FN ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ ដែលជាថ្ងៃទី៣ នៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃកម្ពុជា លោក ហ៊ូ ឈុនហ៊័រ (Hu Chun Hau) ឧបនាយករដ្ឋមន្រ្តីចិន លោកស្រី កាវ យ៉ាន (Gao Yan) ប្រធានក្រុមប្រឹក្សាជំរុញអន្តរជាតិចិន អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកា ស្តីពីការជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន។
ពិធីដ៏មានអត្ថន័យនេះក៏មានការអញ្ជើញចូលរួមពី មេដឹកនាំជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលចិន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងផ្នែកឯកជននៃប្រទេសទាំងពីរប្រមាណ៨០០នាក់។
នៅក្នុងពិធីបើកវេទិកាពាណិជ្ជកម្មកម្ពុជា-ចិននោះ លោកស្រី កាវយ៉ាង ប្រធានក្រុមប្រឹក្សាជំរុញអន្តរជាតិចិន និងលោកអនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន មានប្រសាសន៍សំដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានចំណាយនូវពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមពិធីបើកវេទិកាជំរុញ ពាណិជ្ជកម្មកម្ពុជា ចិន នៅទីក្រុងប៉េកាំង ប្រទេសចិន ដែលនេះគឺជាឱកាសដ៏ល្អ និងផ្តល់នូវភាពជឿជាក់សម្រាប់អ្នកវិនិយោគទុនចិន និងអ្នកវិនិយោគបរទេសដទៃទៀត ក្នុងការមកបណ្តាក់ទុកវិនិយោគ ក្នុងប្រទេសកម្ពុជា។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថ្លែងថា នេះគឺជាឱកាសដ៏ប្រពៃមួយ សម្រាប់ពាណិជ្ជករនៃប្រទេសទាំងពីរបានទទួលនូវអនុសាសន៍ពីប្រមុខរដ្ឋាភិបាលនៃប្រទេសតាំងពីរ ហើយក៏ជាឱកាសដ៏ថ្លៃថ្លាក្នុងការជួយឲ្យពួកគាត់ បានជួបពិភាក្សាស្វែងយល់ពីសកតានុពលវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា ដើម្បីធ្វើពាណិជ្ជកម្មនិងវិនិយោគ ស្របតាមគោលនយោបាយ ផ្លូវមួយខ្សែក្រវ៉ាត់មួយ និងសម្រាប់ជាឧត្តមប្រយោជន៍ផ្ទាល់នៃពាណិជ្ជករ និងវិនិយោគិន។ លោករដ្ឋមន្រ្តីមានបន្តថា កម្ពុជា ចិន បានរៀបចំវេទិកាជំរុញពាណិជ្ជកម្មកម្ពុជា ចិន ចំនួន៩លើករួចមក ក្នុងប្រទេសចិន ជាមួយគ្នានេះលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា ចិន បានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ចំនួន៤ នៅទីក្រុងមួយចំនួន នៃប្រទេសចិន រួមតាំងការចុះហត្ថលេខាលើគិច្ចព្រមព្រៀង និងអនុស្សារណៈជាច្រើន ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរកម្ពុជា ចិន។
លោក ហ៊ូ ឈុនហ៊័រ ឧបនាយករដ្ឋមន្រ្តីចិន មានប្រសាសន៍ថា នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាភាគីទាំងពីរចិន កម្ពុជា កំពុងឈានចូលយុគសម័យថ្មី នៃការលើកកម្ពស់គុណភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយទទួលបាននូវមហាសិមទ្ធផលដ៏ស្តុគ្គស្តម្ភ។ ក្នុងនោះទី១ ពាណិជ្ជកម្មទ្វេភាគី បានកើនឡើងយ៉ាងលឿន ពោលគឺចាប់តាំងពីឆ្នាំ២០១២មកដល់ បច្ចុប្បន្នចិនគឺជាដៃគូពាណិជ្ជកម្មធំទី១ របស់កម្ពុជា។ ឆ្នាំ២០១៨ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ជាង៥ពាន់លានដុល្លាអាមេរិក ពោលគឺប្រទេសចិនគឺជាទីផ្សារធំបំផុត សម្រាប់ប្រទេសកម្ពុជា ក្នុងការទទួលការនាំចូលអង្ករ និងផ្លែឈើ។
ឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា កិច្ចសហប្រតិបត្តិការខាងវិនិយោគ ក៏ទទួលបាននូវភាពហ្នឹងហ្ន៍រ ពោលគឺចិនជាប្រទេសនៃលំហូរវិនិយោគធំបំផុតសម្រាប់កម្ពុជា គិតមកដល់បច្ចុប្បន្នភាគីចិន បានបណ្តាក់ទុនវិនិយោគប្រមាណ ៨ពាន់លានដុល្លា ដែលពាក់ព័ន្ធនឹងវិស័យអគ្គិសនី ធនធានរ៉ែ វាយណភណ្ឌ ទូរគមនាគមន៍ និង កសិកម្មជាដើម។ ឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏ទទួលបាននូវភាពទាក់ទាញ ពីអ្នកវិនិយោគមកពី១៣០ប្រទេសលើពិភពលោក និងផ្តល់នូវទីផ្សារការងារជាង២ម៉ឺននាក់ សម្រាប់តំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ។ ឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសមានការកើនឡើងខ្ពស់ ក្នុងប្រទេសកម្ពុជា។
ថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកវេទិកា ស្តីពីការជំរុញនិងវិនិយោគកម្ពុជា-ចិន សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចពិតជាមានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួងពាណិជ្ជកម្មចិន ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន និងក្រសួងពាណិជ្ជកម្មកម្ពុជា ដែលបានសហការរៀបចំវេទិកាដ៏មានសារសំខាន់នេះឡើង បន្ទាប់ពីប្រទេសយើងទាំងពីរ ទើបតែប្រារព្វខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូត កាលពីពេលកន្លងទៅថ្មីៗនេះ។
សុន្ទរកថាគន្លឹះរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ដែរថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចសូមចូលរួមអបអរសាទរចំពោះរដ្ឋាភិបាលចិន ក្នុងឱកាសខួបលើកទី៤០ នៃកំណែទំរង់ និងការបើកទូលាយ របស់សាធារណរដ្ឋប្រជាមានិតចិន ដែលបានធ្វើឲ្យប្រទេសចិន សម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ និងក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ ក្នុងសកលលោក។ ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តី បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការដាក់ចេញ និងអនុវត្តនូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់លោក ស៊ី ជីនពីង សំដៅបង្កើនភាពតភ្ជាប់ និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាដៃគូ។
សុន្ទរកថាគន្លឹះរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការគូសបញ្ជាក់ដែរថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរ មានការរីកចម្រើនគួរជាទីមោទនៈ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ចនិងសង្គម ដែលត្រូវបានឆ្លុះបញ្ចាំង តាមរយៈដំណើរទស្សនកិច្ចទៅវិញទៅមកកាន់តែញឹកញាប់របស់ថ្នាក់ ដឹកនាំនៃប្រទេសទាំងពីរ កំណើនពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកំណើននៃការប្រាស្រ័យ ទាក់ទងរវាងប្រជាជន និងប្រជាជន។
នៅក្នុងសុន្ទរកថាគន្លឹះនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងដែរថា កាលពីឆ្នាំ២០១៧កន្លងទៅ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ សម្រេចបាន ប្រមាណ ៦ប៊ីលានដុល្លា ហើយផ្តើមចេញពីលទ្ធផលផ្លែផ្កាដែលបានអនុវត្តក្នុងឆ្នាំ២០១៧ ប្រទេសទាំងពីរបានដាក់ចេញនូវគោលដៅថ្មីទៀត ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឈានដល់១០ប៊ីលានដុល្លាអាមេរិក នៅឆ្នាំ២០២៣។ បន្ថែមពីនេះកម្ពុជាបានបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន លើវិស័យនានា ទាក់ទងនិងវិស័យពាណិជ្ជកម្ម ដូចជាបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅក្នុងទីក្រុងមួយចំនួននៃប្រទេសចិន ការចុះហត្ថលេខាលើលិខិតប្តូរ សារដែលបានផ្តល់ឲ្យកម្ពុជានូវប្រព្រឹត្តកម្មមិនជាប់ពន្ធគយគ្រប់ដណ្តប់លើ ៩៧% នៃបន្ទាត់ពន្ធគយសរុប និងការចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នាមួយចំនួន ក្នុងវិស័យពាណិជ្ជកម្ម។ ទំហំវិនិយោគបានស្ទុះឡើងរហូតដល់ប្រមាណ ៦,៨ប៊ីលានដុល្លា កើនប្រមាណ៧% បៀបនិងឆ្នាំ២០១៧ ក្នុងនោះប្រទេសចិនបន្តស្ថិតនៅជាប្រទេសនាំមុខ ដែលបានបណ្តាក់ទុនវិនិយោគធំជាងគេបង្អស់នៅកម្ពុជាក្នុងឆ្នាំ២០១៨ ដែលមានទំហំទុនវិនិយោគសរុបប្រមាន ៣,៦ ប៊ី លានដុល្លា ស្មើនិង៥៣% នៃទំហំវិនិយោគសរុប ពោលគឺកើនឡើងប្រមាណ ៥៤% ធៀបនិងឆ្នាំ ២០១៧។
សុន្ទរកថារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ដែរថា បន្ទាប់ពីកម្ពុជាសម្រេចបាននូវសុខសន្តិភាពយ៉ាងពេញលេញ ព្រមទាំងការឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង នៅចុងឆ្នាំ១៩៩៨ តាមរយៈការដាក់ចេញ និងអនុវត្តន៍នូវនយោបាយឈ្នះ ឈ្នះ រយះពេលជាង២ទស្សវត្សរ៍កន្លងមកនេះ កម្ពុជាត្រូវបានគេទទួលស្គាល់ថា មានការផ្លាស់ប្តូរយ៉ាងប្រសើរ ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ចនិងសង្គម ជាមួយនិងអាត្រានៃកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំជាមធ្យម៧%។ កំណើនសេដ្ឋកិច្ចខ្ពស់នេះ បានធ្វើឲ្យកម្ពុជាសម្រេចបានឋានៈជាប្រទេស មានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ នឹងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបាន នូវឋានៈនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹមឆ្នាំ២០៣០ នឹងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវគោលដៅខាងលើ និងស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលជារបៀបវារះគោលនយោបាយ សង្គម សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងកំពុងអនុវត្តន៍ គោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលជាយុទ្ធសាស្រ្តកំណើនសេដ្ឋកិច្ចថ្មី សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពល កម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥ ដែលគោលនយោបាយនេះមានភាពស៊ី សង្វាក់គ្នា ជាមួយនិងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ។
នៅក្នុងសុន្ទរកថាគន្លឹះរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការសង្កត់ធ្ងន់ថា ក្នុងស្មារតីនៃការធ្វើកំណែទំរង់ស៊ីជម្រៅផ្ទៃក្នុង ដើម្បីបង្កើនភាពប្រកួតប្រជែង និងធានាបាននូវឯករាជ្យភាពផ្នែកសេដ្ឋកិច្ច ក្នុងឋានះជាប្រទេសអធិបតេយ្យពេញលេញ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងអនុវត្តនូវអភិក្រមចំនួន៥ រួមមាន ឆ្លុះកញ្ចក់ ងួតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ក្រោមបាវចនាចំនួន២ គឺការកែទំរង់ខាងក្នុង និងការបង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ។
សម្តេចសង្កត់ធ្ងន់ថា សម្តេចបានសម្រេចធ្វើកំណែទំរង់ស៊ីជម្រៅលើប្រព័ន្ធសេដ្ឋកិច្ចផ្ទៃក្នុង តាមរយៈការដាក់ចេញ និងអនុវត្តន៍នូវវិធានការថ្មីមួយ គឺការរក្សាទុកតែភ្នាក់ងារគយប៉ុណ្ណោះ ក្នុងការត្រួតពិនិត្យទំនិញ នៅតាមច្រកទ្វារអន្តរជាតិ ច្រកទ្វារ ព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពុងផែសមុទ្រ តំបន់ សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយបណ្តោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ នាំចូលផ្សេងទៀត។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការសម្រេចបែបនេះគឺជាការអនុវត្តនូវអភិក្រមវះកាត់ ដែលជាការកែទំរង់ដ៏ធំសំម្បើមមួយរបស់កម្ពុជា ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងថ្លៃដើម ក្នុងការធ្វើ ពាណិជ្ជកម្ម សំដៅធ្វើឲ្យកាន់តែល្អប្រសើរ នូវបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការវិនិយោគ និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។
ជាមួយនិងវិធានការជាក់ស្តែងមួយចំនួន ក្នុងការធានាដល់ការវិនិយោគរបស់បរទេស ក្នុងប្រទេសកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍លើកឡើង ពីវិធានការមុតស្រួច និងជាក់ស្តែង ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងនោះទី១៖ ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ទី២៖ ការបើកចំហរសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើង រវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេសនោះទេ ទី៣៖ កម្លាំងពលកម្មដែលមានភាពសំបូរបែបនិងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ៧២% នៃចំនួនប្រជាជនសរុប គួបផ្សំនឹងប្រាក់ឈ្នូលដែលមានភាពប្រកួតប្រេជែង ទី៤កម្ពុជាស្ថិតនៅលើទីតាំងយុទ្ធសាស្រ្តក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា រោងចក្រនៃអាស៊ី។ ទំនិញផលិតនៅកម្ពុជាអាចផ្គត់ផ្គងទីផ្សារក្នុងស្រុក ទីផ្សារអនុតំបន់មេគង្គ ទីផ្សារអាស៊ាន និងទីផ្សារដទៃទៀត ក្នុងពិភពលោក និងទី៥ កម្ពុជា ចិន មានកិច្ចព្រមព្រៀងជា មួយគ្នាជាច្រើន ដែលជួយជំរុញនិងផ្តល់អត្ថប្រយោជន៍យ៉ាងសំបូរបែប ជូនដល់ធុរជន និងអ្នកវិនិយោគិនចិន ទាំងការលើកទឹកចិត្ត និងការធានាការវិនិយោគ៕