FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ថវិកាដែលបានមកពីការអំពាវនាវរបស់សម្ដេចបន្ថែមពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែជាទីគោរពសក្ការៈ និងជំនួយឧបត្ថមរបស់ព្រឹទ្ធសភា រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា គិតត្រឹមម៉ោង១២ថ្ងៃត្រង់នាថ្ងៃនេះ មានសរុបចំនួន២,១៩៨,៤០០ដុល្លារ។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា ថវិកានេះត្រូវបានឧបត្ថម្ភជូនអ្នករបួសក្នុងម្នាក់១ម៉ឺនដុល្លារសម្រាប់២៤នាក់ ឯ២នាក់ទៀត ដែលស្ថិតក្រោមគំនរបាក់បែកប្រមាណជិត៦០ម៉ោង ដែលនៅរស់រានមានជីវិតដោយសារការជួយសង្រ្គោះ ត្រូវបានឧបត្ថម្ភក្នុងម្នាក់ចំនួន៣ម៉ឺនដុល្លារ សរុបអ្នករបួសចំណាយអស់៣០ម៉ឺនដុល្លារ។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ថវិកានៅសល់១,៨៩៨,៤០០ដុល្លារ ត្រូវបែងចែកស្មើៗគ្នា សម្រាប់អ្នកស្លាប់ចំនួន២៨នាក់ ដែលក្នុងមួយនាក់ទទួលចំនួន៦៧,៨០០ដុល្លារនេះ មិនគិតពីថវិការាជរដ្ឋាភិបាល១ម៉ឺនដុល្លារ ដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួន ក្រោយ១ថ្ងៃនៃថ្ងៃកើតហេតុផងទេ។
តាមរយៈ Facebook នៅរសៀលថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញសារយ៉ាងដូច្នេះថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ក្នុងហេតុការបាក់អាគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុ ដែលធ្វើឲ្យប្រជាជនជាទីស្រឡាញ់របស់យើងស្លាប់២៨នាក់ របួស២៦នាក់ ក្រៅពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែជាទីគោរពសក្ការៈ និងជំនួយឧបត្ថមរបស់ព្រឹទ្ធសភា រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពជា។ ខ្លួនខ្ញុំបានអំពាវនាវសុំសប្បុជនជួយឧបត្ថម្ភបន្ថែម ដែលមកដល់ម៉ោង១២ ថ្ងៃទី២៥ ខែមិថុនានេះ ទទួលទឹកប្រាក់គិតជាដុល្លារ ចំនួន២,១៩៨,៤០០ដុល្លារអាមេរិក។
ថវិកានេះ ត្រូវបានឧបត្ថម្ភជូនអ្នករបួសក្នុងម្នាក់១ម៉ឺនដុល្លារ សម្រាប់២៤នាក់ ឯ២នាក់ទៀត ដែលស្ថិតក្រោមគំនរបាក់បែកប្រមាណជិត៦០ម៉ោង ដែលនៅរស់រានមានជីវិត ដោយសារការជួយសង្រ្គោះត្រូវបានឧបត្ថម្ភ ក្នុងម្នាក់ចំនួន៣ម៉ឺនដុល្លារ។ សរុបអ្នករបួសចំណាយអស់៣០ម៉ឺនដុល្លារ។
ថវិកានៅសល់១,៨៩៨,៤០០ដុល្លារ ត្រូវបែងចែកស្មើៗគ្នា សម្រាប់អ្នកស្លាប់ចំនួន២៨នាក់ ដែលក្នុងមួយនាក់ទទួលចំនួន៦៧,៨០០ដុល្លារនេះ មិនគិតពីថវិការាជរដ្ឋាភិបាល១ម៉ឺនដុល្លារ ដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួន ក្រោយ១ថ្ងៃ នៃថ្ងៃកើតហេតុផងទេ។
លោក សេង ទៀង នាយករងខុទ្ទកាល័យរបស់ខ្ញុំ នឹងរៀបចំជូនក្រុមគ្រួសារសពតាមរយៈធានាគារ ដើម្បីធានាសុវត្ថិភាពសម្រាប់ក្រុមគ្រួសារសព។ ខ្ញុំសូមអរគុណចំពោះសប្បុសជនទាំងអស់ ដែលបានជួយជាថវិកា សម្រាប់ជនរងគ្រោះទាំងអ្នកស្លាប់ទាំងអ្នករបួស ដោយមិនគិតពីនិន្នាការនយោបាយ។
ជាថ្មីម្តងទៀតសូមអរគុណ និងកោតសសើរចំពោះកម្លាំង ដែលបានចូលរួមជួយរុករក និងជួយសង្រ្គោះដែលបានបង្ហាញនូវការទទួលខុសត្រូវ ផ្តល់នូវក្តីអាណិតស្រឡាញ់ចំពោះជនរងគ្រោះ ក្នុងឋានៈជាជនរួមឈាមដូចគ្នា។ សូមអរគុណផងដែរ ដល់កម្មករ និងអ្នកបច្ចេកទេសចិន ដែលបានចូលរួមក្នុងកិច្ចការនេះ តាំងពីការចាប់ផ្តើមរហូត ដល់ការងារត្រូវបានបញ្ចប់។ ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក»៕