FN ៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំ២០១៩នេះ ទុនវិនិយោគលើវិស័យសំណង់ នៅទូទាំងប្រទេសកម្ពុជា មានចំនួន៩,៣០០លានដុល្លារសហរដ្ឋអាមេរិក បើប្រៀបធៀបនិងឆ្នាំ២០១៨ មានការកើនឡើង រហូតទៅដល់៧៨ភាគរយ។
ការបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីមហាសន្និបាត បូកសរុបការងារប្រចាំឆ្នាំលើកទី៨ របស់សមាគម និងពិធីសម្ពោធបើកការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់ កម្ពុជា-អន្ដរជាតិ ឆ្នាំ២០១៩ ដែលរៀបចំដោយសមាគមអ្នកសាងសង់កម្ពុជា។ ពិធីនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «ទុនវិនិយោគលើវិស័យសំណង់ នៅក្នុងឆ្នាំ២០១៩នេះ មានចំនួន៩,៣០០លានដុល្លារ នៅទូទាំងប្រទេស ហើយបើប្រៀបធៀប ជាមួយនឹងទុនវិនិយោគ ដែលបានកត់ត្រានៅឆ្នាំ២០១៨ មានការកើនឡើង រហូតទៅដល់៧៨ភាគរយ»។
ទន្ទឹមគ្នានោះ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានក្រើនរំលឹកដល់អ្នកប្រកបអាជីព និងធុរជន ក្នុងវិស័យឧស្សាហកម្មសំណងទាំងអស់ ឲ្យចូលរួមគោរពច្បាប់សំណង់ និងបទប្បញ្ញត្តិនានា ពាក់ព័ន្ធវិស័យសំណង់ ឲ្យបានត្រឹមត្រូវ ដើម្បីធានានូវសុវត្តិភាព និងគុណភាពសំណង់នៅកម្ពុជាដូចជា៖
*ទី១៖ ត្រូវមានលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានមុនពេល ធ្វើការសាងសង់ និងត្រូវអនុវត្តតាមប្លង់បច្ចេកទេសដែលបានអនុញ្ញាត និងបទប្បញ្ញត្តិបច្ចេកទេសផ្សេងៗឲ្យបានត្រឹមត្រូវ
*ទី២៖ ក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ និង សិក្សាគម្រោងប្លង់ រួមទាំងក្រុម ជាងសំណង់ទាំងអស់ ត្រូវមកស្នើសុំចុះបញ្ជីជាអ្នកប្រកបអាជីវកម្មស្របតាមច្បាប់ជាធរមាន
*ទី៣៖ ត្រូវរៀបចំការដ្ឋានសាងសង់ ឱ្យមានសណ្តាប់ធ្នាប់ និងអនាម័យជាប្រចាំ និងការដ្ឋានសំណង់ទាំងអស់ត្រូវដឹកបេតុង ដី និងសម្ភារៈសំណង់ ធ្វើឲ្យជ្រះតាមដងផ្លូវសាធារណៈឡើយ
*ទី៤៖ ការដ្ឋានសំណង់ទាំងអស់ត្រូវមានបំពាក់ សម្ភារ និងឧបករណ៍សម្រាប់ការពារ សុវត្ថិភាព និងសុខភាព ជូនកម្មករទាំងអស់ដែលធ្វើការក្នុងការដ្ឋាន -ល-។
*ទី៥៖ ការដ្ឋានសំណង់ទាំងអស់ត្រូវមានវិស្វករ ស្ថាបត្យករ និងអ្នកគ្រប់គ្រងការដ្ឋាន នៅត្រួតពិនិត្យបច្ចេកទេសជាប្រចាំ ក្នុងការដ្ឋានសំណង់។
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ទៀតថា រាល់សំណង់ទាំងអស់ត្រូវ មានការសិក្សាតម្រោងប្លង់ស្ថាបត្យកម្ម ប្លង់គ្រឿងផ្គុំ សំណង់ ប្លង់ទឹក ភ្លើង និងមេកានិច រួមទាំងត្រូវមានការសិក្សា ពីភូគព្គសាស្រ្តឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសផងដែរ៕