FN ៖ លោក ជា វុទ្ធី អគ្គលេខាធិការង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០១៦ មកដល់ខែសីហា ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឯកភាពលើគម្រោង វិនិយោគចំនួន ៨៣១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២២,៥ប៊ីលានដុល្លារអាមេរិក។
ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើឡើងនៅក្នុងឱកាសដែល អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «សក្តានុពលនៃការវិនិយោគនៅកម្ពុជា» នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ នាទីស្ដីការគណៈរដ្ឋមន្ដ្រី។
លោក ជា វុទ្ធី បានថ្លែងថា ឈរលើមូលដ្ឋាននៃសុខសន្តិភាព និងស្ថិរភាពនយោបាយយ៉ាងរឹងមាំ ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់ ៧,៧% ហើយបានចាកចេញពីឋានៈ ជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥។
លោកបញ្ជាក់ថា «នៅក្នុងវិស័យវិនិយោគ កម្ពុជាក៏សម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរ ដោយគិតតចាប់តាំងពីឆ្នាំ២០១៦ មកដល់ខែសីហា ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឯកភាពលើគម្រោង វិនិយោគចំនួន ៨៣១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២២,៥ប៊ីលានដុល្លារអាមេរិក»។
លោក ជា វុទ្ធី បានបន្ថែមថា ជាការកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ សកម្មភាពវិនិយោគមានការកើនឡើងជាលំដាប់រៀងគ្នា ទាំងចំនួនគម្រោង ទាំងទុនវិនិយោគ។ ជាក់ស្ដែង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឯកភាពលើគម្រោងវិនិយោគចំនួន១៧១គម្រោង ដែលមានទុនវិនិយោគប្រមាណ ៣,៦ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៦, ១៨៣គម្រោងដែលមានទុនវិនិយោគ ៦,៣ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៧, និង ២៥៥គម្រោងដែលមានទុនវិនិយោគ ៦,៤ប៊ីលានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៨។
ក្នុងរយៈពេលដូចគ្នានេះដែរ សកម្មភាពវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក៏មានការកើនឡើងជាបន្តបន្ទាប់ផងដែរ ក្នុងនោះនៅឆ្នាំ២០១៦ គម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៤២គម្រោង ដែលមានទុនវិនិយោគប្រមាណ ២៨៣លានដុល្លារអាមេរិក, នៅឆ្នាំ២០១៧ មាន ៤៧គម្រោងដែលមានទុនវិនិយោគ ៤៨៤លានដុល្លារអាមេរិក, និងនៅឆ្នាំ២០១៨ មាន ៧៩គម្រោងដែលមានទុនវិនិយោគ ៤៤២លានដុល្លារអាមេរិក។
ដោយឡែក ក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៩ គម្រោងវិនិយោគមានចំនួន ២២២គម្រោង ដែលមានទុនវិនិយោគប្រមាណជាង ៦ប៊ីលានដុល្លារអាមេរិក ពោលគឺមានការកើនឡើងចំនួន ៨១គម្រោង និងទុន វិនិយោគប្រមាណ ១,៨៨ប៊ីលានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០១៨។ ហើយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គម្រោងវិនិយោគមានចំនួន ៧១គម្រោង ដែលមានទុនវិនិយោគប្រមាណ ៥៧៨លានដុល្លារអាមេរិក ពោលគឺមានការកើនឡើងចំនួន ២៦គម្រោង និងទុនវិនិយោគប្រមាណ ១៩លានដុល្លារអាមេរិក។
លោក ជា វុទ្ធី គត់សម្គាល់ថា «គិតត្រឹមខែសីហា ឆ្នាំ២០១៩ នេះ តំបន់សេដ្ឋកិច្ចពិសេសដែលកំពុងមានប្រតិបត្តិការមានចំនួន ២៣តំបន់ ក្នុងនោះមានគម្រោងវិនិយោគចំនួន ៤៨២គម្រោង ដែលមានទុនវិនិយោគប្រមាណជាង ៣,៦ប៊ីលានដុល្លារអាមេរិក ហើយទំហំនៃការនាំចេញដែលមានប្រភពចេញពីតំបន់សេដ្ឋកិច្ចពិសេសមានប្រមាណ ១៥%នៃទំហំនាំចេញសរុប របស់ព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០១៨»។
ទន្ទឹមនឹងកំណើននៃសកម្មភាពវិនិយោគជារួម ដែលមានការកើនឡើងជាបន្តបន្ទាប់នោះ គិតចាប់ពីឆ្នាំ២០១៦ ដល់ខែសីហា ឆ្នាំ២០១៩ សកម្មភាពវិនិយោគតាមវិស័យ ដែលលេចធ្លោជាងគេគឺវិស័យទេសចរណ៍ ដែលមានប្រមាណ៤៧%, វិស័យហេដ្ឋារចនាសម្ព័ន្ធ ២៤%, វិស័យឧស្សាហកម្ម និងកម្មន្តសាល ២៣%, និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ៦% នៃទំហំវិនិយោគសរុប។
លោកបានបន្ថែមថា ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០១៩ ចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មនិងកម្មន្តសាលមានការកើនឡើងខ្លាំង ខណៈទុនវិនិយោគក្នុងវិស័យទេសចរណ៍ មានការកើនឡើងជាគំហុក ប្រមាណជាង ៩៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ ដោយឡែក តួលេខវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម និងវិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ មានការថយចុះ៕