FN ៖ ប្រធានាធិបតីហុងគ្រី យ៉ាណូស អាឌ័រ ដែលជាប្រទេសមួយនៃសមាជិកសហភាពអឺរ៉ុបដែរនោះ បន្តប្រកាសប្រឹងប្រែងជួយការពារប្រព័ន្ធអនុគ្រោះពន្ធ (EBA) សម្រាប់ទំនិញរបស់កម្ពុជានៅលើទីផ្សារអឺរ៉ុប មិនឱ្យមានការដកដូចការព្រមានរបស់គណៈកម្មការអឺរ៉ុបនោះឡើយ។
ការប្រកាសបង្ហាញជំហរជួយការពារ EBA សម្រាប់កម្ពុជា បានធ្វើឡើងក្នុងពេលលោក យ៉ាណូស អាឌ័រ ជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្តិភាពនារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ។
លោក យ៉ាណូស អាឌ័រ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកមកកាន់ប្រទេសកម្ពុជានាពេលនេះ លោកបានបង្ហាញការស្ញប់ស្ញែងចំពោះការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា។ លោកបានមើលឃើញថា ភាពរីកចម្រើនរបស់កម្ពុជា គឺមានការចូលរួមចំណែកដ៏សំខាន់ពីទទួលបានប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញនៅលើទីផ្សារអឺរ៉ុប។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន លោកប្រធានាធិបតីបានប្រកាសមិនគាំទ្រឡើយចំពោះគម្រោងដក EBA ពីកម្ពុជា។
លោកប្រធានាធិបតីហុងគ្រី ដែលធ្លាប់បានបម្រើការងារជាសមាជិកសភាអឺរ៉ុបដែរនោះបានអះអាងថា ក្នុងនាមជាប្រទេសសមាជិកសហភាពអឺរ៉ុប លោកនឹងប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បីការពារប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជានៅលើទីផ្សារអឺរ៉ុប។
លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ដល់អ្នកព័ត៌មានយ៉ាងដូច្នេះ «ហុងគ្រីបានលើកឡើងជាថ្មីទៀតថា ហុងគ្រីនៅតែបន្តគាំទ្រកម្ពុជា និងស្នើមិនឱ្យមានការដកហូត EBA ពីកម្ពុជា»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោកប្រធានាធិបតីហុងគ្រី ដែលបានផ្តល់យុត្តិធម៌សម្រាប់កម្ពុជា និងជួយការពារកម្ពុជា ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធនេះ។
សូមបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ សហភាពអឺរ៉ុប បានប្រកាសចាប់ផ្តើមដំណើរការនីតិវិធីដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធ Everything But Arms (EBA)។ ប្រព័ន្ធ EBA អាចនឹងលុបចោលប្រសិនបើរកឃើញថា ប្រទេសទទួលផលនេះ មិនគោរពសិទិ្ធមនុស្ស និងសិទ្ធិការងារសំខាន់ៗ។
កិច្ចព្រមព្រៀងអនុគ្រោះពន្ធ ឬ EBA (Everything But Arms) ជាកិច្ចព្រមព្រៀងដែលសហភាពអឺរ៉ុប បានផ្តល់ឱ្យកម្ពុជា និង ប្រទេសអភិវឌ្ឍតិចតួចផ្សេងទៀតនៅលើពិភពលោកនូវឱកាសនាំគ្រប់ផលិតផលទាំងអស់ (លើកលែងតែអាវុធ) ចូលទៅក្នុងទីផ្សាររួមតែមួយរបស់សហភាពអឺរ៉ុប ដោយមិនជាប់ពន្ធគយ និងមិនជាប់កូតា។
ការផ្តួចផ្តើមគំនិតនេះ មិនមានន័យថា សហភាពអឺរ៉ុបចាប់ផ្តើមព្យួរប្រព័ន្ធអនុគ្រោះពន្ធភ្លាមៗ ឬជាស្វ័យប្រវត្តិនោះឡើយ គ្រាន់តែជាពេលវេលាដែលចាប់ផ្តើមបើកនីតិវិធីពិគ្រោះយោបល់ជាផ្លូវការតែប៉ុណ្ណោះ។ កម្ពុជាមានរយៈពេល៦ខែក្នុងការជជែកតវ៉ា និងលើកហេតុផលផ្សេងៗពន្យល់ទៅគណៈកម្មការអឺរ៉ុប។
ប្រសិនបើគណៈកម្មការអឺរ៉ុបមិនទទួលយកការពន្យល់របស់កម្ពុជា ហើយនៅតែសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន គឺត្រូវប្រើរយៈពេលចំនួន ១៨ខែ គិតចាប់ពីថ្ងៃចាប់ផ្តើម (១២ កុម្ភៈ ២០១៩) រហូតដល់ការចូលជាធរមាន។
ពោលទំនិញរបស់កម្ពុជានៅតែបន្តនាំចូលទៅកាន់សហភាពអឺរ៉ុបដោយមិនជាប់ពន្ធរយៈពេលជាង ១ឆ្នាំទៀត មុននឹងមានការសម្រេចជាថ្មី។
រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាសដោយចាត់ទុកថា ការសម្រេចចិត្តអឺរ៉ុបនេះ ជារឿងភាពអយុត្តិធម៌បំផុត ព្រោះនេះបង្ហាញឲ្យឃើញថា សហភាពអ៊ឺរ៉ុបបានបដិសេធដោយចំហរ អំពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ដែលប្រទេសកម្ពុជាសម្រេចបាន។
ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេច ព្រមទាំងដាក់ចេញនូវយន្តការផ្សេងៗទៀត ដើម្បីឆ្លើយតបនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ៕