FN ៖ នៅល្ងាចថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញពិសារភោជនាហារជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន នៅមជ្ឈមណ្ឌលកោះពេជ្រ។
ពិធីពិសាភោជនាហារដើម្បីជាការជួបជុំអបអរសាទរមុនការឈានមកដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន ផងដែរ។
សមាគមសម្ព័ន្ធខ្មែរ-ចិន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩០ ដោយជនជាតិចិន និងសហគមចិននៅកម្ពុជា ព្រមទាំងបានទទួលកាអនុញ្ញាតដោយរាជរដ្ឋាភិបាលកម្ពុជា។ សមាគមប្រមូលផ្តុំទៅដោយអ្នកវិនិយោគ ពាណិជ្ជករ និងធុរជនខ្មែរ-ចិន ដែលកំពុងតែវិនិយោគ ធ្វើពាណិជ្ជកម្ម និងធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ក្នុងនាមគណបក្សប្រជាជនកម្ពុជា និង រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ជនរួមជាតិ ដែលបានបោះឆ្នោតគាំទ្រសម្តេចឱ្យបន្តដឹកនាំប្រទស
* សម្តេចតេជោ ហ៊ុន សែន មានមោទនភាព ដែលជនរួមជាតិ មានជំនឿលើគណបក្សប្រជាជនកម្ពុជា និងការដឹកនាំរបស់សម្តេច
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ ដែលបន្តរហូតដល់សព្វថ្ងៃ
* សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីភាពវឹកវ ក្រោយការបោះឆ្នោតកាលពីឆ្នាំ២០១៣ ដែលបង្កឡើងដោយ អ្នកដែលចាញ់ឆ្នោត
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោត២០១៨នេះ គឺខុសប្លែកខ្លាំងពីឆ្នាំ២០១៣ ដោយសារតែយើងបានកម្ទេចចោលនូវក្រុម ដែលបង្កភាពវឹកវរ
* សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ក្រោយការបោះឆ្នោតឆ្នាំ២០១៨ គឺសេដ្ឋកិច្ចកម្ពុជា បានបន្តកើនឡើង ដែលជាទំនុកចិត្តសម្រាប់វិនិយោគិន
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងកោតសរសើរ ដល់សមាគមសមាគមសម្ព័ន្ធខ្មែរ-ចិន ដែលបានចូលរួមចំណែកដោះស្រាយបញ្ហារបស់កម្ពុជា ដូចជាការចូលរួមឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា និងកាកបាទក្រហមកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យវិនិយោគិនក្នុងស្រុកមានឱកាសកាន់តែធំ ដើម្បីរកស៊ីនៅក្នុងប្រទេស ទោះបីជាសម្តេចចង់ឱ្យមានការវិនិយោគពីបរទេសក៏ដោយ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម័យមុនអ្នកមាននៅក្នុងប្រទេស មិនបានប្រើប្រាស់ប្រាក់របស់ពួកគេវិនិយោគក្នុងប្រទេសទេ បែរជាយកទៅវិនិយោគក្រៅប្រទេស ដាក់ធនាគារ ឬទិញអចលនទ្រព្យនៅខាងក្រៅទៅវិញ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណុចយុទ្ធសាស្រ្តរបស់កម្ពុជា គឺជំរុញឱ្យជនជាតិខ្មែរវិនិយោគបន្ថែមនៅក្នុងប្រទេស ព្រោះនៅក្នុងប្រទេសមានបញ្ហា គឺអ្នកវិនិយោគទាំងនោះ ស្លាប់រស់នៅក្នុងប្រទេសជាតិខ្លួនឯង
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសចង់ឱ្យជនជាតិខ្មែរទាំងអស់ ក្លាយជាសេដ្ឋីកាន់តែច្រើនទៅៗ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងចំណោមជនជាតិខ្មែរ អ្នកដែលមានប្រាក់២០លានដុល្លារឡើងលើ មិនមែនតិច ហើយបើអ្នកដែលមានប្រាក់១លានដុល្លារឡើងលើ ក៏មិនតិចដែរ
* សម្តេចតេជោ ហ៊ុន សែន កោតសរសើរចំពោះវប្បធម៌បង់ពន្ធរបស់វិនិយោគិន និងប្រជាពលរដ្ឋកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ស្មារតីនៃវប្បធម៌បង់ពន្ធរបស់អ្នកវិនិយោគចិននៅកម្ពុជា។
* សម្តេចតេជោ បានថ្លែងថា សមាជិក ក៏ដូចជាភ្ញៀវរបស់សមាគមសម្ព័ន្ធខ្មែរ-ចិន ដែលចូលរួមពិធីបាយសាមគ្គីនៅថ្ងៃនេះ ជាផ្នែកមួយដែលបានបង់ពន្ធប្រមាណជា ៥០ភាគរយនៃចំណូលពន្ធប្រចាំឆ្នាំ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលគ្មាននយោបាយដំឡើងពន្ធនោះទេ តែស្នើឱ្យបង្កើននូវស្មារតីបង់ពន្ធ។ សម្តេចតេជោ បានបន្តថា ស្មារតីនេះនឹងនៅតែរឹងមាំ ដើម្បីកម្ពុជាបានចំណូលក្នុងការកសាងប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកវិនិយោគចិន និងខ្មែរជាប់សែស្រឡាយចិននៅកម្ពុជា បន្តចូលរួមមួយរាជរដ្ឋាភិបាលក្នុងការរក្សាឱ្យបាននូវសុខសន្តិភាព។
* សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា បើគ្មានសុខសន្តិភាពកម្ពុជាគ្មានក្តីសុខ ហើយក៏គ្មានការអភិវឌ្ឍនោះដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើកម្ពុជាមានសង្គ្រាមកុំថាឡើយដល់ការអភិវឌ្ឍ ផ្ទុយទៅវិញមានតែការរត់ចោលតំបន់អភិវឌ្ឍ។ សម្តេចតេជោ បានស្នើឱ្យក្រឡេកទៅបណ្តាប្រទេសមជ្ឈឹមបូព៌ាកំពុងមានសង្គ្រាមតើស្ថានភាពប្រទេសទាំងនោះបែបណាទៅហើយ ដែលមិនខុសពីអតីតកាលរបស់ខ្មែរនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកម្ពុជាកំពុងរៀបចំការទទួលអំណរសាទរឆ្នាំថ្មី តែអតីតកាលរបស់កម្ពុជាគ្មានឱកាសបែបនេះនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានអ្នកចង់បំផ្លាញកម្ពុជា តែបើមានការរួបរួមសាមគ្គី ហើយបើយើងខ្លាំងគ្មាននរណាមកបំផ្លាញបាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ខ្មែរសែស្រឡាយចិន និងចិនមកពីហុងកុង ម៉ាកាវ តៃវ៉ាន់ ត្រូវយល់គោលនយោបាយជាចម្បងរបស់កម្ពុជា ដែលបន្សល់ទុកតាំងពីសម្តេច នរោត្តម សីហនុ ដោយបន្តយ៉ាងម៉ឹងម៉ាត់នូវនយោបាយចិនតែមួយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនអាចអនុវត្តន៍បានទេនូវនយោបាយចាប់ដៃជាន់ជើង ពោលសម្តេចអនុញ្ញាតឱ្យចិនតៃវ៉ាន់មករកស៊ីនៅកម្ពុជា តែមិនអាចអនុញ្ញាតឱ្យមានស្ថានបេសកកម្មរបស់តៃវ៉ាន់នៅកម្ពុជានោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានលើកជាឧទាហរណ៍ថា បើប្រទេសកម្ពុជា ត្រូវបានគេកាត់ផ្តាច់ខេត្តណាមួយឱ្យនៅដាច់ដោយឡែក គឺកម្ពុជាមិនអាចទទួលយកបាននោះឡើយ ដូច្នេះចិនក៏ដូចគ្នាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលសម្តេចគោរអធិបតេយ្យចិនលើរឿងតៃវ៉ាន់ និងទីបេ គឺដូចគ្នាទៅនឹងការគោរពអធិបតេយ្យភាពរបស់កម្ពុជាដូចគ្នាផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយចិនតែមួយ មិនមែនជារឿងថ្មីថ្មោងរបស់កម្ពុជានោះទេ គឺមានតាំងពីសម័យសម្តេច នរោត្តម សីហនុ ហើយរាជរដ្ឋាភិបាលបច្ចុប្បន្នត្រូវបន្តថែរក្សា និងថ្នាក់ថ្នមនៅនយោបាយមួយនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិន កាលពីខែមករា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ សម្តេចបានពិភាក្សាការងារជាច្រើនជាមួយនាយករដ្ឋមន្ត្រី និងប្រធានាធិបតីចិន ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។
* សម្តេចតេជោ ហ៊ុន សែន បន្តថា នៅចុងខែមេសានេះ សម្តេចនឹងអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២នៃវេទិកាខ្សែក្រវាត់ និងផ្លូវនៅប្រទេសចិន ហើយសម្តេចគ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រី និងប្រធានាធិបតីចិនផងដែរ។
* សម្តេចតេជោ បានថ្លែងរំពឹងថា កម្ពុជា នឹងទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគចិនកាន់តែច្រើន ហើយចិនក៏នឹងទទួលទិញផលិតផលរបស់ខ្មែរកាន់តែច្រើនផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានពេលជួបជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគមសម្ព័ន្ធខ្មែរ-ចិនយ៉ាងតិច៩ឆ្នាំទៅមុខទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីរំពឹងនៅចំពោះមុខជនជាតិចិន និងខ្មែរជាប់សែស្រឡាយចិនថា នៅឆ្នាំ២០២៣ គណបក្សប្រជាជននៅតែបន្តឈ្នះឆ្នោត ហើយសម្តេចនឹងបន្តដឹកនាំរាជរដ្ឋាភិបាលនេះបន្តទៅទៀត។