FN ៖ លោក Janos Ader ប្រធានាធិបតីហុងគ្រី បានប្រកាសជំហរថា រដ្ឋាភិបាលហុងគ្រី ក្នុងនាមជាសមាជិកអឺរ៉ុប នឹងនៅតែបន្តគាំទ្រដល់ប្រទេសកម្ពុជា ហើយប្រឆាំងចំពោះការដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ពីប្រទេសកម្ពុជា។
ការប្រកាសជំហរនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ លោកប្រធានាធិបតីហុងគ្រី នៅប្រទេសហុងគ្រី នារសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងអំពីលទ្ធផល នៃជំនួបនេះថា នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានលើកចំណុចពាក់ព័ន្ធ EBA។ សម្តេចបានស្នើលោកប្រធានាធិបតីហុងគ្រី បន្តជួយកម្ពុជាពាក់ព័ន្ធនឹងបញ្ហា EBA ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចបានគូសបញ្ជាក់ថា ការសម្រេចយ៉ាងណា អាស្រ័យលើសហភាពអឺរ៉ុប ប៉ុន្តែធ្វើយ៉ាងណាឱ្យសហភាពអឺរ៉ុប ធ្វើការសម្រេចប្រកបដោយយុត្តិធម៌សម្រាប់កម្ពុជា។
បន្ទាប់ពីលើកឡើងពីប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ហើយនោះ លោក កៅ គឹមហួន ក៏ចាប់ផ្តើមបញ្ជាក់អំពីជំហររបស់ រដ្ឋាភិបាលហុងគ្រី ចំពោះបញ្ហា EBA កម្ពុជា។ លោកបានបញ្ជាក់ថា៖ «ឯកឧត្តមប្រធានាធិបតី បានមានប្រសាសន៍ឆ្លើយតបថា ប្រទេសហុងគ្រីគឺជា សម្ព័ន្ធមិត្តរបស់ប្រទេសកម្ពុជា ហើយសម្តេចអាចដឹងបញ្ហានេះហើយ ដែលបោះឆ្នោត ពាក់ព័ន្ធនឹងបញ្ហា EBA ជាមួយកម្ពុជានេះ មានតែរដ្ឋាភិបាលហុងគ្រីតែមួយគត់ ដែលបានបោះប្រឆាំង មិនគាំទ្រឱ្យមានការដក EBA ពីកម្ពុជា ក្នុងនោះដែរ ឯកឧត្តមបានមានប្រសាសន៍ថា បើសិនជាសមាជិក EU ផ្សេងទៀតប្រកាសគាំទ្រជារឿងល្អណាស់ ហើយរដ្ឋាភិបាលហុងគ្រី នៅតែបន្តគាំទ្រប្រទេសកម្ពុជា ទៅលើបញ្ហា EBA នេះ»។
លោករដ្ឋមន្រ្តីប្រតិភូ បានដកស្រង់សម្តីរបស់ប្រធានាធិបតីហុងគ្រីទៀតថា «ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា អ្វីដែលសំខាន់ គឺដោយសារ សហភាពអឺរ៉ុប និងគណៈកម្មការអឺរ៉ុប ដែលគណៈកម្មការ នឹងគណៈកម្មការថ្មីនៅពេលខាងមុខនេះ ហើយឯកឧត្តមបានគូសបញ្ជាក់ថា នៅពេលគណៈកម្មការថ្មី ចាប់ផ្តើមធ្វើការ យើងនឹងបន្តការងារនេះ ហើយយើងនឹងបន្តគាំទ្រដល់ប្រទេសកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា ប្រទេសហុងគ្រី នៅតែទាមទារបន្តគាំទ្រដល់ប្រទេសកម្ពុជា លើបញ្ហា EBA»។
កាលពីខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ សហភាពអឺរ៉ុបបានប្រកាសអំពីការចាប់ផ្តើមដំណើរការនីតិវិធី ដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធនេះ។ ប្រព័ន្ធ EBA អាចនឹងលុបចោល ប្រសិនបើរកឃើញថាប្រទេសទទួលផលនេះ មិនគោរពសិទិ្ធមនុស្ស និងសិទ្ធិការងារសំខាន់ៗ។
ការផ្តួចផ្តើមគំនិតនេះ មិនមានន័យថា សហភាពអឺរ៉ុបចាប់ផ្តើមព្យួរប្រព័ន្ធអនុគ្រោះពន្ធភ្លាមៗ ឬជាស្វ័យប្រវត្តិនោះឡើយ គ្រាន់តែជាពេលវេលា ដែលចាប់ផ្តើមបើកនីតិវិធីពិគ្រោះយោបល់ ជាផ្លូវការតែប៉ុណ្ណោះ។ កម្ពុជាមានរយៈពេល៦ខែ ក្នុងការជជែកតវ៉ា និងលើកហេតុផលផ្សេងៗ ពន្យល់ទៅគណៈកម្មការអឺរ៉ុប។ប្រសិនបើគណៈកម្មការអឺរ៉ុប មិនទទួលយកការពន្យល់របស់កម្ពុជា ហើយនៅតែសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន គឺត្រូវប្រើរយៈពេលចំនួន១៨ខែ គិតចាប់ពីថ្ងៃចាប់ផ្តើម (១២ កុម្ភៈ ២០១៩) រហូតដល់ការចូលជាធរមាន។ ពោលទំនិញរបស់កម្ពុជានៅតែបន្ត នាំចូលទៅកាន់សហភាពអឺរ៉ុប ដោយមិនជាប់ពន្ធរយៈពេលជាង១ឆ្នាំទៀត មុននឹងមានការសម្រេចជាថ្មី។
រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ការសម្រេចចិត្តអឺរ៉ុបនេះជារឿងភាពអយុត្តិធម៌បំផុត។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេច ព្រមទាំងដាក់ចេញនូវយន្តការផ្សេងៗទៀត ដើម្បីឆ្លើយតបនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ៕