FN ៖ នៅល្ងាចថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយខ្មែរ-ឥស្លាមសរុប ៤,៧៥០នាក់ នៅកោះពេជ្រ ក្នុងនោះមកពីតាមបណ្តាខេត្ត ២,៤៥០នាក់ និងក្នុងរាជធានីភ្នំពេញ ១,៩៨០នាក់។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសាសនិកឥស្លាមមកពីបរទេសចំនួន ៣២០នាក់ ដែលមាន ៣២ជាតិសាសន៍ រួមទាំងតំណាងរបស់លោកអគ្គលេខាធិការអង្គការ សហប្រតិបត្តិការឥស្លាម OIC ចំនួន ៣នាក់ផងដែរ។
ការជួបជុំពិសារអាហាស្រាយបួស «ខែរ៉ាម៉ាឌន» ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅរាត្រីនេះ គឺជាលើកទី៦ហើយ គិតចាប់តាំងពីឆ្នាំ២០១៤មក។ វត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីដ៏សំខាន់របស់ខ្មែរ-ឥស្លាម បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោចំពោះបងប្អូនខ្មែរ-ឥស្លាម ទោះបីសម្តេចជាព្រះពុទ្ធសាសនិកក៏ដោយនោះ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានបានថ្លែងសុំអភ័យទោសសាសនិកឥស្លាមទាំងអស់ ដែលភរិយារបស់សម្តេចមិនបានចូលរួម ព្រោះមមាញឹកជាមួយរៀបចំកម្មវិធីអបអរសាទរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានរបស់សម្តេចក្នុងពិធីពិសារអាហារស្រាយបួសនៅថ្ងៃ គឺជាគោរពតាមការសន្យារបស់សម្តេចនៅមុនពេលបោះឆ្នោតឆ្នាំ២០១៨។ សម្តេចបន្តថា ដរាបណាសម្តេចនៅធ្វើនាយករដ្ឋមន្ត្រី សម្តេចនឹងអញ្ជើញចូលរួមពិសារអាហារស្រាយបួសនេះជារៀងរហួត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលប្រមាណ៤០ឆ្នាំក្រោយថ្ងៃរំដោះ មិនមែនប្រឹងប្រែងតែរកសុខសន្តិភាព ការពារសុខសន្តិភាពប៉ុណ្ណោះទេ ក៏បានប្រឹងប្រែងធ្វើសុខដុមនីយកម្មផ្នែកសាសនា និងប្រឹងប្រែងធ្វើឱ្យគ្រប់សាសនាទាំងអស់រួមគ្នាក្នុងការអភិវឌ្ឍប្រទេសជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពខុសគ្នានៃសាសនាមិនមែនជាឧបសគ្គក្នុងការអភិវឌ្ឍប្រទេសនោះទេ។ សម្តេចតេជោ ផ្តាំដល់អ្នកដឹកនាំជំនាន់ក្រោយត្រូវយកចិត្តទុកដាក់ធ្វើឱ្យមានសុខដុមនីយកម្មផ្នែកសាសនា ដោយមិនត្រូវមើលស្រាលលើបញ្ហានេះនោះឡើយ។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកភាពសុខដុមនីយកម្មផ្នែកសាសនានេះ គឺជាមរតកនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាសនិកឥស្លាមនៅកម្ពុជា មានការយកចិត្តទុកដាក់ និងទទួលបានអត្ថប្រយោជន៍ច្រើនជាងបណ្តាសាសនិកឥស្លាម នៅតាមបណ្តាប្រទេសនានា។ ក្នុងនោះមានដូចជានៅតាមទីកន្លែងប្រជុំនានា ព្រលានយន្តហោះជាដើមមានកន្លែងសម្រាប់សាសនិកឥស្លាមថ្វាយបង្គំ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅថ្ងៃនេះក្រសួងសុខាភិបាល បានអំពាវនាវឱ្យមានកន្លែងថ្វាយបង្គំនៅតាមមន្ទីរពេទ្យ ហើយទៅថ្ងៃខាងមុខអាចនឹងមានការរៀបចំឱ្យមានកន្លែងថ្វាយបង្គនៅតាមសាលារៀនថែមទៀតផង។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា នៅកម្ពុជាសិស្ស និស្សិតខ្មែរ-ឥស្លាម អនុញ្ញាតឱ្យស្លៀកសម្លៀកបំពាក់ប្រពៃណីចូលសាលារៀន ដោយមិនតម្រូវឱ្យស្លៀកឯកសណ្ឋានតាមការតម្រូវរបស់សាលានោះទេ។ សម្តេចតេជោ បានចោទសួរទៅប្រទេសអួតជាបិតាប្រជាធិបតេយ្យទាំងឡាយ បានអនុវត្តន៍លើចំណុចនេះហើយឬនៅ?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អំណរគុណដល់បងប្អូនខ្មែរ-ឥស្លាមទាំងអស់ ដែលបានផ្តល់ការជឿទុកចិត្ត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះមានសមត្ថភាពការពារ និងថែរក្សាសុខសន្តិភាព។ គណបក្សដទៃល្អតែទ្រឹស្តី តែមិនទាន់អាចការពារសុខសន្តិភាពនៅកម្ពុជាបាននោះឡើយ។
* សម្តេចតេជោ បានក្រើនរំលឹកថា មានតែសុខសន្តិភាពតែប៉ុណ្ណោះ ទើបអាចរក្សាបាននូវការអភិវឌ្ឍ។ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការរីករាយផងដែរ ចំពោះការកើនឡើងនៃសិស្សនិស្សិតខ្មែរ-ឥស្លាម។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសតែងតាំងលោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជាបេសកជនពិសេស ដើម្បីចរចាចូលជាសមាជិកសង្កេតការ អង្គការសហប្រតិបត្តិការឥស្លាម OIC ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើតាមរយៈតំណាងអគ្គលេខាធិការ នៃអង្គការសហប្រតិបត្តិការឥស្លាម ជួយប្រាប់ដល់ប្រទេសសមាជិកទាំងអស់ ជួយទិញទំនិញអង្ករ និងកសិផលពីប្រទេសកម្ពុជា ក៏ដូចជាអាហារហាឡាល់។
* សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បណ្តាប្រទេសជាសមាជិកអង្គការ OIC ផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរផងដែរ។ សម្តេចតេជោ ហ៊ុន សែន រំពឹងថា នឹងទទួលបានកិច្ចសហប្រតិបត្តិការជាវិជ្ជមានពីអង្គការ OIC។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់សាសនិកឥស្លាមដែលបានទៅចូលរួមបុណ្យហាជនៅប្រទេសអារ៉ាប់ប៊ី សាអូឌីត ពេលត្រឡប់មកវិញ ត្រូវជួយផ្សព្វផ្សាយការធ្វើអំពើល្អដល់សាសនិកឥស្លាមនៅកម្ពុជា ដែលមិនបានទៅចូលរួម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់សាសនាទាំងអស់ គ្មានសាសនាបង្រៀនមនុស្សឱ្យប្រព្រឹត្តអំពើអាក្រក់នោះឡើយ។
* មុនបញ្ចប់សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន បានទទូចដល់អ្នកដឹកនាំជំនាន់ក្រោយរបស់កម្ពុជា ត្រូវរក្សាឱ្យបាននូវភាពសុខដុមនីយកម្មផ្នែកសាសនានៅកម្ពុជា។