FN ៖ នៅចំពោះមុខលោក រ៉ូប៊ែរតូ អាហ្សវ៉េដូ (Roberto Azevedo) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក WTO, សម្តេចតេជោ ហ៊ុន សែ នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិយាយរិះគន់ចំៗទៅលើចំណាត់ការរបស់គណៈកម្មការអឺរ៉ុប (EU) ដែលកំពុងអនុវត្តន៍នីតិវិធីក្នុងការព្យួរការអនុគ្រោះពន្ធជាបណ្តោះអាសន្ន សម្រាប់ទំនិញកម្ពុជា ឬហៅថា EBA នោះ។ សម្តេចតេជោ ហ៊ុន សែន បានហៅការចំណាត់ការរបស់ EU ក្នុងការព្យួរ EBA សម្រាប់កម្ពុជានេះ ជាការអនុវត្តន៍នូវស្តង់ដារច្រើនយ៉ាង។
បើទោះបីជាយ៉ាងណានៅក្នុងជំនួបពិភាក្សាជាមួយលោក រ៉ូប៊ែរតូ អាហ្សវ៉េដូ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនៅរក្សាជំហរមួយច្បាស់លាស់ដដែលពាក់ព័ន្ធនឹងបញ្ហា EBA ។ សម្តេចតេជោ បានអះអាងថា ទោះបីទទួលបាន EBA កម្ពុជាមិនអាចក្លាយជាអ្នកមាន ហើយបើបាត់បង់ EBA ក៏កម្ពុជាមិនស្លាប់នោះដែរ។
តែបើទោះបីជាយ៉ាងណាសម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជានៅតែបន្តពង្រឹងពង្រីកទីផ្សាររបស់ខ្លួន ហើយអង្គការពាណិជ្ជកម្មពិភពលោក នៅតែជាដៃគូល្អជាមួយកម្ពុជា ហើយកម្ពុជាក៏នៅតែជាដៃគូល្អជាមួយអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។
ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតគូសបញ្ជាក់ប្រាប់អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកដែរថា សម្ដេចមិនមែនជាអ្នកនយោបាយឯកោនិយមនោះឡើយ។ ត្រង់ចំណុចនេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចង់គូសបញ្ជាក់ពីជំហរនយោបាយនយោបាយ ក៏ដូចជាការធ្វើពាណិជ្ជកម្មរបស់កម្ពុជា គឺតែងតែប្រកាន់នូវនយោបាយសមូហភាព និងបានបង្ហាញពីការធ្វើកំណែទម្រង់ពាណិជ្ជកម្មរបស់ខ្លួនជាច្រើនផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់អង្គការពាណិជ្ជកម្មពិភពលោក ដែលបានផ្ដល់ការជួយកម្ពុជាក៏ដូចជាជួយដល់ប្រទេសមានការអភិវឌ្ឍន៍តិចតួច។ សម្ដេចតេជោ បានគូសបញ្ជាក់ថា សម្រាប់ស្ថានភាពវិវាទពាណិជ្ជកម្មនាពេលបច្ចុប្បន្នជាពេលវេលាដែលល្អជាងពេលណាទាំងអស់ ដោយទទួលបានគាំទ្រអំពីតួនាទីរបស់អង្គការ ពាណិជ្ជកម្មពិភពលោក៕