FN ៖ ក្រុមហ៊ុនដ៏ធំមួយរបស់ចិន បានបង្ហាញបំណងតភ្ជាប់ខ្សែកាបអុបទិចក្រុមបាតសមុទ្រពីទីក្រុងហុងកុង ប្រទេសចិន មកកាន់ប្រទេសកម្ពុជា ដើម្បីផ្តល់សេវាអ៉ីនធើណេតឲ្យមានល្បឿនកាន់តែលឿនថែមទៀត។
ការបង្ហាញពីគម្រោងសាងសង់ខ្សែកាបអុបទិចដោយបង្កប់ក្រោមបាតសមុទ្រពីហុងកុងមកកាន់ប្រទេសកម្ពុជានេះ បានធ្វើឡើងក្នុងពេលដែលថ្នាក់ដឹកនាំក្រុមហ៊ុនវិស្វកម្ម និងដែកថែមចិន ដឹកនាំដោយលោក ស៊ូ ស៊ីវេ (Xu Siwei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ នៅទីក្រុងប៉េកាំង ប្រទេសចិន ទីដែលសម្តេចតេជោកំពុងបំពេញដំណើរទស្សនកិច្ច។
ក្នុងជំនួបជាមួយក្រុមហ៊ុនវិស្វកម្ម និងដែកថែម លោក ស៊ូ ស៊ីវេ បានបង្ហាញគម្រោងសាងសង់ខ្សែកាបអុបទិកក្រោមបាតសមុទ្រពីហុងកុង មកប្រទេសកម្ពុជា ដើម្បីប្រព័ន្ធអ៉ីនធើណែតរបស់កម្ពុជា កាន់តែមានល្បឿនលឿនជាងមុន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពទៅនឹងការស្នើសុំនោះ ដោយសារតែកម្ពុជា ទើបតែមានប្រព័ន្ធខ្សែកាបអុបទិកក្រោមបាតសមុទ្រតែមួយខ្សែតែប៉ុណ្ណោះ។
ក្នុងឱកាសនោះប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ក៏បានគោរពរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ពាក់ព័ន្ធគម្រោងដែលក្រុមហ៊ុនកំពុងអនុវត្តក្នុងប្រទេសកម្ពុជា។ ពិសេសទាក់ទិនទៅនឹងការផលិតវារីអគ្គិសនីដើរដោយធ្យូងថ្ម រួមទាំងការចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនលោកពាក់ព័ន្ធគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ដោយឈរលើនយោបាយបើកចំហររបស់សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលស្វាគមន៍អ្នកវិនិយោគបរទេសទាំងអស់ ក្នុងការមកបណ្តាក់ទុនកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា៕