FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបអនុម័តគ្រោងវិនិយោគបើករោងចក្រថ្មីចំនួន៣កន្លែង សរុបទុនវិនិយោគជាង១២លានដុល្លារអាមេរិក។
គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរដល់គម្រោងវិនិយោគទាំង៣នោះរួមមាន៖
១៖ ក្រុមហ៊ុន EALYTEX (CAMBODIA) GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៨២៣កន្លែង។
២៖ ក្រុមហ៊ុន XINLONGTAI (CAMBODIA) INDUSTRIAL CO., LTD. គម្រោងបង្កើតរោងចក្រផលិតអំបោះគ្រប់ប្រភេទបម្រើការនាំចេញ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវក្រវ៉ាត់ក្រុងពីរ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤១កន្លែង។
៣៖ ក្រុមហ៊ុន CAPITAL GARMENTS CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៤២១កន្លែង៕