FN ៖ សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោក លី ចាន់ស៊ូ (Li Zhanshu) ប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍ នៃសភាប្រជាជនចិន។ លោក លី ចាន់ស៊ូ មានប្រសាសន៍ថា សភាគឺតំណាងឲ្យប្រជាជនចិនទាំងអស់ បានចាត់ទុកសម្ដេចតេជោគឺជាមេដឹកនាំដែលល្បីល្បាញមួយរូបដែលប្រជាជនចិនបានស្គាល់ស្ទើរតែគ្រប់គ្នា។ លោកបានបន្តថា បានក្រោមការដឹកនាំរបស់សម្ដេចតេជោ គឺសម្តេចបានអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងលឿននៅក្នុងប្រទេសកម្ពុជា ហើយមិនត្រឹមតែប៉ុណ្ណោះសម្ដេចតេជោបានកសាង និងពង្រឹពង្រីកទំនាក់ទំនងទ្វេភាគីរវាងចិន និងកម្ពុជាធ្វើឲ្យមានការកើនឡើងនិងការអភិវឌ្ឍឥតឈប់ឈរ។
លោក លី ចាន់ស៊ូ បានមានប្រសាសន៍ថា កន្លងមកសម្ដេចតេជោបានគាំទ្រនូវផលប្រយោជន៍ស្នូលនៃប្រទេសចិន ជាពិសេសនៃនយោបាយចិនតែមួយ។ ហើយលោកបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំចិនបានចាត់ទុកសម្ដេចតេជោ គឺជាមិត្តដែកថែបនៃប្រទេសចិន ហើយឆ្លៀតឱកាសនោះ លោកក៏បានអបអរសាទរសម្ដេចតេជោ ដែលទទួលបានជោគជ័យនៃការបោះឆ្នោតកាលពី២០១៨ កន្លងទៅនេះ ជាពិសេសសម្ដេចបន្តដឹកនាំប្រទេសកម្ពុជាជាបន្តទៀត។ លោកបានគូសបញ្ជាក់ផងដែរថា ប្រទេសចិននឹងបន្តគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសលើនៃការអភិវឌ្ឍដែល ប្រទេសកម្ពុជាជ្រើសរើសជាពិសេសបន្តមានសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចជាពិសេសនៅក្រោមការជំរុញធ្វើយ៉ាងណាឲ្យគាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរឡើង។
លោកក៏បានមានប្រសាសន៍ផងដែរថា ជំនួបរវាងប្រធានាធិបតី ស៊ី ជិនពីង ជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពីម្សិលមិញ រួមទាំងពិធីជប់លៀងផងដែរនេះ គឺបានឆ្លុះបញ្ចាំងទំនាក់ទំនងពិសេសរវាងចិន និងកម្ពុជាហើយលោកក៏បានបញ្ជាក់ផងដែរថា សម្រាប់កិច្ចនេះគឺនឹងទទួលបាននូវសមិទ្ធផលជាច្រើន ជាពិសេសនឹងនាំឲ្យទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មីទៀត។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្ដេចសូមអរគុណលោក លី ចាន់ស៊ូ សម្រាប់ពាក្យពេចន៍ទាំងឡាយនូវការអបអរសាទរ ចំពោះលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា។ សម្តេចតេជោក៏បានអរគុណដល់ថ្នាក់ដឹកនាំចិន ដែលជារឿយៗតែងតែទទួលនូវព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាមកកាន់ប្រទេសចិន ហើយដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រឹងទំនាក់ទំនងក៏ដូចជា កិច្ចសហប្រតិបត្តិការកម្ពុជាចិនឲ្យសម្ដេចចាត់ទុកថា ជំនួយចិននឹងកម្ពុជានេះ គឺជាការរួមចំណែកសំខាន់ក្នុងការជំរុញវិស័យសេដ្ឋកិច្ចគឺផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរផងដែរ។
សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន មានលក្ខណៈពិសេសដោយសារភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ជាពិសេសការសម្រេចបាននូវសមិទ្ធផល ជាផ្លែផ្កាមួយចំនួនលើសពីគោលដៅកំណត់ ដូចជាទំហំពាណិជ្ជកម្ម ភាគីទាំងពីរកំណត់សម្រេចឲ្យបាន ៥ពាន់លាននៅឆ្នាំ២០២០។ ប៉ុន្តែនៅឆ្នាំ២០១៧ទំហំពាណិជ្ជកម្មបានកើនឡើងដល់ជិត ៧ពាន់លានដុល្លារទៅហើយ។
វិស័យទេសចរណ៍វិញកំណត់ត្រឹមតែ ០.០១ភាគរយ នៃប្រជាពលរដ្ឋចិន គឺស្មើនឹង១.៣លាននាក់ តែមកដល់ឆ្នាំ២០១៨ អ្នកទេសចរចិន បានឈានដល់១.៩លាននាក់។ ដោយឡែកអ្នកវិនិយោគ ពីប្រទេសចិននៅកម្ពុជា ក៏មានចំនួនច្រើនហួសការរំពឹងទុក ដោយសារមានការទុកចិត្តលើនយោបាយនៃការដឹកនាំរបស់មេដឹកនាំប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា មេដឹកនាំប្រទេសចិនជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នយោបាយដែលផ្តួចផ្តើមដោយអតីតព្រះមហាក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងការរឹតចំណងមិត្តភាពកម្ពុជា និងចិន គឺនៅតែរក្សាដដែលគ្មានអ្វីផ្លាស់ប្តូរនោះឡើយ ជាពិសេសនយោបាយចិនតែមួយ។ លោក លី ចាន់ស៊ូ បានឯកភាពទាំងស្រុងនូវអ្វីដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រជាជនចិននៅតែចងចាំនូវទុក្ខលំបាករបស់កម្ពុជា ហើយចិន និងកម្ពុជា តែងតែជួយគ្នា និងគោរពគ្នាទៅវិញទៅមក។
លោក លី ចាន់ស៊ូ បានសង្កត់ធ្ងន់ថា កម្ពុជា និងចិន គឺជាមិត្តដ៏ពិតប្រាកដទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយគឺតែងតែជួយគ្នា។ លោកបន្ថែមថា ចិននៅតែបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា និងគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកម្ពុជា។
ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន បានលើកឡើងថា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះចិនបានជួយសាងសង់ផ្លូវយ៉ាងវែងសម្រាប់កម្ពុជា តែផ្លូវវែងឆ្ងាយសម្រាប់កម្ពុជា និងចិន គឺការទុកចិត្តគ្នាទៅវិញទៅមក។
លោក លី ចាន់ស៊ូ បានគូសបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្នមានប្រទេសជាង១០០ប្រទេសហើយ ដែលបានយល់ព្រមតាមការអញ្ជើញរបស់ចិន ចូលរួមកិច្ចប្រជុំកំពូលគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនៅខែមេសាខាងមុខនេះ។ លោកក៏បានស្វាគមន៍សម្តេចតេជោ ហ៊ុន សែន ដែលបានយល់ព្រមអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមួយនេះ។ លោក លី ចាន់ស៊ូ ក៏បានអះអាងដែរថា ទំនាក់ទំនងកម្ពុជា និងចិន នៅតែបន្តរក្សានៅគ្រប់វិស័យ និងគ្រប់កម្រិត ដើម្បីជាប្រយោជន៍ប្រទេសទាំងពីរ។ លោកក៏បានអរគុណសម្តេចតេជោ ដែលបានអញ្ជើញលោកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយលោកនឹងរកពេលវេលាសមរម្យណាមួយ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា៕