FN ៖ ផ្លូវក្រវាត់ក្រុងទី៣ប្រវែងជិត៥៣គីឡូម៉ែត្រឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលគ្រោងថវិកាសាងសង់ជិត ៣០០លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ។ ពិធីបើកការដ្ឋានផ្លូវដ៏មានសារៈសំខាន់សម្រាប់ការដឹកជញ្ជូន និងធ្វើដំណើររបស់ប្រជាពលរដ្ឋខ្មែរនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ជាកិច្ចចាប់ផ្តើមក្នុងសុន្ទរកថាបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ បានថ្លែងអំណរគុណប្រជាបលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ព្រោះតែការគាំទ្ររបស់ប្រជាពលរដ្ឋនោះហើយ ទើបធ្វើឲ្យមានការបើកការដ្ឋានស្ថាបនាផ្លូវក្រវាត់ក្រុងទី៣នៅថ្ងៃនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលហេតុដែលនាំឲ្យមានការសាងសង់ផ្លូវក្រវាត់ក្រុងទី៣នាពេលនេះ ដើម្បីឆ្លើយតបកំណើនប្រជាពលរដ្ឋ និងយានយន្ត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីអតីតកាលកម្ពុជាមានអតុល្យភាពរវាងមនុស្ស និងមធ្យោបាយធ្វើដំណើរ តែបច្ចុប្បន្នមានអតុល្យភាពរវាងមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាមួយនឹងផ្លូវ។ ពោលមធ្យោបាយធ្វើដំណើរកើនឡើងច្រើន តែផ្លូវនៅតូចចង្អៀត ដែលធ្វើឲ្យរាជរដ្ឋាភិបាលប្រឹងប្រែងសាងសង់ផ្លូវ និងពង្រីកបន្ថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខសន្តិភាពដែលរកមកបានដោយលំបាក គឺជាមូលដ្ឋានដ៏សំខាន់បំផុតសម្រាប់ការរីកលូតលាស់របស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិនមានពាក្យមួយ «ចង់មានឲ្យផ្លូវ» រីឯកម្ពុជា «មានផ្លូវមានសង្ឃឹម» ព្រោះតែបែបនេះហើយទើបកម្ពុជាប្រឹងប្រែងរកថវិកាសម្រាប់សាងសង់ផ្លូវ។
* សម្តេចតេជោ បានថ្លែងថា ផ្លូវក្រវាត់ក្រុងទី៣មានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជា។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលចិន ដែលបានគាំទ្រថវិកាសម្រាប់សាងសង់ផ្លូវក្រវាត់ក្រុងទី៣ តម្លៃរហូតជិត ៣០០លានដុល្លារ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា បើទោះបីការសាងសង់ផ្លូវ ស្ពាន ត្រូវខ្ចីលុយពីបរទេសក្តី តែក៏ត្រូវសន្សំសំចៃថវិកាសម្រាប់អនុវត្តន៍គម្រោងផងដែរ។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានសុំការយោគយល់ពីប្រជាពលរដ្ឋដែលរងការរំខានពីការសាងសង់ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវ ស្ពាន សាលារៀន គឺជាការផ្តល់អត្ថប្រយោជន៍សមធម៌បំផុតហើយសម្រាប់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងសិក្សាក្នុងការសាងសង់ផ្លូវ និងស្ពាន សម្រាប់តភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ។
* សម្តេចតេជោ បានថ្លែងថា បច្ចុប្បន្នកម្ពុជា ក៏កំពុងតែគិតក្នុងសាងសង់ផ្លូវតភ្ជាប់ពីកោះកុង ទៅថ្មដាព្រំដែន និងភ្ជាប់សំឡូត និងប៉ៃលិន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយចំពោះការលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ភាពរីកលូតលាស់របស់កម្ពុជា គឺមានការរួមចំណែកជាច្រើនរបស់រដ្ឋាភិបាលចិន។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅថ្ងៃទី២០ ខែមករា ខាងមុខនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយកិច្ចការពាក់ព័ន្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាច្រើននឹងត្រូវពិភាក្សានៅក្នុងជំនួបសម្តេចជាមួយប្រធានាធិបតី និងនាយករដ្ឋមន្ត្រីចិន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទន្ទឹមនឹងការនាំចេញទៅខាងក្រៅ ត្រូវប្រឹងប្រែងទាក់ទាញអ្នកទេសចរមកកម្ពុជា ដើម្បីប្រើប្រាស់នូវកសិផល និងផលិតនៅក្នុងប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២៥ ត្រូវទាក់ទាញអ្នកទេសចរចិនឲ្យបាន៥លាននាក់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រធានបទទាក់ទាញអ្នកទេសចរចិន ក៏ជាប្រធានបទក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសចិនផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យទេសចរជាការរួមចំណែកមួយដល់សេដ្ឋកិច្ចជាតិ ហើយកម្ពុជាធ្វើសេដ្ឋកិច្ចដោយពឹងផ្អែកតែលើវិស័យណាមួយនោះទេ ហើយពេលគេបិទច្រមុះត្រូវស្លាប់នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះ គឺជាខួប ៣៤ឆ្នាំនៃការកាន់តំណែងរបស់សម្តេចក្នុងការធ្វើជានាយករដ្ឋមន្ត្រីនៃកម្ពុជា (១៩៨៥-២០១៩)
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ១៩៨៤ ទេវតាបានសាកល្បងសមត្ថភាពរបស់សម្តេច នៅពេលសម្តេចកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី ដោយប្រទេសកម្ពុជាមួយផ្នែករាំងស្ងួតនៅដីគោក និងមួយផ្នែកទឹកជំនន់នៅតាមដងទន្លេមេគង្គ។ សម្តេចតេជោ បានបញ្ជាក់ថា ការថ្លែងសារជាលើកដំបូងរបស់សម្តេចនៅក្នុងរដ្ឋសភានាពេលនោះថា មិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសារគ្មានបាយបរិភោគនោះឡើយ។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចបានដឹកនាំសេដ្ឋកិច្ចនេះលំបាកលំបិនខ្លាំងណាស់ មិនបាច់នរណាមកបង្រៀនសម្តេចនោះដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ល្បែងគំរាមដាក់ទណ្ឌកម្មអ៊ីចេះទណ្ឌកម្មអ៊ីចុះល្មមបញ្ចប់ហើយ ហើយសម្តេចក៏ធ្លាប់ដឹកនាំប្រទេសដោយគេហ៊ុព័ទ្ធសេដ្ឋកិច្ចផងដែរ។
* សម្តេចតេជោ បានថ្លែងថា កម្ពុជាមិនចង់ធ្វើសត្រូវជាមួយប្រទេសណាមួយនោះទេ គឺចង់ធ្វើមិត្តភក្តិជាមួយប្រទេសទាំងអស់នៅលើពិភពលោក តែមិនត្រូវយកប្រជាពលរដ្ឋកម្ពុជា ១៦លាននាក់ទៅធ្វើជាចំណាប់ខ្មាំងនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងផ្ទះក្រុមសកម្មជនបក្សប្រឆាំងរិះគន់រាជរដ្ឋាភិបាលរឿងគ្រប់គ្រងព្រៃឈើមិនបាន តែផ្ទះរបស់ពួកគេធ្វើឡើងសុទ្ធតែឈើប្រណិត។
* សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវឲ្យរួមគ្នាបោះឆ្នោតគាំទ្រអ្នកស្រី កែ ឡេង ដើម្បីឈ្នះពាន់រង្វាន់កម្រិតពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ត្រូវតែរួមគ្នាធ្វើកំណែទម្រង់ ដើម្បីគាំទ្រដល់ការរីកលូតលាស់សេដ្ឋកិច្ច។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើមានការដាក់ទណ្ឌកម្មមកលើកម្ពុជា កម្ពុជានឹងអនុវត្តន៍ច្បាប់តឹងរឹងជាមួយក្រុមប្រឆាំង ហើយប្រទេសដែលដាក់ទណ្ឌកម្ម គ្មានសិទ្ធិអ្វីមកនិយាយលើការអនុវត្តន៍ច្បាប់កម្ពុជាទៀតដែរ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រាប់អឺរ៉ុបជាថ្មីម្តងទៀតកុំឲ្យបង្កើតកំហុសទី៣សម្រាប់កម្ពុជា ដោយការដាក់ទណ្ឌកម្ម។ កំហុសពីរលើកដែលពួកគេបានធ្វើ គឺការគាំទ្រទម្លាក់ចំពោះការធ្វើរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ និងការគាំទ្ររបបខ្មែរក្រហមនៅអង្គការសហប្រជាជាតិ ដោយមិនខ្វល់ពីទុក្ខវេទនារបស់ពលរដ្ឋខ្មែរ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រការវិភាគរបស់លោក សុខ សុគន្ធ ហៅ ជេម សុខ នៅលើបណ្តាញសង្គម Facebook។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ការវិភាគរបស់លោកមានហេតុផលមានផលអាចទទួលយកបាន ខុសពីអ្នកវិភាគដូរបាយមួយចំនួន។
* សម្តេចតេជោ ប្រកាសព្រមានចាត់វិធានការចំពោះក្រុមបក្សប្រឆាំង បើអឺរ៉ុបដាក់ទណ្ឌកម្មមកលើកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បើទណ្ឌកម្មធ្លាក់មក ក្រុមបក្សប្រឆាំងដែលទៅអំពាវនាវឲ្យអឺរ៉ុបដាក់ទណ្ឌកម្មនោះ ត្រៀមរត់ឲ្យហើយទៅ។
* សម្តេចតេជោ បានថ្លែងថា បើចង់ឲ្យក្រុមប្រឆាំងស្លាប់ដាក់ទណ្ឌកម្មលើកម្ពុជាទៅ តែបើចង់ឲ្យបក្សប្រឆាំងរស់ សូមមកនិយាយគ្នាដោយស្មើភាពស្មើសិទ្ធិ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រទេសនៅអឺរ៉ុប កុំយករឿងរបស់កម្ពុជាធ្វើជាប្រធានបទសម្រាប់ការឃោសនា ដើម្បីជាប់ជាសមាជិកសភាអឺរ៉ុបបន្តទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសេដ្ឋកិច្ចកម្ពុជាដឹកនាំតាមរបៀបខ្ជិលច្រអូសរាជរដ្ឋាភិបាលមិនសល់ថវិកាសម្រាប់បើកប្រាក់ខែជូនមន្ត្រីនោះឡើយ។
* សម្តេចតេជោនាយករដ្ឋមន្ត្រី អំពាវនាវដល់មន្ត្រីរាជការឲ្យខិតខំទ្វេដងក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋមានសេចក្តីសុខឆ្លើយតបនឹងជំនឿចិត្តរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យរួមគ្នាពង្រឹងឯករាជ្យរបស់កម្ពុជាទ្វេដងបន្ថែមទៀត មិនត្រូវចុះញមចំពោះការគំរាមរបស់ប្រទេសណាមួយនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដល់សម័យនេះហើយកុំលេងល្បែងយកជំនួយមកគំរាមជិះជាន់អធិបតេយ្យភាព និងឯករាជ្យរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលកុំយកអាយុជីវិតទៅប្រថុយនៅលើដងផ្លូវ ត្រូវប្រឹងប្រែងបញ្ចៀសគ្រោះថ្នាក់ចរាចរ ដោយគោរពជីវិតខ្លួនឯង និងជីវិតអ្នកដទៃ។