FN ៖ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការនាំចេញរបស់កម្ពុជា ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩នេះ មានទឹកប្រាក់ប្រមាណជាង១០,៨១៣លានដុល្លារអាមេរិក កើនឡើង៦.៤៥ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ មានចំនួន១០,១៥៨លានដុល្លារអាមេរិក។
វិស័យសំខាន់ៗដែលជំរុញដល់ការនាំចេញនេះ មានវិស័យសម្លៀកបំពាក់ ស្បែកជើង អង្ករ និងផលិតផលមួយចំនួនទៀត។
យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០១៩ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២០ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែធ្នូនេះ បានបញ្ជាក់ថា «ការនាំចេញទំនិញទៅគ្រប់ទ្វីប ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩ មានទឹកប្រាក់ប្រមាណជាង១០,៨១៣លានដុល្លារអាមេរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៨ ដែលមានទឹកប្រាក់ប្រមាណ ជាង១០,១៥៨លានដុល្លារអាមេរិក កើនឡើងប្រមាណ៦៥៤លានដុល្លារអាមេរិក កើនឡើង៦.៤៥ភាគរយ»។
ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ទឹកប្រាក់ជាង១ម៉ឺនលានដុល្លារ ដែលនាំចេញតាមរយៈប្រព័ន្ធអនុគ្រោះនេះ ក្នុងនោះរួមមាន៖ ការនាំចេញសម្លៀកបំពាក់ មានទឹកប្រាក់ជាង៦,៤០៦លានដុល្លារអាមេរិក, វាយនភ័ណ្ឌមានទឹកប្រាក់ជាង៤០លានដុល្លារអាមេរិក, ស្បែកជើងមានទឹកប្រាក់ជាង៩០៥លានដុល្លារអាមេរិក, អង្ករមានទឹកប្រាក់ជាង២៨៦លានដុល្លារអាមេរិក និងផលិតផលផ្សេងៗមានទឹកប្រាក់ជាង៣,១៧៦លានដុល្លារអាមេរិក៕