FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្ត្រីឡាវ បានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចទ្វេរភាគី តាមរយៈកិច្ចប្រឹងប្រែងរួម ដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសបង្កើនពាណិជ្ជកម្មទ្វេភាគីលើវិស័យថាមពលអគ្គិសនី នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ។
តាមរយៈសេចក្តីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពី ដែលមាន១២ចំណុច បានបញ្ជាក់ឱ្យដឹងថា សារៈសំខាន់នេះ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដូចជា៖ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហិរញ្ញវត្ថុ ការដឹកជញ្ជូន ទូរគមនាគមន៍ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជលូតុវិទ្យា និងបរិស្ថាន។ ភាគីទាំងពីរយល់ស្របគ្នាថា ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសង្គម-វប្បធម៌ ដែលរួមមានសុខុមាលភាពសង្គម អប់រំ និងកីឡា ព័ត៌មាន វប្បធម៌ និងទេសចរណ៍ ការថែរក្សាសុខភាព និងយុវជន មិនត្រឹមតែគាំទ្រ ដល់ទំនាក់ទំនងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ស្មារតីភាព រវាងប្រជាជាតិទាំងពីរផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់ នៃការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី តាមរយៈកិច្ចប្រឹងប្រែងរួមដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ហើយព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗ ទៀតដូចជា៖ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហិរញ្ញវត្ថុ ការដឹកជញ្ជូន ទូរគមនាគមន៍ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដលូតុវិទ្យា និងបរិស្ថាន»។
ថ្នាក់ដឹកនាំកំពូលទាំងពីរ បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ជាពិសេសតាមរយៈការបង្កើនពាណិជ្ជកម្មទ្វេភាគីផ្នែក ថាមពលអគ្គិសនី ផលិតពីប្រភពវារីអគ្គិសនីរោងចក្រដើរដោយធ្យូងថ្ម និងប្រភពថាមពលកកើតឡើងវិញផ្សេងៗទៀត រវាងប្រទេសទាំងពីរ នៅក្នុងបណ្តាឆ្នាំខាងមុខផ្អែកតាម សមត្ថភាពផងខ្លួន។ ក្នុងន័យនេះ ភាគីទាំងពីរបានឯកភាពគ្នាជំរុញលើកទឹកចិត្តដល់ស្ថាប័ន ពាក់ព័ន្ធទាំងសងខាងធានាថា ការសាងសង់បណ្តាញបញ្ជូន អគ្គិសនីតង់ស្យុងខ្ពស់ រវាងកម្ពុជា-ឡាវនឹងត្រូវបានរួចរាល់តាមការព្រមព្រៀងគ្នា និងស្របតាមផែនការ។ ភាគីទាំងពីរបានបង្ហាញនូវបំណងរួមក្នុងការជំរុញពាណិជ្ជកម្ម ថាមពលថ្នាក់តំបន់ ហើយយល់ស្របគ្នាថា ពាណិជ្ជកម្មថាមពលរវាងកម្ពុជា-ឡាវ និងវៀតណាម អាចនឹងជំរុញបានតាមរយៈការបង្កើតនូវបណ្តាញ បញ្ជូនអគ្គិសនីរួមនៃប្រទេសទាំងបី។
សូមបញ្ជាក់ថា លោកបណ្ឌិត ថងលូន ស៊ីស៊ូលីត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់ប្រទេសកម្ពុជា នៅម៉ោងប្រមាណ៩៖៣០នាទី ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីកម្ពុជា៕