់ ជាតំបន់ដែលសម្តេចបានតស៊ូ ជាពិសេសជាទីតាំងអនុស្សាវរីយ៍ដ៏ឈឺចាប់ គឺការស្លាប់កូនប្រុសច្បងរបស់សម្តេច។ សម្តេចតេជោ បានរំលឹកថា ផ្តើមចេញពីការឈឺចាប់នេះហើយនាំឱ្យសម្តេចបង្កើនល្បឿនក្នុងការរំដោះប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា សម្តេចបានស្រក់ទឹកភ្នែកនៅពេលវៀតណាមដកទ័ព ក្រោយខ្មែរក្រហមផ្តាច់ចំណងការទូតជាមួយវៀតណាម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងអំឡុងពេលនោះសម្តេចបានស្នើវៀតណាម កុំឱ្យចាប់បញ្ជូនពលរដ្ឋខ្មែរត្រឡប់ចូលប្រទេសវិញ ដែលនឹងត្រូវពលប៉ុតសម្លាប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្សារគំរូព្រំដែនចំនួនពីរទៀត ដែលគ្រោងធ្វើនៅខេត្តស្វាយរៀង និងកំពត គួរតែប្រើថវិកាជាតិរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ប្រាប់អភិបាលខេត្តកំពត និងស្វាយរៀង ត្រៀមដីសាងសង់ផ្សារគំរូព្រំដែន។
* សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យការសាងសង់ផ្សារលើកក្រោយត្រូវយកជាងរបស់កម្ពុជាផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីនៅថ្ងៃនេះបាននិយាយភាសាវៀតណាម ដើម្បីផ្ញើសារមួយចំនួនទៅថ្នាក់ដឹកនាំ និងពលរដ្ឋវៀណាមដែលចូលរួមពិធី។ ជាមួយការនិយាយវៀតណាមនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបចំពោះអ្នកលើកឡើងថា សម្តេចជាអាយ៉ងវៀតណាម ព្រោះតែនិយាយវៀតណាមផងដែរ។ សម្តេចតេជោ បានថ្លែងថា សម្តេចអាចនិយាយបានអង់គ្លេស និងបារាំងខ្លះផងដែរ ហេតុអ្វីមិនថាសម្តេចជាអាយ៉ងអង់គ្លេស និងបារាំងផងដែរ។
* មុនបញ្ចប់សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន បានស្នើទៅដល់សិស្សមកពីសាលាដារ ជួយថែរក្សាផ្នូររបស់របស់ ហ៊ុន កំសត់ ដែលជាកូនប្រុសរបស់សម្តេច។