FN ៖ តបតាមសំណូមពរ របស់សហគមន៍កសិកម្មនៅក្នុងឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងពេលដំណើរបំពេញបេសកកម្ម របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចុះត្រួតពិនិត្យគ្រោះរាំងស្ងួត នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបនាពេលថ្មីៗ, នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានចាត់ឲ្យលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម បញ្ជូនគ្រឿងយន្តកសិកម្ម ចុះជួយស្តារធ្វើការដាំដុះស្រូវឡើងវិញ រួមទាំងស្រូវពូជផងដែរ ចែកជូនដល់សមាជិកសហគមន៍ ដែលសកម្មក្នុងការស្តារដំណាំស្រូវរបស់ពួកគាត់ឡើងវិញ។
នៅក្នុងដំណាក់កាលដំបូងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ចេញគ្រាប់ពូជស្រូវផ្ការំដួល ក្នុងក្របខ័ណ្ឌប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចំនួន២៩តោន ដើម្បីចែកជូនប្រជាជនជាង៣០០គ្រួសារ សម្រាប់ការស្តារឡើងវិញលើផ្ទៃដី២៩០ហិកតា។
ដំណាំស្រូវដែលភ្ជួរចោលនាពេលនេះ គឺជាប្រភេទស្រូវស្រាលមិនប្រកាន់រដូវស្ថិតក្នុងដំណាក់កាលផើម មានសភាពក្រិន និងមានស្មៅដុះច្រើន មិនអាចសង្គ្រោះបានទោះជាមានភ្លៀងធ្លាក់ ឬមានទឹកបូមសង្គ្រោះក៏ដោយ។
លោករដ្ឋមន្ត្រី វេង សាខុន បញ្ជាក់ឲ្យដឹងថា សហគមន៍កសិកម្មនៅឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គឺសហគមន៍កសិកម្មមួយដែលភាពសកម្ម ដោយបានប្រឹងប្រែងជីកប្រឡាយ ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លូន បំពាក់ម៉ាស៊ីន សម្រាប់បូមទឹកស្រោចស្រព្វដំណាំស្រូវរបស់ពួកគេ ដោយឃើញដូច្នេះ ទើបក្រសួងកសិកម្ម វាយតម្លៃថាអាចជួយពួកគាត់បាន ក្នុងការជួយស្តារឡើងវិញ នូវដំណាំស្រូវនេះ ទើបណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម ចុះជួយដល់សហគម៍កសិករ។
បើតាមលោករដ្ឋមន្ត្រី ក្នុងដំណើរបំពេញបេសកកម្មរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ២១ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តជុំវិញបឹងទន្លេសាបទាំង៦ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងកំពង់ធំ ពិនិត្យឃើញថា ផ្ទៃដីដែលមានប៉ះពាល់ដោយគ្រោះរាំងស្ងួត ប្រមាណ១៣២,៦១៧ហិកតា ដែលស្មើនឹង៧ភាគរយ ផ្ទៃដីបង្កបង្កើនផលដែលសម្រេចបាន ក្នុងដើមរដូវវស្សាឆ្នាំ២០១៩នេះ មានចំនួន១.៨លានហិកតា៕