FN ៖ បើទោះបីត្រូវមមាញឹកនឹងការងារក្រៅប្រទេស និងក្នុងរាជធានីភ្នំពេញរយៈពេល៥ថ្ងៃជាប់គ្នាទៅហើយ តែដើម្បីការងារជាប្រយោជន៍របស់កម្មករ និយោជិត ក៏ដូចជាវិស័យឧស្សាហកម្ម របស់កម្ពុជានោះ នៅថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បន្តហោះទៅកាន់ខេត្តកំពតថែមទៀត ដើម្បីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២។ ជំនួបនៅព្រឹកថ្ងៃនេះ គឺជាជំនួបលើកទី២សម្រាប់ឆ្នាំ២០១៩។ ពិធីជួបសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន និងកម្មករ និយោជិតនៅព្រឹកថ្ងៃនេះ ប្រារព្ធធ្វើឡើងនៅរោងចក្រ POU CHEN Cambodia CO., LTD ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តកំពត ជាខេត្តពិសេសមួយដែលខេត្តដទៃមិនមាន គឺឧស្សាហកម្មធន់ធ្ងន់ រួមមានរោងចក្រស៊ីម៉ង់ និងវារីអគ្គិសនី ព្រមទាំងកសិដ្ឋានដំណាំកសិ-ឧស្សាហកម្ម រួមមានដំណាំម្រេច និងចេក។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា ចំណុចពិសេសមួយទៀតរបស់ខេត្តកំពត គឺជាខេត្តផលិតអំបិលតែមួយគត់នៅក្នុងប្រទេសកម្ពុជា ហើយសង្ឃឹមថា ការផលិតអំបិលនៅឆ្នាំនេះមិនខ្វះដូចឆ្នាំកន្លងទៅ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលកំពុងប្រកបរបរដំណាំកសិកម្ម ដើម្បីធ្វើពាណិជ្ជកម្មអាចជាឱកាសមួយ ព្រោះរដ្ឋាភិបាលចិនបានប្រកាសទិញកសិផលរបស់កម្ពុជាជាច្រើននៅក្នុងដំណើរដំណើរទស្សនកិច្ចរបស់សម្តេចនៅដើមសប្តាហ៍នេះ។
* សម្តេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើស្រែប្រាំងតែមួយដងបានហើយ ហើយងាកទៅដាំដំណាំផ្សេងៗជំនួសវិញ ព្រោះរដូវប្រាំងឆ្នាំនេះជួបគ្រោះរាំងស្ងួត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណាំកសិផលកម្ពុជាមានទីផ្សារនៅក្រៅប្រទេសច្រើនណាស់ តែត្រូវដោះស្រាយឲ្យស្របស្តង់ដារកំណត់ផ្នែកគុណភាពរបស់ប្រទេសដែលនាំចូល។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ទៅថ្ងៃមុខនឹងមានការសិក្សាអំពីការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ កម្មការិនី ដែលបម្រើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
* សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណកម្មករ កម្មការិនីនៅខេត្តកំពត និងខេត្តកែប ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ បានលើកឡើងថា ការចេញទៅបោះឆ្នោតនេះ គឺការជ្រើសរើសយកនូវដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងជាការជ្រើសរើសយកនូវសុខសន្តិភាពនៅកម្ពុជានាពេលបច្ចុប្បន្ន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៧ មករា ១៩៧៩ មិនមែនកើតចេញពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាតែមួយមុខនោះទេ តែក៏មានការរួមចំណែកយ៉ាងសំខាន់ពីប្រជាពលរដ្ឋខ្មែរ ដែលស្អប់ខ្ពើមរបបព្រៃផ្សៃរបស់ខ្មែរក្រហម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធិដែលកម្ពុជាទទួលបាននៅក្រោយថ្ងៃ៧ មករា ១៩៧៩ គឺជាសមិទ្ធិផលរួមរបស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះសម្តេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងចលនាជាតិមួយនេះ។
* សម្តេចនាយករដ្ឋមន្ត្រី បានសួរទៅអ្នកដែលនិយាយថា ការដឹកនាំរបស់សម្តេចធ្វើឲ្យកម្ពុជាកាន់តែក្រទៅៗហ៊ានស្បថដែរឬទេ?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តកំពត ជាខេត្តងាយនឹងទាក់ទាញអ្នកវិនិយោគ ព្រោះជាខេត្តមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវដែក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលយ៉ាងតិច ១០ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចនឹងអញ្ជើញជួបជាបន្តបន្ទាប់ជាមួយកម្មករ កម្មការិនី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់កម្មករ កម្មការិនីនៅក្នុងខេត្តកំពតថា សម្តេចមេដឹកនាំមួយរូប ដែលបានផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាតិជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ១៩៧៧។
* សម្តេចតេជោ បានថ្លែងថា ក្នុងដំណាក់កាលតស៊ូគេឃើញវត្តមានសម្តេចនៅតាមសមរភូមិដឹកនាំបញ្ជាកងទ័ពតស៊ូរំដោះប្រទេស បន្ទាប់មកក្នុងដំណាក់កាលចរចារកសន្តិភាព គេក៏ឃើញវត្តមានសម្តេចនៅតាមតុចរចា ហើយពេលកម្ពុជាជួបគ្រោះខ្វះខាតស្បៀងអាហារ គេក៏ឃើញវត្តមាននៅតាមវាលស្រែជំរុញការធ្វើស្រែរហូតកម្ពុជាវិវឌ្ឍន៍ពីប្រទេសខ្វះស្បៀងក្លាយ ជាប្រទេសផលិតស្រូវ ដើម្បីនាំចេញអង្ករនាពេលបច្ចុប្បន្ន។
* បច្ចុប្បន្ននៅពេលកម្ពុជាកំពុងដាក់ចេញនយោបាយជំរុញវិស័យឧស្សាហ៍កម្ម ទើបគេឃើញវត្តមានសម្តេចអញ្ជើញជួបកម្មករ កម្មការិនីដូចពេលបច្ចុប្បន្ននេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនអាចពឹងផ្អែកតែលើវិស័យកសិកម្មមួយមុខបាននោះទេ។ វិស័យកសិកម្មមិនអាចធ្វើឲ្យកម្ពុជាក្លាយជាអ្នកមានបានឡើយ។ បើតាមសម្តេចតេជោ បច្ចុប្បន្នវិស័យកសិកម្មចាក់ចំណូលចូលសេដ្ឋកិច្ចប្រមាណ ២០ភាគរយ វិស័យឧស្សាហកម្មប្រមាណ ៣២ភាគរយ ក្រៅពីនោះបានពីវិស័យសេវា។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា កម្ពុជាមិនមែនចង់បានត្រឹមវិស័យឧស្សាហកម្មធន់ស្រាលនោះទេ តែក៏កំពុងទាក់ទងការវិនិយោគលើវិស័យឧស្សាហកម្មធន់ធ្ងន់ដូចជាការផលិតគ្រឿងបង្គំរថយន្តឬការកែច្នៃសម្បកកង់ពីកៅស៊ូរបស់កម្ពុជា, ឧស្សាហកម្មបែបបច្ចេកវិទ្យាផលិតគ្រឿងអេឡិកត្រូនិក, ឧស្សាហកម្មបែបសកល ជាឧស្សាហកម្មផលិតគ្រឿងក្បាលម៉ាស៊ីនជាដើម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណូលពីគយក្នុងមួយខែទទួលបានតិចបំផុត ២០០លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដកកាំកុងត្រូលពីតាមច្រកព្រំដែន ធ្វើឲ្យរដ្ឋបាត់ប្រាក់ចំណូល៣០លានដុល្លារ។ តែសម្តេចសុខចិត្តបាត់បង់ចំណូលនេះ ដើម្បីកាត់បន្ថយភាពសាំញ៉ាំស្មុគស្មាញក្នុងការធ្វើធុរកិច្ច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនប្រាកដថាបរទេសមានប្រាជ្ញាជាងកូនខ្មែរនោះទេ គ្រាន់តែពួកគេមានសំណាងកើតលើប្រទេសអរិយប្រទេសប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន សម្រេចលុបស្ថាប័នកាំសាប ដើម្បីកាត់បន្ថយភាពសាំញ៉ាំនិងស្មុគស្មាញក្នុងការធ្វើធុរកិច្ច។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានឲ្យដឹងថា ការលុបស្ថាប័នកាំសាបធ្វើឲ្យកម្ពុជាបាត់ចំណូលតែ ៥០ម៉ឺនដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់ធុរជន និងអ្នកវិនិយោគទាំងអស់ សូមមានជំនឿចិត្តចំពោះការរកស៊ីនៅកម្ពុជា ជាមួយការកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន រួមមានការបញ្ចុះតម្លៃថាមពលអគ្គិសនី, ដកស្ថាប័នកាំកុងត្រូលនៅតាមមាត់ច្រក ដើម្បីកាត់បន្ថយភាពសាំញ៉ាំក្នុងការធ្វើធុរកិច្ច និងលុបចោលស្ថាប័នកាំសាប។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រេចទាំងនេះគឺជាការធ្វើកំណែទម្រង់ ដើម្បីដង្ហើមនៃការវិនិយោគនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃខាងមុខការិយាល័យនៅតាមស្រុករបស់ក្រសួងមួយចំនួននឹងត្រូវលុបចោល ទុកការិយាល័យប្រតិបត្តិការកងទ័ព នគរបាល សុខាភិបាល អប់រំ និងរៀបចំដែនដី..
* សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រសួងស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ត្រូវពិចារណាឲ្យបានល្អិតល្អន់ក្នុងការដាក់មន្ត្រីបញ្ចូលក្របខណ្ឌ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថានៅពេលនេះសម្តេចទទួលបានការអនុញ្ញាតពីពេទ្យឲ្យចូលទីលានកូនហ្គោលវិញហើយ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់កម្មករ កម្មការិនីទាំងអស់រួមគ្នាការពារនូវសុខសន្តិភាព ដែលជាកត្តាដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍ និងជំរុញការរីកចម្រើនរបស់ជាតិ។
* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យរកឯកសារស្តីពីការធ្វើសមាហរណកម្មរបស់ខ្មែរក្រហមនៅតំបន់តាកែនកោះស្លា ខេត្តកំពត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងហួសចិត្តចំពោះសហរដ្ឋអាមេរិក និងប្រទេសមួយចំនួន ដែលចេញមកប្រកាសគាំទ្រមេបក្សប្រឆាំងធ្វើជាប្រធានាធិបតី វេណេហ៊្សូអេឡា ជំនួសប្រធានាធិបតី ម៉ាឌូរ៉ូ ដែលទទួលស្គាល់ដោយប្រជាពលរដ្ឋវេណេហ៊្សូអេឡា ចេញពីការបោះឆ្នោត។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កម្មករ កម្មការិនី ពិចារណាឲ្យបានច្បាស់លាស់មុនធ្វើចលនាទាមទារណាមួយ ដូចជាការទាមទារបើកប្រាក់បំណាច់អតីតភាពការងារ នៅត្រឹមឆ្នាំ២០១៨ជាដើម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អំពាវនាវដល់កម្មករ កម្មការិនី ត្រូវប្រឹងប្រែងបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីបង្កើនការផលិត។ សម្តេចតេជោ បានបញ្ជាក់ថា បើប្រាក់ឈ្នួលកាន់តែឡើង តែផលិតភាពនៃការផលិតមិនកើនឡើង ក៏មិនកើតនោះដែរ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់បន្ទប់ និងផ្ទះជួលទាំងអស់ មិនត្រូវដំឡើងថ្លៃឈ្នួលឲ្យថ្លៃហួសហេតុនៅក្នុងឆ្នាំ២០១៩នេះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យក្រុមហ៊ុនផលិតស៊ីម៉ង់តិ៍ ចូលរួមមើលថែទាំផ្លូវដែលខ្លួនដឹកស៊ីម៉ង់តិ៍ឆ្លងកាត់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឈរជើងក្នុងការដឹកនាំប្រទេសមកដល់ពេលបច្ចុប្បន្ននេះ ដោយសារតែមានការគាំទ្រពីប្រជាជន បើគ្មានការគាំទ្រពីប្រជាជនទេ សម្តេចមិនអាចឈរជើងមកដល់ពេលបច្ចុប្បន្ននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរង់ចាំយ៉ាងអន្ទះសាចំពោះការវិលត្រឡប់ចូលប្រទេសកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៉ី។ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង បានទទួលដីការពីតុលាការឲ្យចាប់ខ្លួនទណ្ឌិត សម រង្ស៉ី រួចហើយ។