FN ៖ បន្ទាប់ពីបានអញ្ជើញទៅដល់ប្រទេសឆែក កាលពីម្សិលមិញ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាប់ផ្ដើមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប្រាក ប្រទេសឆែក។
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ និងរ៉ាក់ទាក់បំផុតពីសំណាក់លោក Andrej Babis នាយករដ្ឋមន្ត្រីឆែក។ បន្ទាប់ពីបដិសណ្ឋារកិច្ចជាផ្លូវការ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឆែក បានអញ្ជើញជួបពិភាក្សាចង្អៀត និងប្រជុំកំពូលទ្វេភាគី រួមទាំងពិធីទទួលទានអាហារការងារថ្ងៃត្រង់ ក្នុងបរិយាកាសស្និទ្ធស្នាល និងរ៉ាក់ទាក់បំផុត។
ក្នុងជំនួបកំពូលទ្វេភាគី ប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-ឆែក បានធ្វើការពិភាក្សាគ្នា ដោយឆ្លុះបញ្ចាំងពីទំនាក់ទំនង ទ្វេភាគីដ៏ជិតស្និទ្ធ និងមានជាយូរណាស់មកហើយ ដែលបានផ្តួចផ្តើមដោយមេដឹកនាំនៃប្រទេសទាំងពីរ។ ក្នុងជំនួបកំពូលនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានបំពេញព្រះរាជតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហការយ៉ាងកក់ក្តៅរបស់ប្រជាជននៃប្រទេសទាំងពីរ។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយ ដែលមិនអាចកាត់ថ្លៃបានរបស់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឆែក ដែលបានផ្តល់ដល់កម្ពុជាក្នុងគ្រាលំបាកបំផុត បន្ទាប់ពីការរំដោះប្រទេសក្នុងឆ្នាំ១៩៧៩។
ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានធ្វើការពិនិត្យឡើងវិញ ដោយក្តីពេញចិត្តចំពោះការអភិវឌ្ឍ នៃទំនាក់ទំនងកម្ពុជា-ឆែក និងវឌ្ឍនភាព ដែលបានធ្វើក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីជាផលប្រយោជន៍រួម សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ និងបានប្តេជ្ញាចិត្តពង្រឹងចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និងកសិកម្ម។
ក្នុងជំនួបកំពូលគ្នានោះ មេដឹកនាំទាំងពីរ បានផ្លាស់ប្តូរយោបល់ និងឯកភាពគ្នាលើការលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក។ ជាងនេះទៅទៀត មេដឹកនាំទាំងពីរ បានទទួលស្គាល់ពីសារសំខាន់ នៃការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ពហុភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព និងសមាហរណកម្មពិភពលោក ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍពិភពលោក។
មេដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាជំរុញទំនាក់ទំនង នៅគ្រប់កម្រិតរួមទាំងផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ខ្ពស់ និងកិច្ចពិគ្រោះយោបល់នយោបាយរវាង ក្រសួងការបរទេស នៃប្រទេសទាំងពីរសំដៅស្វែងរកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឆែក ចំពោះការបង្វែរបំណុល ទៅជាជំនួយអភិវឌ្ឍន៍ សម្រាប់ប្រទេសកម្ពុជា ពិសេសការបន្តគាំទ្រពីសំណាក់ រដ្ឋាភិបាល និងប្រជាជនឆែក ក្នុងការបន្តគាំទ្រផ្តល់ជំនួយក្នុងវិស័យអប់រំ សុខាភិបាល និងអភិវឌ្ឍន៍ជនបទ ក្រោមកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍។
ភាគីទាំងពីរបានឯកភាពគ្នា រៀបចំផែនការរួមដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ នៅឆ្នាំ២០២១។ លោកនាយករដ្ឋមន្រ្តីឆែក Andrej Babis បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ចំពោះសន្តិភាព និងស្ថិរភាពក្រោមការដឹកនាំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានដឹកនាំប្រទេសឆ្ពោះ ទៅរកការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព។
នាយករដ្ឋមន្រ្តីឆែក បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជា នឹងសម្រេចគោលដៅទៅជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។
នៅក្នុងជំនួបគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានគោរពអញ្ជើញ នាយករដ្ឋមន្រ្តីឆែក Andrej Babis មកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា តាមពេលដ៏សមស្រប។ លោកនាយករដ្ឋមន្រ្តី បានទទួលយកនូវការអញ្ជើញ ដោយសេចក្តីរីករាយ និងបានថ្លែងនូវអំណរគុណជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី ចំពោះការអញ្ជើញនេះ។
នៅក្រោយជំនួបប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ អញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើ ឯកសារសំខាន់ៗ ចំនួនពីររួមមាន៖ អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាលកម្ពុជា និងទីភ្នាក់ងារអនុវត្តគម្រោងសុខាភិបាលឆែក VAMED និងអនុស្សារណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មឆែក។
ការចុះហត្ថលេខា នៃអនុស្សារណៈទាំងពីរនេះ គឺជាការបង្អុលបង្ហាញពីបំណងប្រាថ្នា របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ក្នុងការពង្រីកចំណងមិត្តភាព និងបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍នៃ ប្រជាជនទាំងពីរ។
សូមបញ្ជាក់ថា កម្ពុជា បានភ្ជាប់ទំនាក់ទំនងការទូតជាមួយអតីតសាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៥៦។ នៅឆ្នាំ១៩៧៥ ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម។ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៦ ទំនាក់ទំនងការ ទូតរវាងកម្ពុជា និងឆែក ត្រូវបានបង្កើតឡើងវិញ បន្ទាប់ពីប្រទេសឆេកូស្លូវ៉ាគី បែងចែកជាពីរ៕