FN ៖ ក្រុមហ៊ុនផ្លូវដែកដ៏ធំមួយរបស់ចិន បានប្រកាសថា នឹងប្រឹងប្រែងជួយធ្វើឱ្យផ្លូវដែកនៅក្នុងប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើង ដើម្បីសម្រួលដល់ការដឹកជញ្ជូន។
ការប្រកាសនេះបានធ្វើឡើងក្នុងពេលដែលោក ឆិន ហ្វិនជាន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវថភ្លើងរបស់ប្រទេសចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅទីក្រុងប៉េកាំង ប្រទេសចិន នៅព្រឹកថ្ងៃទី២៨ ខែមេសាឆ្នាំ ២០១៩នេះ។
នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានបង្ហាញការចង់ឃើញមានក្រុមហ៊ុនផ្លូវដែករបស់ចិន មកចាប់ដៃសហការជាមួយនឹងក្រុមហ៊ុនផ្លូវដែករបស់ប្រទេសកម្ពុជា គឺ ក្រុមហ៊ុន Royal Rialway របស់អ្នកឧកញ៉ាគិតម៉េង ដើម្បីអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជាឱ្យកាន់តែប្រសើរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឲ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនដឹកនាំការចរចាជាមួយភាគីចិន ដើម្បីនាំយកនូវក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវដែករបស់ចិនទៅសហការជាមួយនឹងក្រុមហ៊ុន Royal railway នៅក្នុងប្រទេសកម្ពុជាដើម្បីឱ្យការដឹកជញ្ជូនផ្លូវដែកកាន់តែមានប្រសិទ្ធភាព។
លោក ឆិន ហ្វិនជាន បានជំរាបសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្រុមហ៊ុនរបស់លោក គឺជាក្រុមហ៊ុនធំដែលបានសាងសង់ផ្លូវដែកបាន ២ម៉ឺន១ពាន់ គីឡូម៉ែត្រហើយ ហើយក៏បានសាងសង់នៅក្នុងប្រទេសចិនផង និងក្រៅប្រទេសផង។ លោកបានលើកឡើងទៀតថា ការរកស៊ីផ្លូវដែកនេះមិនចំណេញនោះទេ ក៏ប៉ុន្តែអ្វីដែលគាត់មានបំណងសហការជាមួយនឹងក្រុមហ៊ុនក្នុងស្រុករបស់ប្រទេសកម្ពុជា គឺមានគោលបំណងជួយកម្ពុជា និងជាការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ។
លោកប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននេះ បានថ្លែងថា លោករីករាយក្នុងការពិភាក្សាជាមួយទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងក្រុមហ៊ុន Royal rialway របស់អ្នកឧកញ៉ាគិតម៉េង ដើម្បីធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍន៍ផ្លូវដែកក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោមន្ត្រីក៏បានជំរុញឲ្យភាគីកម្ពុជា និងចិនធ្វើការងារនេះឲ្យបានឆាប់រហ័ស ខិតខំបង្កើនល្បឿននៃការលើកកម្ពស់ស្ថានភាពផ្លូវដែកនៅកម្ពុជា។ លោក ឆិន ហ្វិនជាន បានគូសបញ្ជាក់ជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរថា គាត់នឹងធ្វើយ៉ាងណាឲ្យការងារនេះបានជោគជ័យ៕