FN ៖ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ បានបន្ដចុះពិនិត្យការសាងសង់ផ្ទះ ជូនអតីតយុទ្ធជនកម្ពុជា នៅស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ដើម្បីត្រៀមនឹងបញ្ចប់ទាំងស្រុង ប្រមាណ២០០ខ្នង នៅចុងខែធ្នូ ឆ្នាំ២០១៩ខាងមុខ។
ទេសរដ្ឋមន្ដ្រី គន់ គីម ក្នុងឱកាសចុះពិនិត្យនៅព្រឹកមិញនេះ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ដំណើរការសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជា ដើម្បីមករស់នៅក្នុងស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យនេះ បានបញ្ចប់រួចរាល់ប្រមាណ១៥០ខ្នងផ្ទះហើយ។ លោក គន់ គីម បន្ថែមទៀតថា ក្នុងចំណោមផ្ទះដែលធ្វើរួចរាល់ សមាគមក៏បានប្រគល់ជូនសមាជិកជាបណ្ដើរៗផងដែរ ដើម្បីចូលស្នាក់នៅ។
អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានបញ្ជាក់ថា សម្រាប់ផ្ទះជាង២០០ខ្នង ដែលសាងសង់នៅស្រុកចុងកាល់នេះ ដើម្បីត្រៀមចែកជូនសមាជិកអតីតយុទ្ធជន ដែលមានជីវភាពលំបាក ពោលគ្មានដី គ្មានផ្ទះសម្បែងពិតប្រាកដ ដើម្បីស្នាក់នៅ។
បើតាមលោក គន់ គីម ផ្ទះនៅតំបន់នេះ ១០០ខ្នង នឹងត្រូវប្រគល់ជូនអតីតយុទ្ធជននៅរាជធានីភ្នំពេញ ចំនួន១០០គ្រួសារ ដោយឡែក ផ្ទះដែលនៅសល់ផ្សេងទៀត នឹងត្រូវប្រគល់ជូនខេត្តឧត្តរមានជ័យ ចំនួន៥០ខ្នង និងខេត្ដមួយចំនួនទៀត ដែលមានសមាជិកគ្មានផ្ទះ គ្មានដី ហើយស្ម័គ្រចិត្តមករស់នៅតំបន់នេះ ជាមួយនឹងការបង្កបង្កើនផលដើម្បីចិញ្ចឹមជីវិត។
ក្រៅពីការផ្ដល់ជូននូវដី និងផ្ទះសម្រាប់ស្នាក់នៅនេះ សមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាននោះ ក៏បានប្រគល់ជូនដីសម្រាប់បង្កបង្កើនផល ចំនួនមួយគ្រួសារ ២ហិចតាផងដែរ។ នេះបើតាមការឲ្យដឹងពី ទេសរដ្ឋមន្ដ្រី គន់ គីម។
បន្ថែមពីនេះ ទេសរដ្ឋមន្ដ្រី គន់ គីម អំពាវនាវដល់សមាជិកសមាគមអតីតយុទ្ធជនតាមបណ្ដាខេត្តទាំងអស់ ដែលមិនមានផ្ទះ និងដីពិតប្រាកដ ត្រូវដាក់ពាក្យស្នើសុំមកគណៈកម្មការ សមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីរៀបចំធ្វើការបែងចែក និងប្រគល់ដី និងផ្ទះសម្រាប់ស្នាក់នៅ ដើម្បីជាការតបស្នងនូវអ្វីដែលអតីតយុទ្ធជនបានពលីជូនជាតិ មាតុភូមិ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលជាគ្រួសាររបស់អតីតយុទ្ធជនកម្ពុជា ក៏បានសម្ដែងនូវការរំភើបរីករាយ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋម ន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់ពួកគាត់ ដែលសាងសង់ផ្ទះ និងផ្ដល់ដីបន្ថែមសម្រាប់បង្កបង្កើនផល។
គួរជម្រាបថា បងប្អូនប្រជាពលរដ្ឋដែលជាគ្រួសារអតីតយុទ្ធជនកម្ពុជា បន្ទាប់ពីទទួលបានផ្ទះ និងដី បានធ្វើឲ្យជីវភាពការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ហាក់មានការល្អប្រសើរជាមុន ដោយពួកគាត់អាចបង្កបង្កើនផលបន្ថែម នៅលើដីដែលសមាគមអតីតយុទ្ធជនកម្ពុជាប្រគល់ជូន និងបន្ថែមពីលើអ្វីដែលជារបបរាជរដ្ឋាភិបាលប្រគល់ជូនជាបន្ដបន្ទាប់ផងដែរ៕