FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ បានផ្តល់កិត្តិយសដ៏ខ្ពងខ្ពស់ជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកព័ត៌មានទូទាំងប្រទេសជិត ៥ពាន់នាក់។ ក្នុងជំនួបប្រចាំឆ្នាំជាលើកទី៣នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវដំបូរន្មានជាច្រើន ដើម្បីជាប្រទីបក្នុងការលើកកម្ពស់វិស័យព័ត៌មាននៅកម្ពុជាឲ្យកាន់តែប្រសើរ។ ខាងក្រោមនេះ គឺជាប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងពិធីជួបជុំនេះ៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយដែលបានជួបជាមួយអ្នកព័ត៌មានជាថ្មីម្តងទៀត។
* សម្តេចនាយករដ្ឋមន្ត្រី បានសង្ឃឹមថា ចំនួនអ្នកព័ត៌មានចូលរួមក្នុងជំនួបនឹងមានការកើនឡើងនៅជំនួបក្រោយៗទៀត ហើយសម្តេចនៅតែស្វាគមន៍ជំនួបនេះជានិច្ច។
* សម្តេចតេជោ បានថ្លែងថា សម្តេចកំពុងក្លាយជាតួអង្គមួយដែលត្រូវមានជំនួបជាច្រើនប្រចាំឆ្នាំមិនត្រឹមតែអ្នកព័ត៌មានទេ នៅមានជំនួបជាមួយអ្នកសិល្បៈ ជាមួយសមាគមចិន ជាមួយគ្រឹស្តបរិស័ទ និងជាមួយបងប្អូនខ្មែរ-ឥស្លាមជាដើម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានបញ្ហាជាច្រើនដែលត្រូវរួមគ្នាដោះស្រាយ មិនមែនជាកាតព្វកិច្ចរបស់អ្នកព័ត៌មាន ឬស្ថាប័នណាមួយនោះឡើយ។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានពិចារណាក្នុងការកែប្រែប្រព័ន្ធផ្សាយពីអាណឺឡក់ (Analog) ទៅជាឌីជីថល (Digital)។ សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យក្រសួងព័ត៌មាន និងក្រសួងប្រៃសនីយ៍រួមគ្នាគិតគូរលើបញ្ហានេះ។
* សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យមានការសិក្សាទិដ្ឋភាពច្បាប់ ដើម្បីឈានទៅរកការគ្រប់គ្រងលើឧក្រិដ្ឋកម្មព័ត៌មានបច្ចេកវិទ្យា និងព័ត៌មានក្លែងក្លាយ។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា បណ្តាប្រទេសនៅតំបន់អឺរ៉ុបសុទ្ធតែមានក្តីបារម្ពពីឧក្រិដ្ឋកម្មព័ត៌មានបច្ចេកវិទ្យា និងព័ត៌មានក្លែងក្លាយ ហើយប្រទេសទាំងនោះក៏មានច្បាប់គ្រប់គ្រងទៅលើបញ្ហាទាំងពីរនេះផងដែរ។
* សម្តេចតេជោ បានស្នើឲ្យស្ថាប័នព័ត៌មានទាំងអស់ ដើរតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងនូវស្ថានភាពពិតនៅក្នុងសង្គម។
* សម្តេចប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា សម្តេចចង់ឲ្យអ្នកព័ត៌មានធ្វើជាស្ពានចម្លងពីរដ្ឋ ទៅប្រជាជន ពីប្រជាជន ទៅរដ្ឋទាំងបញ្ហានយោបាយ និងបញ្ហាផ្សេងៗទៀត។
* សម្តេចតេជោ ហ៊ុន សែន គាំទ្រចំពោះទស្សនៈដែលលើកឡើងពីឥរិយាបថរបស់ប្រជាពលរដ្ឋ ដែលមិនចូលចិត្តទទួលព័ត៌មានមានប្រយោជន៍។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយបានប្រឹងប្រែងក្នុងការផ្សព្វផ្សាយ តែប្រជាពលរដ្ឋមួយចំនួនមិនទទួលយក។ សម្តេចតេជោថា រវាងព័ត៌មាន និងបទចម្រៀង ពលរដ្ឋចូលចិត្តចម្រៀងជាង រវាងព័ត៌មាន និងបាល់ទាត់ ពលរដ្ឋចូលចិត្តបាល់ទាត់ជាង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងរ៉ាវខ្លះដែលកើតឡើងតាមមូលដ្ឋានមិនបានដឹងដល់ថ្នាក់ដឹកនាំនោះទេ។ ក្នុងន័យនេះសម្តេចតេជោ ស្នើឲ្យព័ត៌មានធ្វើជាស្ពានចម្លង តែចៀសវាងព័ត៌មានពាក់ព័ន្ធសន្តិសុខជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ឲ្យអ្នកព័ត៌មានចូលរួមរិះគន់ ដើម្បីស្ថាបនាទាំងកម្រិតបញ្ហានយោបាយ ទាំងស្ថាប័ន និងបុគ្គល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ សម្តេចកាន់តែតំណែងជានាយករដ្ឋមន្ត្រី ៣៤ឆ្នាំហើយ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា បើទោះបីជាគ្មានការអនុគ្រោះពន្ធទំនិញពីអឺរ៉ុប ក៏កម្ពុជាមិនស្លាប់នោះដែរ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចទើបនឹងសម្រេចឲ្យគ្រប់ច្រកព្រំដែនទាំងអស់ ទុកឲ្យមានស្ថាប័នអន្តោប្រវេសន៍ និងគយតែប៉ុណ្ណោះ ស្ថាប័នផ្សេងៗនឹងត្រូវជម្រុះចោល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចង់ឲ្យអ្នកព័ត៌មានចូលរួមវិិភាគទានក្នុងការវិភាគលើកម្រិតយុទ្ធសាស្ត្រទាំងក្នុងប្រទេស តំបន់ និងអន្តរជាតិ។ សម្តេចតេជោ ក៏ចង់ឲ្យតាមសាកលវិទ្យាល័យនៅកម្ពុជាចូលរួមក្នុងបញ្ហានេះផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនយល់ស្របចំពោះគំនិតចង់មានស្តង់ដារអន្តរជាតិលើផ្នែកព័ត៌មាននោះឡើយ។ សម្តេចថា មានតែវិស័យកីឡាប៉ុណ្ណោះ ទើបមានស្តង់ដារអន្តរជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចង់ឲ្យមានអ្នកវិភាគស្រាវជ្រាវលើបញ្ហាព័ត៌មាន ដូចជាមូលហេតុនៅពីក្រោយនៃការដកទ័ពរបស់អាមេរិកពីស៊ីរី និងបញ្ហាកើតមានក្រោយទ័ពអាមេរិកដកចេញ។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល នៅតែចង់ឲ្យអ្នកព័ត៌មាន អ្នកស្រាវជ្រាវកម្ពុជា សិក្សាលើបញ្ហាអន្តរជាតិ និងបណ្តាប្រទេសនានា ដូចជាបញ្ហាជាប់គាំងនៃរដ្ឋាភិបាលអាមេរិកជាដើម។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងអំពាវនាវដល់អ្នកលេង Facebook ទាំងអស់ឲ្យឈប់ជេរប្រមាថគ្នាយ៉ាងអសុរោះលើ Facebook។
* សម្តេចនាយករដ្ឋមន្ត្រី បន្តអំពាវនាវដល់អ្នកព័ត៌មានឲ្យផ្សាយត្រឹមហេតុការណ៍ កុំព្យាយាមធ្វើជាចៅក្រមកាត់សេចក្តី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកព័ត៌មានមិនមែនជានគរបាលយុត្តិធម៌ ទៅដាក់ប៉ារ៉ាស់ចាប់រថយន្តនោះឡើយ។
* សម្តេចនាយករដ្ឋមន្ត្រី សូមឲ្យអ្នកព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធជាមួយព័ត៌មានក្លែងក្លាយ ព្រោះនៅកម្ពុជាព័ត៌មានក្លែងក្លាយកំពុងកើតមានច្រើន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ គឺត្រូវរួមគ្នាផ្សព្វផ្សាយព័ត៌មានពិតចេញមក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងមិនគាំទ្រចំពោះគំនិតបង្កើតទូរទស្សន៍ថ្មីនោះឡើយ។ សម្តេចតេជោ បានថ្លែងថា ទូរទស្សន៍ដែលកំពុងមានប្រើមិនទាន់ទស់សក្តានុពលនៅឡើយទេ។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងគាំទ្រចំពោះគំនិតបង្កើតព័ត៌មានជាភាសាអង់គ្លេស ដើម្បីរុញព័ត៌មានពីកម្ពុជាទៅកាន់ពិភពលោក។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ប្រកាសឲ្យអ្នកព័ត៌មានបើយកយុទ្ធនាការប្រកួតប្រជែងផ្សព្វផ្សាយឲ្យបានលឿន និងពិត ហើយមានច្រើនភាសា។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយ សមាគមអ្នកព័ត៌មាន និងក្រសួងព័ត៌មានខិតខំបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពរបស់អ្នកព័ត៌មាន។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ម្ចាស់ស្ថាប័នព័ត៌មានមិនគួរកំណាញ់ក្នុងការបញ្ចេញប្រាក់ឲ្យអ្នកព័ត៌មានទៅទទួលការសិក្សារៀនសូត្រនោះទេ។
* សម្តេចនាយករដ្ឋមន្ត្រីប្រកាសថា នឹងនៅតែបន្តជួបជាមួយអ្នកព័ត៌មាននៅឆ្នាំបន្តបន្ទាប់ទៀត រហូតដល់ឈប់ធ្វើនាយករដ្ឋមន្ត្រី។