FN ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកលោកស្រី នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកកង់ជូនដល់សិស្សានុសិស្សក្រីក្រចំនួន៤០០គ្រឿង ជូនសិស្សានុសិស្សក្រីក្រក្រីក្រ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
កង់ចំនួន ៤០០គ្រឿង គឺជាអំណោយរបស់អង្គការ កុកិសៃ KJO ប្រទេសជប៉ុន។ ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អគ្គនាយក, តំណាងរដ្ឋបាលរាជរាជធានីភ្នំពេញ, អភិបាលខណ្ឌព្រែកព្នៅ, តំណាងអង្គការកុកឺសៃ, លោកនាយកសាលា, អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមផងដែរ។
ថ្លែងសំណេះសំណាលជាមួយសិស្សានុសិស្ស នឹងមាតាបិតា នាឱកាសនោះ រដ្ឋមន្ត្រី វង សូត បានលើកឡើងថា ក្រោមកិច្ចសហការជាមួយអង្គការកុមារអាស៊ីអាស្ដេកា និងអង្គការកុកិសៃ KJO ជប៉ុន ដែលផ្ដល់ជំនួយជាកង់ចំនួន ៤០០គ្រឿង បន្ថែមសម្រាប់ធ្វើ ការចែកជូនដល់ក្មួយៗកុមារ សិស្សានុសិស្សក្រីក្រមកពីតាមបណ្តារសាលាបឋមសិក្សា, អនុវិទ្យាល័យ និងវិទ្យាល័យក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់ជួយកុមារា កុមារី សិស្សានុសិស្ស ដែលជួបដោះស្រាយបញ្ហាលំបាក គ្មានមធ្យោបាយធ្វើដំណើរ ទៅសាលារៀន។
ជាមួយគ្នានោះ រដ្ឋមន្ត្រី វង សូត បានផ្ដាំផ្ញើដល់ក្មួយៗកុមារទាំងអស់ សូមឲ្យក្មួយៗ យកចិត្តទុកដាក់ ខិតខំរៀនសូត្រ ស្ដាប់បង្កាប់ឪពុកម្ដាយ អ្នកគ្រូ លោកគ្រូ និងត្រូវខិតខំរៀនសូត្រឲ្យទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងក្លាយជាពលរដ្ឋល្អ សម្រាប់ពេលអនាគត់ ក្លាយជាទំពាំងស្នងឬស្សី សសម្រាប់បន្តវេណ មនុស្សជំនាន់ក្រោយៗទៀត។
លោក វង សូត បានលើកឡើងបន្ថែមថា នៅពេលដែលក្មួយៗ ទទួលបាននូវកង់ដល់ស្រស់ស្អាតនេះ ត្រូវចេះថែរក្សាឲ្យបានគង់វង្ស និងសូមក្មួយៗ ជិះកង់ដោយប្រុងប្រយ័ត្ន និងត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ចាប់ខ្ជួន ដើម្បីបង្ការ កុំឲ្យមានគ្រោះថ្នាក់ ចរាចរបណ្ដាលឲ្យខាតបង់ទ្រព្យសម្បត្តិ ប្រាក់កាស អាយុជីវិត និងពេលវេលារៀនសូត្រទៀតផង៕